រដ្ឋមន្រ្ដីក្រសួងសុខាភិបាលអះអាងថា អ្នកព្យាបាលជាសះស្បើយចំនួន១០៧នាក់ ស្មើនឹង​៨៧.៧០ភាគរយ បើប្រៀបធៀបអ្នក​មានជំងឺកូវីដ-១៩ ទាំងអស់១២២នាក់

AKP ភ្នំពេញ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ — រដ្ឋមន្រ្ដីក្រសួងសុខាភិបាលបានអះអាងថា គិតត្រឹមថ្ងៃទី២០ខែមេសានេះគ្មានអ្នកឆ្លងជំងឺកូវីដ-១៩នោះទេ  ក្នុងនោះ អ្នកព្យាបាលជាសះស្បើយ១០៧នាក់ ដែលស្មើនឹង៨៧.៧០ភាគរយ អ្នក​ដែល​​កំពុង​ព្យាបាល១៥នាក់ ក្នុងចំណោមអ្នកដែលឆ្លងបានសម្រាកព្យាបាល នៅទូទាំង​ប្រទេស​១២២នាក់។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃ២០ ខែមេសា ឆ្នាំ២០២០ នៅទីស្តីការក្រសួង​សុខាភិបាល ឯកឧត្ដម ម៉ម ប៊ុនហេង រដ្ឋមន្រ្ដីក្រសួងសុខាភិបាលបានលើកឡើងថា​  គិតត្រឹម​ព្រឹកថ្ងៃទី២០​ខែមេសា ឆ្នាំ២០២០នេះ គ្មានឆ្លងជំងឺកូវីដ-១៩នោះទេ ហើយបានព្យាបាល​សះស្បើយ​​ចំនួន​០២នាក់បន្ថែមទៀត។ ឯកឧត្ដមរដ្ឋមន្រ្ដីបានបញ្ជាក់​ថា “អ្នកព្យាបាលជាសះ​ស្បើយ​ចំនួន​១០៧​នាក់ ស្មើនឹង ៨៧.៧០ភាគរយប្រៀបធៀបអ្នកមានជំងឺកូវីដ-១៩ សរុបទាំង​អស់ ដែល​មាន​ស្រី៣០នាក់ បុរស៧៧ នាក់ មានបុរសជនជាតិចិន០១នាក់ ស្ត្រីអង់គ្លេស០៣​នាក់ បុរសជន​ជាតិអង់គ្លេស០២នាក់ បុរស់ជនជាតិអាម៉េរិក០១នាក់ ស្ត្រីជនជាតិអាម៉េរិក​០១នាក់  បុរស​ជនជាតិប៊ែលហ្ស៊ិក០១នាក់ បុរសជនជាតិបារាំង១៨នាក់(ក្នុងនោះមាន​ទារក​៤ខែ) ស្ត្រីជន​ជាតិបារាំង២០នាក់ បុរសជនជាតិកាណាដា០១នាក់ បុរសជនជាតិម៉ាឡេស៊ី​១២នាក់ បុរស​ជន​ជាតិឥណ្ឌូណេស៊ី០២នាក់ ស្ត្រីជនជាតិវៀតណាម០១នាក់ បុរសជនជាតិ​ខ្មែរ​៣៩​នាក់ និងស្ត្រីជនជាតិខ្មែរ០៥នាក់”។ ឯកឧត្ដមបានបន្ដថា សរុបអ្នកដែលបានសម្រាក​ព្យា​បាល​ចំនួន១៥នាក់ ស្ត្រី០៨នាក់ និងបុរស០៧នាក់ នៅតាមមន្ទីពេទ្យថ្នាក់ជាតិ និងថ្នាក់​ខេត្ត ហើយអ្នក​ដែលរកឃើញទាំងអស់ រាប់ទាំងជាសះស្បើយនៃអ្នកកំពុងព្យាបាល​នៅ​ទូទាំងប្រទេស​សរុប​ចំនួន១២២នាក់ ស្ត្រី៣៨នាក់ បុរស៨៤នាក់។

ឯកឧត្ដមរដ្ឋមន្ត្រីបានបន្ថែមថា សម្រាប់ការជាសះស្បើយនៅថ្ងៃទី២០​ខែមេសានេះ​គឺជនជាតិខ្មែរអាយុ៤៨ឆ្នាំ រស់នៅខេត្តបាត់ដំបង ដែលជាអ្នកដែលបានវិលត្រឡប់​ពីពិធី​សាសនានៅប្រទេសម៉ាឡេស៊ី  និងបុរសជនជាតិបារាំងអាយុ៦៥ឆ្នាំ មកលេងខេត្តព្រះ​​សីហនុ ដោយបានអនុញ្ញាតឱ្យចេញពីបន្ទាប់ព្យាបាល និងទៅរស់នៅបន្ទប់ក្នុងសណ្ឋាគារ មួយដើម្បី​រង់ចាំជើងហោះហើរត្រឡប់ទៅស្រុកកំណើតវិញ។ ជាមួយគ្នានោះដែរ ឯកឧត្ដមរដ្ឋមន្ត្រី​បាន​បន្ដទៀតថា ចំពោះការធ្វើវិភាគសំណាកសរុបចំនួន៩,៧៩២សំណាក​សម្រាប់ទូទាំងប្រទេស​ចាប់ពីខែមករា  ដល់ថ្ងៃទី១៩ខែមេសា ឆ្នាំ២០២០ ក្នុងចំណោមប្រជាជន១លាននាក់។

ឯកឧត្ដម ម៉ម ប៊ុនហេង បានវាយតម្លៃថា បើទោះបីស្ថានភាពជំងឺកូវីដ-១៩ ក្នុង​រយៈពេល១សប្តាហ៍នេះ ​មិនមានអ្នកឆ្លងជំងឺ និងមានអ្នកជំងឺបានព្យាបាលជាបន្តបន្ទាប់ក៏ពិត មែន ប៉ុន្តែសូមប្រជាពលរដ្ឋបង្កើនការយកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុតនូវវិធានការ សព្វគ្រប់​បែបយ៉ាងតាមបទបញ្ជារបស់រាជរដ្ឋាភិបាល និងការណែនាំរបស់ក្រសួងសុខាភិបាល។ ឯកឧត្ដមបានថ្លែងបញ្ជាក់ថា “មកទល់ពេលនេះ  គ្មានថ្នាំលេប ឬចាក់ព្យាបាលនៅឡើយទេ សូមបងប្អូនប្រជាពលរដ្ឋយកជាប់ជាមួយនូវម៉ាស់ ទឹកអាល់កុល ឬទឹកជែលសម្លាប់ មេរោគ​និងបាក់តេរី ហើយឧស្សាហ៍ដុសលាងសម្អាតដៃជាប្រចាំ។ សូមកុំឱ្យមានការសោក ស្តាយ​ធ្លាក់​មកលើយើង និងក្រុមគ្រួសារយើងឱ្យសោះ ដោយសារតែការធ្វេសប្រហែស និងមើល​ស្រាលជំងឺឆ្លងកូវីដ-១៩។ យើងចូលរួមទប់ស្កាត់ការឆ្លងរាលដាលមេរោគកូវីដ-១៩ ដោយ​ស្តាប់​ការណែនាំរបស់ក្រសួងសុខាភិបាល។”

ឯកឧត្ដមរដ្ឋមន្ត្រីបានបន្ថែមទៀតថា ដើម្បីទប់ស្កា់ការរាតត្បាតជំងឺកូវីដ-១៩​នៅក្នុង​ប្រទេសកម្ពុជា  ក្រសួងសុខាភិបាលនឹងបន្តអនុវត្តន៍​យ៉ាងខ្ជាប់ខ្ជូននូវការដាក់​នៅដាច់ដោយ​ឡែក ការធ្វើតេស្ត ការព្យាបាល និងការតាមរកអ្នកដែលប៉ះពាល់ ដោយហ្មត់ចត់ជាទីបំផុត  ដែលជាការណែនាំ របស់អង្កការសុខភាពពិភពលោក៕

ដោយ ប៊ុនរិទ្ធ