សិស្សជាង៤,០០០នាក់នៅសិង្ហបុរីបន្តទៅសាលារៀន ទោះបីប្រទេសកំពុងប្រយុទ្ធនឹងជំងឺCOVID-19

វិទ្យុជាតិកម្ពុជា៖ លោក ភួង ឈុនលាង


ក្រសួងអប់រំសិង្ហបុរីបានប្រកាសថា សិស្សានុសិស្សជាង ៤,០០០នាក់ ប្រហែល ១ ភាគរយប៉ុណ្ណោះនៃសិស្សនៅតាមសាលាបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ ត្រូវបានអនុញ្ញាតឲ្យទៅសាលារៀនបានជាធម្មតា ខណៈឪពុកម្តាយរបស់ពួកគេជាអ្នកបំរើការងារក្នុងសេវាកម្មសំខាន់ៗ គ្មានពេលគ្រប់គ្រាន់ក្នុងការគ្រប់គ្រងការសិក្សារបស់កូន និងសិស្សមួយចំនួនដែលត្រូវការជំនួយបន្ថែម ដូចជាការចូលប្រើឧបករណ៍ឌីជីថល ឬការចូលរួមផ្ទាល់មាត់ជាដើម។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅថ្ងៃ ទី ២០ ខែ មេសា ឆ្នាំ ២០២០។
លោកស្រី Liew Wei Li នាយិការគ្រប់គ្រងសាលារបស់ក្រសួងអប់រំសិង្ហបុរីបានឲ្យដឹងទៀតថា នេះគ្រាន់តែជាវិធានការមួយដើម្បីជួយដល់សិស្សមួយចំនួនតូចដែលត្រូវការជំនួយបន្ថែមក្នុងអំឡុងពេលសិក្សានៅផ្ទះ ខណៈសាលាមានកម្រិតបុគ្គលិកតិចតួចបំផុតដើម្បីគាំទ្រសិស្សនៅតាមសាលានិងដើម្បីទ្រទ្រង់ប្រតិបត្តិការសាលា។
សូមបញ្ជាក់ថា រដ្ឋាភិបាលសិង្ហបុរីបានធ្វើការប្រកាសថា គ្រឹស្ថានសិក្សាទាំងអស់ នឹងត្រូវផ្អាករយៈពេលប្រហែលមួយខែ ដល់ថ្ងៃទី ៤ ខែឧសភាដែលជាផ្នែកមួយនៃការរឹតបន្តឹងវិធានការគម្លាតឆ្ងាយពីសង្គមដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃ COVID-១៩ ៕
ប្រភព៖សារព័ត៌មាន Channel News Asia