សម្ដេចតេជោ ហ៊ុន សែន គូសបញ្ជាក់ថា សប្បុរសជនដែលបានចូលរួមជាថវិកា​សម្រាប់ប្រយុទ្ធ នឹងជំងឺកូវីដ-១៩ មានទឹកប្រាក់ជាង១៣លានដុល្លារអាម៉េរិក

AKP ភ្នំពេញ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ — សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន​គូសបញ្ជាក់ថា មកដល់ពេលនេះ មានសប្បុរសជនដែលបានចូលរួមជាថវិកាសម្រាប់​ប្រយុទ្ធ​នឹងជំងឺកូវីដ-១៩មានទឹកប្រាក់ចំនួនជាង១៣លានដុល្លារអាម៉េរិកហើយ នោះមិនទាន់​គិតពី​ជំនួយ​ជាសម្ភារដែលមានតម្លៃរាប់លានដុល្លារថែមទៀតផង។

នៅលើផេកហ្វេសប៊ុកផ្លូវការ នាថ្ងៃទី ១៧ ខែមេសា ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន បានសរសេរថា គិតត្រឹមព្រឹកថ្ងៃ១៧ ខែ​មេសា ២០២០នេះ សប្បុរសជនដែលបាន​ចូល​រួមជាថវិកា សម្រាប់ប្រយុទ្ធ ជាមួយជំងឺកូវីដ-១៩ មានចំនួនទឹកប្រាក់ ចំនួន ១៣, ៥៩៧, ២៩៥ ដុល្លារអាម៉េរិក ដោយមិនទាន់គិតពីជំនួយជាសម្ភារ បរិក្ខារ ដូចជាម៉ាស់ អាល់កុល សាប៊ូ សម្ភារពេទ្យ។ល។ ដែលមានតម្លៃរាប់លានដុល្លារថែមទៀត។ ដោយឡែកការរួមវិភាគទាន តាមរយៈការបរិច្ចាគបៀវត្សរ៍ទាំងស្រុង ឬមួយផ្នែកនៃមន្ត្រីពីគ្រប់ស្ថាប័នថ្នាក់ជាតិ ថ្នាក់ក្រោម​ជាតិ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទគិតត្រឹមព្រឹកថ្ងៃ១៦ ខែមេសា ២០២០នេះ​មានចំនួន ១៤,៧៥១នាក់ និងនៅសល់មួយចំនួនទៀតដែលកំពុងផ្ទៀងផ្ទាត់​នៅក្រសួងមុខ​ងារ​សារធារណៈ។

សម្ដេចតេជោបានគូសបញ្ជាក់ថា នេះជាចលនាជាតិដ៏ខ្លាំងក្លាមួយរបស់ប្រជាជនកម្ពុជា​យើង ក្នុងការប្រយុទ្ធជាមួយជំងឺដ៏កាចសាហាវនេះ ដែលទូលព្រះបង្គំខ្ញុំព្រះករុណាខ្ញុំ សូមថ្លែង​អំណរព្រះគុណថ្វាយព្រះមហាក្សត្រ ថ្វាយសម្តេចម៉ែ ប្រគេនព្រះសង្ឃគ្រប់ព្រះអង្គ ជូនជនរួម​ជាតិ មន្ត្រីរាជការគ្រប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលបានចូលរួមក្នុង​ចលនា​ជាតិដ៏ធំមួយនេះ៕

ដោយ ជឹម ណារី