ស្ថានភាពមេរោគកូរ៉ូណាវីរុសស្ថិតនៅក្រោមការគ្រប់គ្រង បានទាំងស្រុងនៅក្នុងប្រទេសរុស្ស៊ី

AKP ភ្នំពេញ ថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២០ — ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន បាននិយាយនៅក្នុងសុន្ទរកថាតាមទូរទស្សន៍ទៅកាន់ គ្រីស្តបរិស័ទ Orthodox ក្នុងឱកាសនៃពិធីបុណ្យ Easter ថា ស្ថានការណ៍ជាមួយនឹងមេរោគកូរ៉ូណាវីរុសនៅប្រទេសរុស្ស៊ីកំពុងស្ថិតក្រោម​ការគ្រប់គ្រងបានទាំងស្រុង ហើយអាជ្ញាធរគ្រប់លំដាប់ថ្នាក់កំពុងខិតខំប្រឹងប្រែងរួមគ្នាបន្ថែមទៀត។

លោក ពូទីន បានសង្កត់ធ្ងន់ថា «អាជ្ញាធរគ្រប់លំដាប់ថ្នាក់កំពុងធ្វើការយ៉ាងសកម្ម តាមរបៀបនៃការរៀបចំ និងមានទំនួលខុស​ត្រូវ។ ស្ថានភាពកំពុងស្ថិតនៅក្រោមការគ្រប់គ្រងបានទាំងស្រុង»។

លោកប្រធានាធិបតីបានគូសបញ្ជាក់ថា ប្រទេសរុស្ស៊ីមានធនធាន និងទុនបម្រុងទុកចាំបាច់ទាំងអស់ដើម្បីការពារប្រជាជន និង​គាំទ្រសេដ្ឋកិច្ច ចំពេលដែលមានការរីករាលដាលនៃវីរុសនេះ។ លោក ពូទីន បាននិយាយថា «ជាការពិត រាល់វិធានការការពារអាយុ​ជីវិត មនុស្ស និងសុខភាព ការទ្រទ្រង់សេដ្ឋកិច្ច ត្រូវការធនធាន និងទុនបម្រុងបន្ថែមទៀត។ យើងមានអស់ហើយ យើងកំពុងប្រើវាដោយយក​ចិត្តទុកដាក់ និងអាស្រ័យទៅលើស្ថានភាពជាក់លាក់ ហើយជាដំបូង គឺការជួយប្រជាជន និងក្រុមគ្រួសាររបស់ពួកគេដែលកំពុងប្រឈម​មុខនឹងស្ថានភាពលំបាកនាពេលឥឡូវនេះ»។

លោកបានសង្កត់ធ្ងន់ថា អាជ្ញាធររុស្ស៊ីកំពុងធ្វើការយ៉ាងសកម្មដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសនេះ។ លោក ពូទីន បានបញ្ជាក់ថា «យើងកំពុងធ្វើការវិភាគដោយយកចិត្តទុកដាក់នូវបទពិសោធន៍របស់ប្រទេសផ្សេងៗ យើងកំពុងសហការយ៉ាងជិតស្និទ្ធជាមួយមិត្តភក្តិ និងសហសេវិកបរទេសរបស់យើង ហើយយល់ពីអ្វីដែលកំពុងកើតឡើង យើងមើលឃើញពីហានិភ័យហើយយើងដឹងថា អ្វីដែលត្រូវធ្វើនៅ​ក្នុងការអភិវឌ្ឍស្ថានការណ៍ណាមួយ ហើយយើងធ្វើអ្វីដែលចាំបាច់»។

រហូតមកដល់ពេលនេះ មានករណីឆ្លងមេរោគកូរ៉ូណាវីរុសចំនួន ៣៦.៧៩៣ករណីត្រូវបានបញ្ជាក់នៅក្នុងប្រទេសរុស្ស៊ី ដោយក្នុង​នោះមានអ្នកជំងឺចំនួន ៣.០៥៧នាក់បានជាសះស្បើយ។ ទិន្នន័យចុងក្រោយរបស់រុស្ស៊ីបានបង្ហាញថា មានអ្នកស្លាប់ ៣១៣នាក់​នៅទូទាំងប្រទេស។ នៅមុននេះ រដ្ឋាភិបាលរុស្ស៊ីបានបង្កើតបណ្តាញទូរស័ព្ទតាមអ៊ិនធឺណេត ដើម្បីធ្វើឱ្យសាធារណជនអាចដឹងអំពី​បច្ចុប្បន្នភាពនៃស្ថានភាពជំងឺឆ្លងនេះ៕

(ប្រភព TASS បកប្រែដោយ លោក យា ចិន្តាខន្តី)