អភិបាលខេត្ដកណ្ដាល ទទួលអំណោយពីសប្បុរសជន ដើម្បីយកប្រគល់ជូនសាខាកាកបាទ​ក្រហម​​កម្ពុជា​ខេត្ត ក្នុងការចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩

AKP កណ្ដាល ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ — ឯកឧត្ដម គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងជាអភិបាលខេត្តកណ្ដាលបានទទួលអំណោយពីឯកឧត្ដម ហ៊ឺ រ៉ុង ទីប្រឹក្សាគណៈ​កម្មាធិ​ការ​ជាតិរៀបចំការបោះឆ្នោត ដែលបាននាំយកអំណោយមនុស្សធម៌ អង្ករចំនួន៣តោន និងលោក​ឧត្ដមសេនីយ៍ឯក ស្រី សុទ្ធី ជំនួសការសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង ជាមេ​បញ្ជាការរងកងពលតូចលេខ៧០ បាននាំយកអំណោយមនុស្សធម៌ ទឹកបរិសុទ្ធចំនួន ៥០ កេស និងទឹកផ្លែឈើ ៥០កេស ប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល សម្រាប់​​​ចូលរួមក្នុងការប្រយុទ្ធប្រឆាំង ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងខេត្តកណ្តាល។ ការប្រគល់ និងទទួលអំណោយនេះ ធ្វើឡើង កាលពីរសៀល ថ្ងៃព្រហស្បត៍ ៩ រោច ខែចេត្រ ឆ្នាំជូត ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០។

ឯកឧត្ដម គង់ សោភ័ណ្ឌ បានថ្លែងអំណរគុណចំពោះកាយវិការសប្បុរសធម៌ របស់​ឯកឧត្ដម ហ៊ឺ រ៉ុង និង លោកឧត្ដមសេនីយ៍ឯក ស្រី សុទ្ធី ដែលបានបរិចាគធនធាន ដែលជាការ​ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល តាមរយៈសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ក្នុងការចូលរួមប្រយុទ្ធប្រឆាំង ការរីករាលដាលនៃជំងឺកូវីដ-១៩។ ឯកឧត្ដម អភិបាលខេត្ដបាន​លើក​ឡើងថា អំណោយដែលបានប្រគល់ជូននៅពេលនេះ គឺជាការរួមចំណែកនូវសកម្មភាព​មនុស្សធម៌នានា របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ក្នុងការប្រយុទ្ធប្រឆាំងការ​រីករាលដាលជំងឺកូវីដ-១៩ ដែលរាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ខ្ពស់ ដោយបាន អំពាវនាវដល់គ្រប់ស្ថាប័នរដ្ឋ វិស័យឯកជន អង្គការជាតិ អន្តរជាតិនានា និងប្រជាពលរដ្ឋទូទៅ ចូលរួមប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ-១៩នេះ។ ឯកឧត្តមបានសន្យាថា នឹងនាំយក អំណោយទាំងអស់នេះ ប្រើប្រាស់អោយចំគោលដៅ ដោយប្រគល់ជូនប្រជាពលរដ្ឋមានជីវ ភាពខ្វះខាត ដោយមិនប្រកាន់ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ ៕

ដោយ ណយ នឿន (ប្រភព៖រដ្ឋបាលខេត្តកណ្តាល)