ក្រសួងសុខាភិបាល៖ ថវិកាជាង៤លានដុល្លារ ទើបតែចាយវាយលើការប្រយុទ្ធប្រឆាំង​ជំងឺកូវីដ-១៩

AKP ភ្នំពេញ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ — មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលបានអះអាងថា គិតមកត្រឹមថ្ងៃទី២០ខែមេសា ឆ្នាំ២០២០នេះ ក្រសួងបានទទួលថវិកាជាតិសរុបជាង៤លានដុល្លារអាម៉េរិក ដែលជាគោលការណ៍ដែល​បាន​ស្នើសុំចំនួន៦លានដុល្លារអាម៉េរិក។ នេះបើតាមការបញ្ជាក់របស់លោកជំទាវ យក់ សម្បត្តិ រដ្ឋ​លេខាធិការក្រសួងសុខាភិបាល នៅក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងសុខាភិបាល។

លោកជំទាវ យក់ សម្បត្តិ បានគូសបញ្ជាក់ថា បើគិតត្រឹមថ្ងៃ២០ ខែមេសា នេះ​យើង​បានទទួលថវិកាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចំនួន៤លានដុល្លារកន្លះ ហើយជាក់​ស្តែងយើង​ស្នើសុំពីរាជរដ្ឋាភិបាលបាន៦លានដុល្លារអាម៉េរិក ដោយថវិកានេះយើងប្រើប្រាស់​ដើម្បីទិញ​សម្ភារ បរិក្ខារផ្គត់ផ្តង់ដើម្បីជូនទៅមន្ទីពេទ្យខេត្តទាំង២៥ខេត្ត ក្រុង និងមន្ទីពេទ្យមិត្ដភាពខ្មែរ- សូវៀត និងមន្ទីពេទ្យចាក់អង្រែ។ លោកជំទាវបានលើកឡើងថា ចំពោះថវិការបស់​សប្បុរសជន​ដែលចូលតាមការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ​ ហ៊ុន សែន មកដល់ពេល​នេះមានសរុប១៣លានដុល្លារអាម៉េរិក ហើយប៉ាន់ស្មានបានចំណាយទៅវិញ៥លានដុល្លារ ដោយមិនបូកនឹងការផ្ទេរទៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ១លានដុល្លារ​សម្រាប់​ធ្វើ​ការផ្តត់ផ្គងក្នុងការធ្វើតេស្ត និងព្យាបាល កម្មករ ដែលត្រឡប់ពីបុណ្យចូលឆ្នាំ ចូល​មក​រាជធានីភ្នំពេញវិញ។ លោកជំទាវរដ្ឋលេខាធិការបន្តថា​សម្រាប់ថវិកា៥លានដុល្លារនេះក្រសួង​សុខាភិបាលបានចំណាយទិញម៉ាស់សម្រាប់ពាក់ទូទៅ ដោយបានទិញម៉ាស់១១លានម៉ាស់ តាមផែនការរបស់សម្តេចតេជោ ហ៊ុន សែន សម្រាប់ផ្ដល់មកក្រសួងសុខាភិបាល។ លោកជំទាវ​បានបន្ដទៀតថា ម៉ាស់ទាំងនេះបានទិញរួចហើយនៅឡើយតែដឹកជញ្ជូនក្នុងឃ្លាំង ២កន្លែង គឺនៅផ្លូវជាតិលេខ៣ មួយកន្លែង និងនៅផ្លូវជាតិលេខ៦អា។

លោកជំទាវបានបន្ថែមថា សម្រាប់ការទិញសម្ភារនេះគឺ​ប្រើប្រាស់ថវិកាប្រហែល​ជាង​៤លានដុល្លារអាម៉េ​រិក ហើយតាមគម្រោងសម្ភារទាំងនេះនឹងនាំចូលដាក់ទីតាំងស្តុកទុកនៅ ចុង​ខែមេសានេះ។ ជាមួយគ្នានេះដែរ ចំពោះកម្មករដែលគ្រោងនឹងធ្វើការវិញ​នឹងត្រូវ​ពិនិត្យ​កម្ដៅសុខភាព មុននឹងត្រឡប់ចូលធ្វើការវិញនោះជាង១ម៉ឺននាក់ ហើយក្រសួងការងារ និងសា លារាជធានីភ្នំពេញបានរៀបចំទីតាំង១០កន្លែង សម្រាប់ធ្វើការធ្វើការពិនិត្យ និងទុកឱ្យ ពួក​គាត់នៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ។ ទន្ទឹមនេះ គ្រូពេទ្យស្ម័គ្រសម្តេចតេជោចំនួន៤២២ នាក់បាន កំពុងធ្វើការសហការជាមួយក្រុមគ្រូពេទ្យនៅតាមបណ្តារោងចក្ររបស់​ក្រសួងការ​ងារផងដែរ ក្នុងការធ្វើការពិនិត្យ សុខភាពកម្មករ​មុននឹងអនុញ្ញាតឱ្យ​ចូលធ្វើការវិញ។

ឯកឧត្ដម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានអះអាងថា រហូតមក​ដល់​ពេលនេះ នៅទូទាំងពិភពលោកគេមិនទាន់រកឃើញពីប្រភពនៃការឆ្លងដោយសារ​ជំងឹកូវីដ-១៩ នោះទេ ក្នុងនោះទាំងប្រទេសមហាអំណាច ប្រទេសរីកចម្រើនក៏មានការរីករាលដាលជំងឺ​កូវីដ-១៩ នេះដែរ។ ដូច្នេះសម្រាប់កម្ពុជាយើងត្រូវតែធ្វើការសហការគ្នាក្នុងទប់ស្កាត់ជំងឺនេះ ពិសេសនោះធ្វើការទប់ស្កាត់កុំឱ្យមានការរីករាលដាលការចម្លងទៅក្នុងសហគមន៍ ហើយកុំឱ្យ​មានការចម្លងពីខាងក្រៅឱ្យសោះ។  ឯកឧត្ដមបានគូសបញ្ជាក់ថា “យើងមិនត្រូវលែងដៃ​នោះ​ទេ ទាំងអ្នកសិល្បករ អ្នកសារព័ត៌មាន ត្រូវបន្តធ្វើការទប់ស្កាត់ចំពោះការងារនេះ ក្នុងនោះ ទាំងប្រជាពលរដ្ឋ ទាហាន ប៉ូលីស…គេធ្វើការជាមួយគ្នា អីចឹងយើងត្រូវធ្វើការនេះ​បន្ត​ទៀត”៕

ដោយ ប៊ុនរិទ្ធ