ក្រុមការងារផលិត និងផ្សាយកម្មវិធី សិក្សាពីចម្ងាយ និងការសិក្សាតាមប្រព័ន្ធ​អេឡិច​​​​​ត្រូនិក​ ​រវាងក្រសួងព័ត៌មាន និងក្រសួងអប់រំចាប់ផ្ដើមបើកកិច្ចប្រជុំលើកទី១

AKP ភ្នំពេញ ថ្ងៃទី១៧ ​ខែមេសា ឆ្នាំ២០២០ — កិច្ចប្រជុំលើកទី ១ របស់ក្រុមការងារផលិត និងផ្សាយកម្មវិធី សិក្សាពីចម្ងាយ និងការ សិក្សា​តាមប្រព័ន្ធអេឡិចត្រូនិក រវាងក្រសួងព័ត៌មាន និងក្រសួងអប់រំ យុវជន និងកីឡា  ដើម្បីពិនិត្យ​ការងារ និងពិភាក្សាការងារ និងការអនុវត្តបានធ្វើឡើងនៅព្រឹកថ្ងៃទី ១៧ ខែមេសា ឆ្នាំ២០២០ នៅទីស្តីការក្រសួងព័ត៌មាន។

ក្រុមការងារបច្ចេកទេស ផលិត និងផ្សាយកម្មវិធី សិក្សាពីចម្ងាយ និងការសិក្សាតាម ប្រព័ន្ធអេឡិចត្រូនិក គឺភាគីក្រសួង ព័ត៌មាន ដឹកនាំដោយ ឯកឧត្ដម កឹម គុណវឌ្ឍន៍ រដ្ឋលេ​ខាធិ​ការក្រសួងព័ត៌មាន ខាងភាគី ក្រសួង​អប់រំយុវជន និងកីឡា ដឹកនាំ ដោយលោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួង​អប់រំយុវជន និងកីឡា។ ជាជំហ៊ានដំបូង ក្រសួង អប់រំ ជាអ្នក​ផលិតរាល់មុខវិជ្ជាកម្មវិធីបង្រៀន ហើយយកមក ចាក់ផ្សាយនៅទូរទស្សន៍ជាតិកម្ពុជា និងApp ក្រសួង ព័ត៌មាន ។

ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មានបានបញ្ជាក់ថា ក្នុងដំណាក់កាលដែល មានការបិទសាលារៀននៅទូទាំងប្រទេស ដោយសារការព្រួយបារម្ភពីការឆ្លងនៃមេរោគកូវីដ-១៩ ហើយសិស្សានុសិស្ស មិនបានមករៀននៅសាលានោះ ក្រសួង ព័ត៌មាន សហការជាមួយ ក្រសួង អប់រំ យុវជន និងកីឡា បានរៀបចំជាកម្មវិធី បង្រៀនពីចម្ងាយ E-LEARNING DISTANCE LEARNING នូវចំណេះដឹងទូទៅ សម្រាប់កុមារតូច រហូតដល់ធំ តាមរយៈការចាក់ផ្សាយ តាម​ប្រព័ន្ធ Internet App ក្រសួងព័ត៌មាន តាមរយៈប្រព័ន្ធទូរទស្សន៍ផ្កាយរណបតេជោ ឌីធីវី ប៉ុស្តិ៍ TVK 2 ដែលអាចឱ្យសិស្សានុសិស្សបើកមើលបានដោយឥតគិតថ្លៃ ហើយជាជំហ៊ាន​ទៅមុខ​ទៀត ក៏គ្រោងទៅស្ថានីយទូរទស្សន៍ខ្សែកាប នៅរាជភ្នំពេញ និងតាមបណ្តាខេត្ត ផងដែរ។

បើតាមការបញ្ជាក់របស់ មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួង ព័ត៌មាន បានលើកឡើងថា កិច្ចប្រជុំលើកទី ១ នេះឡើងស្របតាមអនុស្សរណៈនៃ ការយោគ យល់រវាង ក្រសួង អប់រំ យុវជន និងកីឡា និងក្រសួងព័ត៌មានស្តីពីការរៀបចំផលិត និង ផ្សព្វផ្សាយ កម្មវិធី« ការសិក្សាពីចម្ងាយ Distance Learning» និង «ការសិក្សាតាមប្រព័ន្ធ អេឡិច​ត្រូនិក​ E-Learning» លើប្រព័ន្ធទូរទស្សន៍ជាតិកម្ពុជា និង App ក្រសួងព័ត៌មាន ត្រូវបាន​ធ្វើពិធី ចុះហត្ថលេខាដោយ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងឯកឧត្តមបណ្ឌិត​សភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួង អប់រំ យុវជន និងកីឡា កាលពីថ្ងៃទី០៨ ខែ​មេសា ឆ្នាំ២០២០ នៅទីស្តីការក្រសួងអប់រំ យុវជន និងកីឡា។ ដូច្នេះ កិច្ចប្រជុំនាព្រឹកនេះ គឺធ្វើការ​ពិភាក្សាឈានទៅធ្វើការឯកភាពគ្នា សម្រេចចាក់ផ្សាយកម្មវិធីរៀនពីចម្ងាយ និងការ​សិក្សា តាម ប្រព័ន្ធអេឡិចត្រូនិក តាមរយៈការចាក់ផ្សាយនៅទូរទស្សន៍ជាតិកម្ពុជា TVK 2 ដែលមាន​នៅក្នុងប្រព័ន្ធទូរទស្សន៍ Satellite តេជោ DTV និងតាមរយៈប្រព័ន្ធផ្សព្វផ្សាយ បែប ទំនើប  App ក្រសួងព័ត៌មាន ដោយកំណត់យកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ ជាថ្ងៃដំបូង នៃ ការចាក់ផ្សាយ ចាប់ពីម៉ោង ៦ ព្រឹក ដល់១០យប់ និងមានការចាក់ផ្សាយឡើងវិញ រហូតដល់ ព្រឹកវិញ គឺ ២៤ ម៉ោង ជារៀងរាល់ថ្ងៃ។ សម្រាប់កម្មវិធិសិក្សាដែលគ្រោងធ្វើការចាក់ផ្សាយ មានការបង្រៀនពី​ថ្នាក់ទី ១ ដល់ថ្នាក់ទី១២ ។

ឯកឧត្ដម  បាន ភុធ ទីប្រឹក្សាក្រសួងព័ត៌មាន   និងជាប្រធានគ្រប់​គ្រង ក្រុមហ៊ុនទូរ​ទស្សន៍ Satellite តេជោ DTV ប្រចាំកម្ពុជា បានបញ្ជាក់ពីកិច្ចសហការជាមួយ ក្រសួងព័ត៌មាន​កម្ពុជា ក្នុងការបង្រៀនពីចម្ងាយ  E-Learning តាមរយៈការផ្សាយផ្ទាល់តាម ទូរទស្សន៍ តេជោ DTV ដែលពេលនេះខាង ក្រុមហ៊ុនបានត្រៀមរួចរាល់អស់ហើយ ក្នុងការ ជួយ​លើផ្នែក​បច្ចេក​ទេស ការផ្សាយ តាមរលកធាតុអាកាស និងប្រព័ន្ធផ្សព្វផ្សាយសង្គម ។ ឯកឧត្ដមបានបន្ដថា កិច្ចការងារនេះ ក្រុមហ៊ុនធ្លាប់បានធ្វើនៅក្និងប្រទេសថៃកាល ពីជាង ១០ ឆ្នាំមុន ហើយទទួល​បានជោគជ័យ។ ជាមួយគ្នានេះ ក្រុមហ៊ុន ក៏បានធ្វើកិច្ចសហការជាមួយ ក្រុមការងារ App ក្រសួងព័ត៌មាន ដើម្បីផ្សាយការបង្រៀនពីចម្ងាយ ហើយសង្ឃឹមថា នឹងទទួល​បាន​ការគាំទ្រ​ច្រើនពីសិស្សានុសិស្ស និងប្រជាពលរដ្ឋ ដោយសារបច្ចុប្បន្ននៅកម្ពុជា មាន​អតិថិ​ជនប្រើ​ប្រាស់​ប្រព័ន្ធទូរទស្សន៍ Satellite តេជោ DTV ចំនួនប្រមាណ ៨ សែនគ្រឿង បើគិត​អ្នក​ដែល​ទស្សនាវិញគឺមាន ប្រមាណ ជិត ៣ លាននាក់៕

ដោយ រិទ្ធី រូបថត៖ ខឹម សុវណ្ណារ៉