រដ្ឋបាលខណ្ឌចំការមន បន្ដការងារការដ្ឋានបុកស៊ីផាយប្រឡាយបឹងត្របែក ដែលកំពុងដំណើរ ការបានជិត៨០ភាគរយ

AKP ភ្នំពេញ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ — ក្រោយពីមានភ្លៀងធ្លាក់យ៉ាងជោគជាំក្នុងរយៈពេល២ ទៅ៣ថ្ងៃជាប់ៗគ្នានោះ​ នាព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ ២០២០ នេះ លោក​ ថេង​ សុថុល​ អភិបាលខណ្ឌចំការមន ​ដោយមានសហការ​ជាមួយមន្ទីរសាធារណការ​ និងដឹកជញ្ជូនរាជធានីភ្នំពេញ​និងអាជ្ញាធរសង្កាត់​ផ្សារដើមថ្កូវ​ និង​ក្រុមហ៊ុន​បុកសៀផាយ​ បានចុះពិនិត្យនៃការបុកស៊ីផាយ​ និងស្ថានភាពសំរាម​នៅក្នុងប្រឡាយ​បឹង​ត្របែក​ ស្ថិតនៅសង្កាត់ផ្សារដើមថ្កូវ​ ខណ្ឌចំការមន​ រាជធានីភ្នំពេញ​ ដោយបច្ចុប្បន្នបុក​បាន​ប្រហែល​ជិត៨០ភាគរយ។

លោក ថេង សុថុល អភិបាលខណ្ឌចំកាមនបានគូសបញ្ជាក់ថា ចំពោះការចុះត្រួត​ពិនិត្យ​ស្ថានភាពនៃការបុកស៊ីផាយប្រឡាយបឹងត្របែកនាពេលនេះ គឺក្នុងគោលបំណងចង់​ដឹងថា ក្រោយពេលភ្លៀងធ្លាក់ប៉ុន្មានមេជាប់ៗគ្នាយ៉ាងជោគជាំនោះនាប៉ុន្មានថ្ងៃនេះ តើមាន​សំរាមហូរតាមខ្សែទឹកប្រឡាយបឹងត្របែកកម្រិតណាដែរដើម្បីខាងអាជ្ញាធរនឹងមានវិធានការចុះកើបកាយ យកសំរាមចេញពីប្រឡាយទឹកបឹងត្របែកដើម្បីកុំឱ្យមានការកកស្ទះ​ចរន្តទឹកក្នុង​ប្រឡាយ។ ទន្ទឹមនេះ ក៏អាចធ្វើឱ្យប៉ះពាល់បរិស្ថានមិនល្អ ដល់ការរស់នៅរបស់​បងប្អូនប្រជា​ជនដែលរស់នៅក្បែរប្រឡាយ បឹងត្របែកនេះផងដែរពិសេសដើម្បីបង្កលក្ខណៈងាយ​ស្រួល​ដល់ការស្ថាបនាបុកស៊ីផាយ ឱ្យរួចរាល់តាមផែន ការដែលគ្រោងទុកនៅមុនរដូវរវស្សាមក​ដល់នៅពេលខាងមុខនេះ។

លោកអភិបាលខណ្ឌបានបន្ថែមថា បើតាមគម្រោងការបុកស៊ីផាយប្រើរយៈ​ពេល​ប្រមា​ណ៣០ថ្ងៃប៉ុណ្ណោះ នឹងរួចរាល់ហើយ ដែលមានប្រវែង៣,០០០ម៉ែត្រ ហើយនេះជាជោគជ័យដ៏​ធំមួយ​សម្រាប់ដំណើរការងារបុកស៊ីផាយ ដោយមិនប្រើរយៈពេលវែងនោះទេ​ព្រោះបើគិត​រហូត​មកដល់ពេលនេះ ពោលគឺថ្ងៃទី ១៧ខែមេសានេះ កម្លាំងអាជ្ញាធរពិសេសផ្នែកជំនាញ​ បានធ្វើរួចរាល់បានជិត៨០ភាគរយហើយ។ ក្នុងនោះអាជ្ញាធរបន្តជំរុញការងារនេះ​ថែមទៀត​ដើម្បីធ្វើយ៉ាងណាឱ្យបានហើយរួចរាល់មុនរដូវវស្សានាពេលខាងមុខនេះ៕

ដោយ សួស សំរិត