សត្វត្រយ៉ងយក្ស ៣ ក្បាល ដែលស្ថិតក្នុងបញ្ជីក្រហម ត្រូវគេបំពុលស្លាប់ ក្នុងដែនជម្រកសត្វ​ព្រៃឆែប ខេត្តព្រះវិហារ

AKP ព្រះវិហារ ថ្ងៃទី១៧ ខែមេសា ឆ្នាំ ២០២០ — សមាគមអភិរក្សសត្វព្រៃ WCS បានសម្ដែងការសោកស្តាយជាពន់ពេកចំពោះសត្វត្រយ៉ង យក្ស ដែលជិតផុតពូជនៅលើលោក ស្ថិតនៅក្នុងបញ្ជីក្រហម IUCN ហើយមានរស់នៅ តែក្នុងប្រទេសកម្ពុជា ត្រូវបានគេលួចដាក់ថ្នាំបំពុលស្លាប់ នៅក្នុងដែនជម្រកសត្វព្រៃឆែប ស្រុកឆែប ខេត្តព្រះវិហារ ។

នេះបើយោងតាម​សេចក្ដី​ប្រកាសព័ត៌មានរបស់អង្គការ WCS កាលពីថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២០ អង្គការ WCS បានបញ្ជាក់ថា សត្វត្រយ៉ងយក្សចំនួន ៣ ក្បាល ត្រូវបានពុលស្លាប់ ដែល​ករណីដាក់ថ្នាំបំពុលនេះគឺដោយចេតនាមួយ។ ជាមួយនឹងការរួមបញ្ចូលទាំងការស្លាប់​ដោយ​ការ​បំពុលលើកនេះផងនោះត្រូវបានសមាគមអភិរក្សសត្វព្រៃ WCS បានបញ្ជាក់ថា ចំនួនស្លាប់​ទាំង​អស់​នោះ សើ្មនឹងការបាត់បង់ប្រហែលពី១ ទៅ ២ ភាគរយ នៃចំនួនសត្វត្រយ៉ងយក្ស​សរុប​ដែលរស់នៅក្នុងតំបន់នោះ។
ជាមួយគ្នានេះ ការបំពុល ត្រយ៉ង​យក្សឱ្យស្លាប់លើកនេះជា​ផ្នែកមួយនៃក្តីបារម្ភជាសកល ដែលអ្នកអភិរក្សកំពុងកត់សម្គាល់ឃើញមានការកើន​ឡើងនៃ​ការបរបាញ់ប្រភេទសត្វត្រូវការពារចាប់តាំងពីការរីករាលនៃវីរុសកូរ៉ូណា ឬកូ​វីដ-១៩​បានចាប់​ផ្តើមមក ហើយបានធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធសេដ្ឋកិច្ចលក្ខណៈប្រពៃណី​និងសង្គមកិច្ច​នៅ​តំបន់ជនបទ ៕

ដោយ ណយ នឿន (ប្រភព៖ WCS)