ឯកឧត្តមវេជ្ជបណ្ឌិត លី សូវ៉ាន់៖ អ្នកជំងឺកូវីដ១៩ ដែលកំពុងសម្រាកព្យាបាលទាំង២៤រូប គឺមានសុខភាពល្អប្រសើរ

AKP ភ្នំពេញ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ — ឯកឧត្តម វេជ្ជបណ្ឌិត លី សូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធជំងឺឆ្លង នៃក្រសួងសុខាភិបាល បានឱ្យទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) នៃក្រសួងព័ត៌មាន ដឹងនាព្រឹកថ្ងៃនេះថា ស្ថានភាពអ្នកជំងឺកូវីដ១៩ (COVID-19) ដែលកំពុងសម្រាកព្យាបាលទាំង២៤រូប គឺមានសុខភាពល្អប្រសើរ ក្រោមការព្យាបាលយ៉ាងយកចិត្តទុកដាក់របស់ក្រុមគ្រូពេទ្យ ហើយពុំមានករណីណាមួយមានសញ្ញាថាឈានទៅរកស្ថានភាពធ្ងន់ធ្ងរនោះទេ។

ឯកឧត្តមវេជ្ជបណ្ឌិត បានគូសបញ្ជាក់ថា “បើទោះជាយើងពុំមានរកឃើញករណីវិជ្ជមានចំនួន០៥ថ្ងៃជាប់ៗគ្នាក៏ដោយ ក៏ខ្ញុំសូមស្នើឱ្យបងប្អូនប្រជាពលរដ្ឋយើងកុំធ្វេសប្រហែសឱ្យសោះ ហើយត្រូវអនុវត្តតាមវិធានការនានាដែលដាក់ចេញដោយរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធ ដូចជាការរក្សាគម្លាតសុវត្ថិភាព ការសម្អាតដៃដោយសាប៊ូ ឬជែល កាត់បន្ថយការជួបជុំ ឬប្រមូលផ្តុំ និងចៀសវៀងការបម្លាស់ទីដោយពុំមានការចាំបាច់។ល។ ព្រោះថាប្រទេសជិតខាងយើង និងប្រទេសជាច្រើនទៀតនៅទូទាំងពិភពលោកកំពុងបន្តកើនឡើងនៅឡើយនូវវីរុសកូវីដ១៩នេះ ដោយពុំទាន់មានសញ្ញាថមថយនៅឡើយទេ ហេតុដូច្នេះហើយអាចនឹងមានករណីនាំចូលជាយថាហេតុណាមួយចូលមកប្រទេសយើងទៀត។”

សូមបញ្ជាក់ផងដែរថា នៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសថា មិនមានករណីឆ្លងថ្មីនៃវីរុសកូវីដ១៩ ត្រូវបានរកឃើញនៅក្នុងប្រទេសកម្ពុជានោះទេក្នុងចំនួន០៥ថ្ងៃជាប់គ្នាមកហើយ ទាំងនោះក៏ដោយសារតែការខិតខំប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាល ដែលបានដាក់ចេញនូវវិធានការនានា ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ ក៏ដូចជាកិច្ចសហការយ៉ាងល្អរបស់ស្ថាប័នពាក់ព័ន្ធទាំងអស់ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រួមជាមួយអង្គការសុខភាពពិភពលោក មជ្ឈមណ្ឌលប្រយុទ្ធនឹងជំងឺឆ្លងសហរដ្ឋអាម៉េរិក ក៏ដូចជាប្រជាពលរដ្ឋខ្លួនឯងផងដែរ។

គួររំលឹកផងដែរ តួលេខករណីវីរុសកូវីដ១៩សរុប នៅក្នុងព្រះរាជាណាចក្រកម្ពុជា គិតត្រឹមព្រឹកថ្ងៃនេះ មានចំនួន១២២ករណី ដែលក្នុងនោះករណីព្យាបាលជាសះស្បើយមានចំនួន៩៨ករណី និងកំពុងព្យាបាលមានចំនួន២៤ករណី។

ដោយ ផែន រតនៈ