សម្ដេចតេជោ ហ៊ុន សែន រម្លឹកពីការឡើងកាន់អំណាចនៃរបប កម្ពុជាប្រជាធិបតេយ្យ ក្លែងក្លាយរបស់ពួកខ្មែរក្រហម កាលពី៤៥ឆ្នាំមុន

AKP ភ្នំពេញ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងរម្លឹកអំពី ថ្ងៃ១៧ ខែមេសា ឆ្នាំ១៩៧៥ ដែលជាខួបលើកទី៤៥ នៃការឡើងកាន់អំណាចនៃរបប  «កម្ពុជាប្រជាធិបតេយ្យ»ក្លែងក្លាយ បន្ទាប់មកបានក្លាយជារបប «ប្រល័យពូជសាសន៍ប៉ុល ពត» ឬហៅថារបបខ្មែរក្រហម ដែលពួកនេះបានសម្លាប់ប្រជាជនកម្ពុជាអស់ជាង៣លាននាក់ ក្រោមការគ្រប់គ្រងប្រទេសរបស់ពួកគេ ក្នុងរយៈពេល ៣ឆ្នាំ ៨ខែ និង២០ថ្ងៃនោះ។

នៅលើផេកផ្លូវការ នាថ្ងៃទី ១៧ ខែមេសា ឆ្នាំ២០២០ សម្ដេចតេជោ​នាយករដ្ឋ​មន្ត្រីបាន​សរសេរថា ចងចាំថ្ងៃ១៧ មេសា នៃរបបប្រល័យពូជសាសន៍ប៉ុលពត។ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០នេះ គឺជាខួបលើកទី៤៥ឆ្នាំ នៃការឡើងកាន់អំណាច នៃរបប “ កម្ពុជា​ប្រជាធិប​តេយ្យ” ក្លែងក្លាយ ដែលបន្ទាប់មកបានក្លាយទៅជារបប “ប្រល័យពូជសាសន៍ប៉ុលពត” ឬហៅ​ថា “របបខ្មែរក្រហម”។ សម្ដេចតេជោបន្តថា ចំថ្ងៃនេះ កាលពី៤៥ឆ្នាំមុន គឺថ្ងៃដែលរបបអាវខ្មៅ បានបង្ខំប្រជាពលរដ្ឋនៅទីក្រុងភ្នំពេញទាំងមូលឱ្យចាកចេញទៅតាមបណ្តាខេត្ត ហើយ​បន្ទាប់​មកពួកគេបានជម្លៀសប្រជាពលរដ្ឋពីតាមបណ្តាខេត្តទៅកាន់ជនបទ នឹងបានបង្ខំឱ្យធ្វើការដូច​គោ​ ក្របីទាំងយប់ទាំងថ្ងៃ គ្មានថ្ងៃសម្រាក និងបានបានជួបជុំក្រុមគ្រួសារឡើយ។ សម្ដេច​តេជោបានគូសបញ្ជាក់ថា សិទ្ធិសេរីភាពពលរដ្ឋ រួមទាំងសិទ្ធិរស់រាន នៅក្នុងរបបយង់​ឃ្នងនោះគឺគ្មានទេ សូម្បីតែស្លៀកពាក់ខោអាវ ក៏ពួកគេតម្រូវឱ្យស្លៀកពាក់តែខោអាវពណ៌​ខ្មៅ​មួយពណ៌មួយកំប៉្លេគត់។ ទន្ទឹមនេះ ក្រៅពីបង្ខំឱ្យធ្វើការគ្មានថ្ងៃសម្រាក របបព្រៃផ្សៃនេះបាន​ធ្វើទារុណកម្ម និងវាយកម្ទេចសម្លាប់ប្រជាពលរដ្ឋតាមអំពើចិត្តដោយចោទថាជាខ្មាំង។ នៅក្នុង​សម័យនោះ គ្រប់យ៉ាងត្រូវបានបោះបង់ចោល រួមទាំង គេហដ្ឋាន សាលារៀន វត្តអារាម មន្ទីរពេទ្យ និងធនាគារជាដើម​…។

សម្ដេចតេជោបានបន្ថែមថា ក្រោមការគ្រប់គ្រង នឹងដឹកនាំរបស់របបប៉ុល​ពតអស់​រយៈពេល ៣ឆ្នាំ ៨ ខែ ២០ ថ្ងៃ គឺបានធ្វើឱ្យប្រជាពលរដ្ឋស្លាប់បាត់បង់ជីវិត​អស់ជាង៣​លាន​នាក់ ហើយនៅពេលនោះក៏គ្មានវត្តមានអង្គការសិទ្ធិមនុស្សណាមកជួយប្រទេស​កម្ពុជាដែរ​នៅក្នុងសម័យនោះ។  សម្ដេចតេជោនាយករដ្ឋមន្ត្រីបានបន្ថែមទៀតថា យើងចងចាំរបបដ៏ព្រៃ​ផ្សៃ​នេះ ហើយចូលរួមទប់ស្កាត់កុំឱ្យកើតឡើងសារជាថ្មីនៅលើទឹកដី នៃព្រះរាជាណា​ចក្រ​កម្ពុជា។​​ អរគុណសន្តិភាព ៕

ដោយ ជឹម ណារី