ជនជាតិបារាំងចំនួន០៤រូប ដែលត្រូវបានព្យាបាលជាសះស្បើយពីជំងឺកូវីដ១៩នៅកម្ពុជា ផ្ញើសារថ្លែងអំណរគុណពេទ្យកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០ — អ្នកទេសចរជនជាតិបារាំងចំនួន០៤រូប ដែលត្រូវបានព្យាបាលជាសះស្បើយពីជំងឺកូវីដ១៩ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត កាលពីពេលកន្លងទៅថ្មីៗនេះ បានផ្ញើសារសម្ដែងនូវការដឹងគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្រុមគ្រូពេទ្យ ក៏ដូចជាមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដែលអ្នកទេសចរទាំង០៤នាក់នោះ បានសម្រាក និងព្យាបាល នេះបើយោងទៅតាមទំព័រហ្វេសប៊ុកមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នារសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០នេះ។

ខ្លឹមសារដែលត្រូវបានបកប្រែពីភាសាបារាំង របស់អ្នកទេសចរជនជាតិបារាំងទាំង០៤នាក់នោះ មានន័យថា “អរុណសួស្តី លោកវេជ្ជបណ្ឌិត សួន យើងស្តាយណាស់ដែលមិនបាននិយាយពាក្យបន្តិចបន្តួចថាអរគុណពួកអ្នករហូតមកដល់ពេលនេះ ឥឡូវពួកយើងបានមកដល់អាកាសយានដ្ឋានទីក្រុងសេអ៊ូលហើយ ដោយសារពួកយើងទាំងបួននាក់មានពេលវេលាខ្លីផង យើងសូមថ្លែងអំណរគុណអស់ពីបេះដូងចំពោះពួកអ្នកដែលបានថែទាំ ព្យាបាលជានិច្ចជាកាលដល់ពួកយើង អ្នកផ្តល់ភាពកក់ក្តៅដល់ពួកយើងគ្រប់ពេលវេលា ពួកអ្នកមានគ្រូពេទ្យ គិលានុបដ្ឋាយិកាដ៍ល្អ ពួកយើងសូមអបអរសាទរ ជាថ្មីម្តងទៀត ហើយពួកយើងសូមអរគុណមួយពាន់ដងដល់ពួកអ្នក ហើយពួកយើងមិនអាចបំភ្លេចបានឡើយនូវអំពើល្អរបស់ពួកអ្នក ពីយើងខ្ញុំ Jean Marie,Jeanine Heitzler, Jacques et Angele Dremiere។”

គួររម្លឹកថា នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០នេះផងដែរ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីបច្ចុប្បន្នភាព នៃស្ថានភាពជំងឺកូវីដ១៩ ដោយក្នុងនោះ មានករណីព្យាបាលជាសះស្បើយសរុប មានចំនួន១០៣ករណី និងកំពុងព្យាបាល មានចំនួន១៩ករណី ។

ក្នុងចំណោមករណីឆ្លងសរុបទាំង១២២ នៅក្នុងព្រះរាជាណាចក្រកម្ពុជា គឺភាគច្រើនជាករណីនាំចូល ហើយការឆ្លងនៅក្នុងសហគមន៍គឺមានតិចតួចបំផុត ប៉ុន្តែក៏ពុំមានន័យថាកម្ពុជាបានយកឈ្នះលើជំងឺកូវីដ១៩នេះនៅឡើយដែរ ដោយប្រជាពលរដ្ឋកម្ពុជាទាំងអស់បន្តត្រូវអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវវិធានការដែលដាក់ចេញដោយរាជរដ្ឋាភិបាល ក្រសួងសុខាភិបាល ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធបន្តទៀត ព្រោះថាប្រទេសជិតខាង ក៏ដូចជាពិភពលោកទាំងមូល ពុំទាន់មានសញ្ញាណាមួយដែលថមថយករណីកូវីដ១៩នៅឡើយទេ ដូច្នេះករណីនាំចូលអាចនឹងកើតមានឡើងជាយថាហេតុ។

ដោយ ផែន រតនៈ