ជីប ម៉ុង រីថែល មើលឃើញឱកាសដ៏ធំសម្រាប់ការវិនិយោគ លើ​មណ្ឌលផ្សារទំនើបនៅរាជធានីភ្នំពេញ

AKP ភ្នំពេញ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ — ក្រុមហ៊ុន ជីប ម៉ុង រីថែល បានអះអាងពីភាពវិជ្ជមាននៃការវិនិយោគ​លើ​មណ្ឌល​ផ្សារ​​​ទំនើប​ក្នុង​​រាជធានី​ភ្នំពេញ​ ដោយសារ​​​មើលឃើញ​ពី​ទីផ្សារ​ធំទូលាយ​ និង​កំណើន​នៃ​​នគរូប នីយកម្មយ៉ាងឆាប់រហ័ស។

លោក Michael Vong  នាយកគ្រប់គ្រងផ្សារទំនើបរបស់ក្រុមហ៊ុន ជីប ម៉ុង រីថែល បាន​បញ្ជាក់​ថា ​បច្ចុប្បន្ន​ការ​លក់ដូរ​ទំនិញ​នៅផ្សារ​ទំនើប​មានត្រឹមតែ​ប្រមាណ​៣០ភាគរយប៉ុណ្ណោះ​ ខណៈ​ដែល​ការ​លក់រាយនៅតាមផ្សារ​ធម្មតា​មានរហូតដល់៧០​ភាគរយ ដែល​នេះ​​ផ្ដល់​ឱកាស​ច្រើន​​ក្នុងការ​វិនិយោគ​ក្នុង​វិស័យផ្សារទំនើ​ប។​

លោក Michael Vong​ បាន​បញ្ជាក់​​ថា «យើងនៅមានឱកាសច្រើន ដើម្បី​អភិវឌ្ឍន៍​​វិស័យ​​នេះ​ ហើយយើងត្រូវធ្វើយ៉ាងមិចឱ្យអត្រាភាគរយនៃ​ការ​លក់​ដូរ​ក្នុង​ផ្សារ​ទំនើប​នេះកើនឡើង»។ លោក Michael Vong បានសង្កេត​ឃើញថា អត្រា​នគរូបនីយកម្ម​របស់​ប្រទេសកម្ពុជាកើនឡើងប្រហែល​២០ភាគរយជារៀងរាល់ឆ្នាំ ដោយ​មាន​មនុស្សជាច្រើនបានផ្លាស់ប្ដូរ​មក​រស់​នៅទីក្រុង ដែល​ធ្វើឱ្យ​រាជ​ធានី​ភ្នំពេញរីកធំទៅៗ​ ជាពិសេស​ប្រជាពលរដ្ឋជំនាន់ថ្មី ដែលកំពុងតែកើនឡើង។ ទាំងមណ្ឌលផ្សារទំនើប និងផ្សារទំនើប ជីប ម៉ុង កំពុង​ចាប់​យក​ទី​ផ្សារ និង​បំពេញ​តាម​តម្រូវ​ការ​​ទាំង​នេះ។

លោក Michael Vong បានបញ្ជាក់ទៀតថា ការវិនិយោគនៅក្នុងវិស័យផ្សារទំនើបរបស់ ជីប ម៉ុង រីថែល នឹងធ្វើទៅព្រមគ្នាទៅនឹងគម្រោងផ្សេងៗរបស់ ជីប ម៉ុង ដោយនៅ​គ្រប់​គម្រោង​លំនៅឋានប្រណិតរបស់ ជីប ម៉ុង លែន នីមួយៗគឺសុទ្ធសឹងតែភ្ជាប់មកជាមួយនូវ​គម្រងផ្សារទំនើបរបស់ ជីប ម៉ុង រីថែល។ អាស្រ័យទៅលើលក្ខខណ្ឌ​​អំណោយ​ផល​ទាំង​​នេះ នៅក្នុងរយៈពេល៣ ឬ៥ឆ្នាំទៅមុខ នឹងអាចមើល​ឃើញវត្តមាន​ផ្សារទំនើបថ្មីៗជាច្រើនចាប់កំណើត ជាពិសេសផ្សារទំនើបរបស់ក្រុមហ៊ុន ជីប ម៉ុង រីថែលនេះតែម្តង៕

ដោយ គង់ សិរីរ័ត្ន