ក្រុមការងារជួយក្រុងប៉ោយប៉ែត បន្តចុះអប់រំផ្សព្វផ្សាយពីជំងឺកូវីដ១៩ តាមខ្នងផ្ទះ​ប្រជាពលរដ្ឋ​

AKP បន្ទាយមានជ័យ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ — ក្រុមការងារចុះជួយមូលដ្ឋានក្រុងប៉ោយប៉ែត នៃខេត្តបន្ទាយមានជ័យ បាន និងកំពុង បន្ត​សកម្មភាពរបស់ខ្លួនក្នុងការជំរុញអប់រំផ្សព្វផ្សាយពីជំងឺកូវីដ១៩ ទៅតាមខ្នងផ្ទះ ដើម្បី បញ្ជ្រាបការយល់ដឹងដល់ប្រជាពលរដ្ឋ សំដៅរួមគ្នាប្រយុទ្ធប្រឆាំងបង្ការទប់ស្កាត់ជំងឺដ៏កាច សាហាវ ដែល​កំពុងរាតត្បាតនៅប្រទេសនានាក្នុងពិភពលោក ក្នុង នោះក៏មានកម្ពុជាផងដែរ។ លោក គឹង វណ្ណៈ អភិបាលរងខេត្តបន្ទាយមានជ័យ និងជាប្រធានក្រុមការងារចុះ ជួយក្រុង​ប៉ោយប៉ែតនៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ បានដឹកនាំក្រុមការងារបន្ត ចុះអប់រំផ្សព្វផ្សាយពីជំងឺ​រលាកផ្លូវដង្ហើមប្រភេទថ្មី ឬហៅថាកូវីដ១៩ ព្រមទាំងបានចែកម៉ាស់ ក្រមា ថ្នាំពេទ្យ អាល់កុល និងជែលលាងដៃកម្ចាត់មេរោគបាក់តេរី និងធ្វើការវាស់កំដៅក្នុង ខ្លួនជូនប្រជាពលរដ្ឋ ពិសេស​អ្នកដែលបានត្រឡប់មកពីប្រទេសថៃ នៅក្នុងសង្កាត់ប៉ោយប៉ែត ដែលនៅភូមិក្បាលស្ពាន១មានចំនួន១២នាក់ ភូមិក្បាលស្ពាន២ចំនួន១២នាក់ និងភូមិអូរជ្រៅចំនួន១១នាក់ និងប្រជាពលរដ្ឋជិត​ខាងចំនួន៣៩នាក់ សរុបចំនួន៧៤នាក់។

នៅក្នុងឱកាសនោះ លោក គឹង វណ្ណៈ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមអនុវត្តន៍វិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ ដូចជាត្រូវលាងដៃឱ្យបានញឹក ញាប់ជាមួយសាប៊ូ ឬអាល់កុល​។ ត្រូវខ្ទប់មាត់ និងច្រមុះ នៅពេលក្អក ឬកណ្តាស់ ដោយប្រើកែងដៃ ឬក្រដាសអនាម័យរួចបោះចោលក្នុងធុងសំរាមឱ្យបានត្រឹមត្រូវ។ ចៀសវាងប៉ះពាល់ជិតស្និទ្ធជាមួយអ្នកដែលមានគ្រុនក្ដៅ ក្អក ឬផ្ដាសាយចៀសវាង ប៉ះពាល់ភ្នែក ច្រមុះ ឬមាត់ ត្រូវបរិភោគអាហារដែលចម្អិនបានឆ្អិនល្អ នៅពេលស្វាគមន៍ ត្រូវលើកដៃសំពះ ដោយជំនួសការចាប់ដៃ។

ជាមួយគ្នានោះលោកក៏បានណែនាំដល់ប្រជាពលរដ្ឋ ដែលទើបតែវិលត្រឡប់ មកពីប្រទេសថៃវិញ ត្រូវនៅដាច់ដោយឡែកពីអ្នកដទៃរយៈពេល១៤ថ្ងៃ នឹងបន្តតាមដានសុខភាពខ្លួនឯង។ ប្រសិនបើបងប្អូនមានអាការៈក្តៅខ្លួន ឬក្អកផ្តាសាយ សង្ស័យថាខ្លួនមានផ្ទុកនូវវ៉ីរូសកូវីដ១៩នេះ ត្រូវប្រញាប់ទាក់ទងទៅអាជ្ញាធរមូលដ្ឋានផ្ទាល់ ឬសូមទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ​១១៥ ឬមន្ទីរពេទ្យដែលនៅជិតលោកអ្នកបំផុត។

អភិបាលរងខេត្តបន្ទាយមានជ័យ លោក គឹង វណ្ណៈ ក៏បាន​ថ្លែងប្រាប់ប្រជាពលរដ្ឋ យើងថា ​នៅព្រឹកថ្ងៃទី១៦ ខែមេសានេះ ការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ ទៀតបានធម្មតាឡើងវិញហើយ ព្រោះរាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចលេខ ៤៨ ស.ស.រ ស្តីពីការបញ្ចប់សុពលភាពបទបញ្ជាលេខ ០២ ប.ប ចុះថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ ស្តីពី “ការដាក់កំហិតលើការធ្វើដំណើរក្នុងប្រទេស ក្នុងគោលដៅបង្ការ និងទប់ស្កាត់ការរាតត្បាតនៃ​ជំងឺកូវីដ១៩”៕​

ដោយ  ឈុន សារ៉ាត