ក្រុមការងាររាជរដ្ឋាភិបាលជំរុញអាជ្ញាធរក្រុងប៉ោយប៉ែតឱ្យបន្តប្រឹងប្រែងអប់រំពីជំងឺកូវីដ-១៩ និងពិនិត្យស្ថានភាពប្រជាពលរដ្ឋដែលកំពុងជួបការលំបាក

AKP បន្ទាយមានជ័យ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ — អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឯកឧត្តម​ឧត្តមសេនីយ៍ឯក ឡាយ​ គឹមលី ​បានជំរុញដល់អាជ្ញាធរពាក់ព័ន្ធក្រុងប៉ោយប៉ែត​​ឱ្យបន្តរួមគ្នា​ប្រឹងប្រែងយកចិត្តទុកដាក់ក្នុងការចុះអប់រំផ្សព្វផ្សាយអំពីវិធានការបង្ការ ទប់ស្កាត់ប្រយុទ្ធនឹង​ជំងឺ​កូវីដ-១៩ និង​ពិនិត្យមើលស្ថានភាពរស់នៅរបស់​ប្រជា​ពលរដ្ឋ​កំពុង​ជួប​ការ​លំបាកដើម្បី​ជួយ​ពួក​គាត់ឱ្យបានទាន់ពេលវេលា​នោះ។

​នៅក្នុងកិច្ចប្រជុំ​ពិនិត្យ​វឌ្ឍនភាព​ការ​ងារ​ប្រយុទ្ធនឹងជំងឺកូវីដ-១៩ នៅក្រុងប៉ោយប៉ែត​ កាលពីថ្ងៃ​ទី១៦ ខែមេសា​ ឆ្នាំ២០២០ ​ឯកឧត្តមឧត្តមសេនីយ៍ឯក ​ឡាយ ​​គឹមលី ​បានបញ្ជាក់ថា​នេះគឺអនុវត្តតាម​ការណែនាំ​របស់ ឯកឧត្តម ​ឧបនាយករដ្ឋមន្ត្រី ​កែ គឹមយ៉ាន ​ប្រធានអាជ្ញាធរ​ជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្ត​បន្ទាយមានជ័យ ​ដែលបានជំរុញឱ្យ​មន្ត្រីអាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ត្រូវបន្តសកម្មភាព​ចុះអនុវត្តន៍ការងារទាំងអស់នេះឱ្យ​មានប្រសិទ្ធភាព។ ឯកឧត្តមឧត្តមសេនីយ៍ឯកបានថ្លែង​កោត​សរសើរចំពោះរដ្ឋបាលក្រុងអាជ្ញាធរសមត្ថកិច្ច​ពាក់ព័ន្ធទាំងអស់ដែលបានខិតខំប្រឹង​ប្រែងរួមគ្នាក្នុងការអប់រំផ្សព្វផ្សាយណែនាំដល់បងប្អូនប្រជាពលរដ្ឋ ឱ្យពួកគាត់បានយល់​ដឹង​ចូលរួមអនុវត្តន៍នូវរាល់វិធានការពារបង្ការទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ របស់​ក្រសួងសុខាភិ បាល​ តាមរយ:កាលរស់នៅដោយមានអនាម័យជាដើម។ ល។

ឯកឧត្តមឧត្តមសេនីយ៍ឯកក៏បានជំរុញដល់រដ្ឋបាលក្រុងអាជ្ញាធរ​សមត្ថ​កិច្ចទាំងអស់​ត្រូវបន្តយកចិត្តទុកដាក់ណែនាំតាមដានពិនិត្យមើលស្ថានភាពរស់នៅរបស់​ប្រជាពលរដ្ឋដែល​កំពុងជួបការលំបាកព្រមទាំងប្រជាពលរដ្ឋដែលវិលត្រឡប់មកពីក្រៅប្រទេសជាពិសេសបង ប្អូនពលករដែលត្រឡប់ពីធ្វើការនៅប្រទេសថៃ។ ដោយត្រូវបន្តចុះណែនាំពួកគាត់ដល់​ខ្នងផ្ទះ​កុំឱ្យដើរចេញក្រៅជួបជុំមនុស្សច្រើនដោយដាក់ខ្លួនឱ្យនៅដាច់ដោយឡែក​ចំនួន១៤ថ្ងៃ​និងបន្តតាមដានសុខភាពខ្លួនឯង។ ឯកឧត្តមឧត្តមសេនីយ៍ឯក បានលើកឡើងថា ប្រសិនបើ​បងប្អូនមានអាការៈក្តៅខ្លួនឬក្អកផ្តាសាយសង្ស័យថាខ្លួនមានផ្ទុកនូវវ៉ីរុសកូវីដ-១៩នេះ ត្រូវ ប្រញាប់ ទាក់ទងទៅអាជ្ញាធរមូលដ្ឋានផ្ឋាល់ឬសូមទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ ១១៥ ឬមន្ទីរពេទ្យដែលនៅជិតលោកអ្នកបំផុត។

ជាមួយគ្នានេះ​ដែរ​ ឯកឧត្តម ឧត្តមសេនីយ៍ឯក ​​ ឡាយ​ គឹមលី​ បាននាំយកអំណោយ របស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងក្រុមការងាររាជរដ្ឋាភិបាលចុះ មូលដ្ឋាន ក្រុងប៉ោយប៉ែតដើម្បីចូលរួមបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ រួមមានអង្ករ​ចំនួន​៥តោន និងខិត្តប័ណ្ណអប់រំ​២,០០០សន្លឹក​ចែកជូនដល់រដ្ឋបាលក្រុងប៉ោយប៉ែតទទួល​បានអង្ករ​២តោននិងខិត្តប័ណ្ណ២,០០០សន្លឹក និងសម្រាប់សង្កាត់ទាំង៣​មានសង្កាត់ប៉ោយប៉ែត ផ្សារ​កណ្តាល ​និងនិមិត្ត ដោយក្នុង១សង្កាត់ៗទទួលបានអង្ករ១តោន​ផងដែរ៕

ដោយ ឈុន សារ៉ាត