បទយកការណ៍៖ ក្នុងពិធីបុណ្យចូលឆ្នាំថ្មីនេះ មន្រ្ដីរាជការ ព្រះសង្ឃ ​និងប្រជាពលរដ្ឋបានអនុ​វត្ដ​​នូវ​វិធានការរបស់រាជរដ្ឋាភិបាល ដើម្បីរួមគ្នាទប់ស្កាត់​មេរោគកូវីដ-១៩

AKP ភ្នំពេញ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ — ស្របពេលដែលពិភពលោកកំពុងតែចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩នោះ កម្ពុជាបាន​ពង្រឹងនូវ​វិធាន​ការ និងយន្ដការគ្រប់គ្រងទាំងក្នុងប្រទេស និងក្រៅប្រទេសជាច្រើន ក្នុងនោះ​រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវ​សេចក្ដី​ណែនាំ បទបញ្ជា និងការដាក់កំហិតមួយចំនួនក្នុង​គោល​ដៅបង្ការ និងទប់ស្កាត់ការរីក​រាល​ដាលជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា។ ជាក់ស្ដែង កាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ​២០២០ កន្លងមកនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានចេញនូវ​អនុ​ក្រឹត្យស្ដីពីការលើកការ​ឈប់​​សម្រាកការងាររប់សមន្រ្ដីរាជការ និយោជិត កម្មករ ដោយ​ផ្អាករៀបចំពិធីបុណ្យចូលឆ្នាំថ្មី​ប្រពៃ​ណីជាតិខ្មែរ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ ដោយតម្រូវឱ្យមន្រ្ដី​​រាជ​ការ  និយោជិត កម្មករ នៅក្នុងប្រទេសកម្ពុជាបំពេញការងារ​ដូចថ្ងៃធម្មតា ដើម្បីទប់ស្កាត់​កុំ​ឱ្យ​មានការ​ឆ្លង​មេរោគកូវីដ-១៩ ពីកន្លែងមួយទៅកន្លែងមួយ​ផ្សេង​​ទៀតនៅទូទាំងប្រទេស។ ដូច្នេះ ការដាក់ចេញនូវវិធានការ យន្ដការ សេចក្ដីណែនាំ និង​ការ​ដាក់កំហិតនានារបស់​រាជ​រដ្ឋាភិបាលក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ ព្រះ​សង្ឃ មន្រ្ដីរាជការ ប្រជា​ពល​រដ្ឋ កម្មករ កម្មការិនី បានចូលរួមគោរពនិងអនុវត្ដន៍តាមប្រកប​ដោយ​ស្មារតីទទួលខុសត្រូវខ្ពស់ចំពោះវិធានការទាំងអស់នេះ ដើម្បីរួមគ្នាបង្ការការឆ្លង​ជំងឺ​កូវីដ-១៩។

លោក ហែម គន្ធី ជាមន្រ្ដីរាជការរស់នៅក្នុងរាជធានីភ្នំពេញបានឱ្យដឹងថា ក្នុងពិធីបុណ្យ​ចូលឆ្នាំខ្មែររយៈពេល៤ថ្ងៃមកនេះ គាត់មិនបានឈប់សម្រាកនោះទេ ដោយធ្វើការជា​ធម្មតា​តាមការណែនាំរបស់រាជរដ្ឋាភិបាលក្នុងការផ្អាករៀបចំពិធីបុណ្យចូលឆ្នាំខ្មែរ ដើម្បីកុំឱ្យមាន​ការ​ជួប​ជុំ ឬការប្រមូលផ្ដុំគ្នាច្រើន ក្នុងគោលដៅទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ នៅក្នុងប្រទេស។ លោកបានបន្ថែមថា “នេះគឺជាវិធានការល្អ ស្របពេលដែលមានការកើតឡើងនូវជំងឺកូវីដ-១៩ នៅក្នុងប្រទេស និងទូទាំងពិភពលោក ដោយផ្អាកការរៀបចំបុណ្យចូលឆ្នាំខ្មែរ និងមិនឱ្យមាន​ការឈប់សម្រាក ធ្វើការជាធម្មតា ដើម្បីកុំឱ្យមានការជួបជុំ និងការប្រមូលផ្ដុំគ្នាច្រើន ដែល​អាច​បង្កឱ្យ​មានការឆ្លងជំងឺផ្សេងៗ ជាពិសេសជំងឺកូវីដ-១៩នេះ”។

លោកបានគាំទ្រចំពោះការដាក់ចេញនូវវិធានការនានារបស់រាជរដ្ឋាភិបាលដែលមិនអនុញ្ញាតឱ្យមានឈប់សម្រាកក្នុងថ្ងៃបុណ្យចូលឆ្នាំខ្មែរនេះ​ ហើយឱ្យមន្រ្ដីរាជការ កម្មករ បុគ្គលិក​ក្រុមហ៊ុន រោង​ចក្រ ទាំងរដ្ឋ និងឯកជននៅបន្ដធ្វើការងារជាធម្មតា ដើម្បីចូលរួមទប់ស្កាត់ការ​ឆ្លង​មេរោគកូវីដ-១៩នេះ នៅក្នុងប្រទេសកម្ពុជា។

ចំណែកលោក អ៊ុក ណាវុធ ជាមន្រ្ដីរាជការម្នាក់ទៀតបានឱ្យដឹងដែរថា ការដាក់ចេញនូវ​វិធានការ និងសេចក្ដីណែនាំរបស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលនៃការឆ្លង​មេរោគ​កូវីដ-១៩ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះគឺជាវិធានការមួយល្អក្នុងការ​គ្រប់​គ្រងសភាពការណ៍មិនឱ្យមានការឆ្លងជំងឺនេះកាន់តែច្រើន ខណៈប្រទេសជិតខាង និង ពិភព​​លោក​កំពុងតែមានការឆ្លងជំងឺកូវីដ-១៩នេះ កើនឡើងច្រើន។ លោកបាន​លើក​​ឡើង​ថា ការធ្វើបុណ្យចូលឆ្នាំខ្មែរ គ្មាននរណាម្នាក់មិនចង់ទៅជួបជុំគ្រួសារ ឬទៅលេង​ស្រុកកំណើត និងចេញទៅធ្វើបុណ្យទាននៅតាមវត្ដនោះទេ តែស្ថានភាពបច្ចុប្បន្នយើងមិនគួរចេញដើរ​ទៅ​ក្រៅ ឬការជួបជុំគ្នា​នោះឡើយពីព្រោះរាជរដ្ឋាភិបាលបានកំពុងតែអនុវត្ដន៍​នូវវិធានការបាន​ត្រឹម​ត្រូវក្នុងការទប់ស្កាត់មិនឱ្យមានការឆ្លងកើនឡើងនៃជំងឺកូវីដ-១៩នេះ។ លោកបានឱ្យដឹង​ដែរថា នៅថ្ងៃនេះគឺជាថ្ងៃ​បុណ្យ​ចូលឆ្នាំខ្មែរថ្ងៃចុងក្រោយ ហើយលោក និងក្រុមគ្រួសារបាន​ធ្វើម្ហូបអាហារ នំចំណី យក​ទៅប្រគេនព្រះសង្ឃនៅក្នុងវត្ដ ដើម្បីឧទ្ទិសកុសលផលបុណ្យ​ជូន​ដល់ឪពុកម្ដាយ ជីដូនជីតា​របស់យើង។ ចំពោះការនាំយកចង្ហាន់ប្រគេនលោកនៅវត្ដនេះ គឺធ្វើ​ឡើងទៅតាមទំនៀមទម្លាប់ ប្រពៃណីជាតិខ្មែរ តែក៏មិនមានអ្នកទៅច្រើននោះទេ គឺជា​លក្ខណៈ​គ្រួសារ២ ឬ៣គ្រួសារ​ប៉ុណ្ណោះ ដោយសារតែប្រជាជនយើងមានការយល់ដឹង និង​​ប្រុងប្រយ័ត្ន​ចំពោះវិធានការការពារ និង​ការឆ្លង​ជំងឺកូវីដ-១៩។

លោកបានបញ្ជាក់បន្ថែមថា “ សព្វថ្ងៃ​ប្រជា​ពលរដ្ឋក៏ដូចជាព្រះសង្ឃមានការយល់​ដឹង​ច្រើន ក្នុងការការពារខ្លួនដោយពាក់ម៉ាស់ និងមានអាល់កុលសម្រាប់លាងដៃដាក់តាមខ្លួន ទាំងព្រះសង្ឃ និងពុទ្ធបរិស័ទ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងមេរោគកូវីដ-១៩នេះ នៅតាមវត្ដ​អារាម ជាពិសេសវិធានការរបស់​យើងម្នាក់ៗតាមការណែនាំរបស់រាជរដ្ឋាភិបាល”។

ដោយអនុវត្តន៍តាមការណែនាំ និងសេចក្តីប្រកាសរបស់រាជរដ្ឋាភិបាលក៏ដូចជាការ ចូលរួមទប់​ស្កាត់​​ការរីករាលដាលជំងឺកូវីដ-១៩នោះ កម្មករ កម្មការិនីរោងចក្រនៅក្នុង ខេត្ត ព្រៃវែង​បានចូលធ្វើការជាធម្មតា ដោយមិនមានការឈប់សម្រាកនោះទេក្នុងថ្ងៃបុណ្យចូល ឆ្នាំថ្មីប្រពៃ​ណីជាតិខ្មែរ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០នេះ។

កម្មការិនី ឡូន ស្រីនាង ដែលជាប្រធានក្រុម នៃរោងចក្រ ថប់ ស៊ី លី វើ លីមិតធីត បាន​ឱ្យដឹងថា កម្មករ កម្មការិនីទាំងអស់ បានសហការចូលរួមជាមួយការប្រកាសរបស់រាជ​រដ្ឋាភិ​បាល និងក្រសួងសុខាភិបាលដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ​ដោយបន្ដធ្វើ​ការ​ធម្មតា បើទោះបីជាថ្ងៃចូលឆ្នាំខ្មែរក៏ដោយ។ កញ្ញាបានបន្ដថា ទោះបីជាចូលឆ្នាំខ្មែរនេះ​មានតែម្ដងក៏ពិតមែន ប៉ុន្តែបើយើងឆ្លងជំងឺកូវីដ-១៩នេះ យើងនឹងខាតបង់នូវប្រាក់ចំណូល ខាតបង់ពេលវេលា ហើយការសម្រេចចិត្តរបស់កម្មករ កម្មការិនីទាំងអស់នេះ គឺដើម្បីបញ្ចៀស​ខ្លួនរបស់ពួកគាត់ពីការជួបជុំ ដោយយើងមិនដឹងថានរណាម្នាក់ផ្ទុកនូវជំងឺកូវីដ-១៩ នោះទេ។ កម្មការិនីរូបនេះបានបន្ថែមថា “ដូច្នេះ ដើម្បីកុំឱ្យមានការឆ្លងជំងឺកូវីដ-១៩ មកដល់ខ្លួនគាត់ ក្រុមគ្រួសាររបស់គាត់ និងនៅក្នុងសហគមន៍របស់គាត់ គឺកម្មករ កម្មការិនីទាំងអស់សម្រេច​ចិត្តនៅធ្វើការជាធម្មតាក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មីនេះ”។

លោក ណុប សាវ៉ាត ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តព្រៃវែង បាន​គូសបញ្ជាក់ថា សកម្មភាព និងការយល់ដឹងរបស់កម្មករ កម្មការិនីទាំងអស់ គឺ​បាន​អនុវត្តន៍ តាម​សេចក្តីប្រកាសរបស់រាជរដ្ឋាភិបាល ដោយនៅតែខិតខំបំពេញការងារជាធម្មតា ដែលជា​ប្រភព​ប្រាក់ចំណូលសម្រាប់ចិញ្ចឹមជីវភាពរបស់គាត់។ លោកបានបន្ដថា សកម្មភាពធ្វើ​ការងារ​ជាធម្មតារបស់បងប្អូនកម្មករ កម្មការិនីក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មីនេះ ក៏ជាការកាត់​បន្ថយ​ការជួប​ជុំគ្នាក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដើម្បីកុំឱ្យមានការឆ្លងរីករាល​ដាល​ជំងឺ​កូវីដ-១៩ ពីមនុស្សម្នាក់ទៅម្នាក់ ពីគ្រួសារមួយទៅគ្រួសារមួយទៀត ជាពិសេសដើម្បី​ឱ្យប្រទេស​កម្ពុជា​យើងចៀសផុតពីជំងឺដ៏កាចសាហាវមួយនេះ។

ដោយចុះពីលើម៉ូតូដែលចៅដឹកមកពីវត្ត​អន្លង់​តាសេក ស្ថិតនៅក្នុងឃុំព្រែកអំបិល ស្រុក​ស្អាង ខេត្ត​​កណ្តាល ទាំងទឹកមុខស្រស់ស្រាយផងនោះ ឧបាសិកា  ផាំង​​​​  យ៉ិក បានឱ្យដឹងថា តាមការសង្កេត​រប​ស់​លោ​ក​យា​យ​ឧ​បា​សិ​កា​​​​មិន​សូ​​​​​វ​​​ឃើ​​​ញ​មា​នប្រ​ជាពលរដ្ឋ​ទៅ​ច្រើ​ន​ដូ​ចរាល់​ឆ្នាំទេដោយសារប្រជាពលរដ្ឋ​គាត់មានកា​រ​បា​រ​ម្ភ ​​ពី​សុវត្ថិភាពចំពោះការឆ្លងជំងឺកូវីដ-១៩។

ទន្ទឹមនឹងនេះ ប្រជាពលរ​ដ្ឋ​ដែ​ល​យ​ក​ច​ង្ហា​ន់ទៅប្រគេន​ព្រះសង្ឃ ម្នាក់ៗសុទ្ធតែបានការ​ពា​រសុវត្ថិភាព ដោយពាក់ម៉ាស់ ហើយដាក់ទឹកអាល់កុលតាមខ្លួន និងអង្គុយឃ្លាតឆ្ងាយពីគ្នា។​លោកយាយឧបាសិកាក៏បានឱ្យដឹងថា “ភាគច្រើនអ្នកដែលយកចង្ហាន់ទៅព្រះគេនព្រះ​សង្ឃ​ហើយមិនបាននៅជួបជុំញាតិមិត្តជិតឆ្ងាយយូរនោះឡើយ ម្នាក់ៗរួសរាន់នាំគ្នាទៅផ្ទះរៀងៗ​ខ្លួ​ន វិញ ​តាមតែអាចធ្វើទៅបាន”។

ព្រះតេជគុណ ជីវសុទ្ធោ ហៀង ពេក ប្រធានគណៈកម្មការសាងសង់សា​លាពុទ្ធិក​ប​ឋ​ម​សិ​ក្សា​វ​ត្ត​គិ​រី​ប​ព៌​ត​បា​ត់គង ស្ថិតនៅឃុំរហាល ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យបាន​  មា​ន​ថេ​រ​ដី​កា​ថា ក្នុងពិធីបុណ្យចូលឆ្នាំនេះ ពុទ្ធបរិស័ទបានអញ្ជើញមកវត្តមានការប្រុង​ប្រយ័ត្ន​ខ្ពស់​ដោយសារគាត់មានការ​​យ​​​ល់​​ដឹងពីការរក្សាគម្លាតសង្គមក្នុងការចូលរួមទប់ស្កាត់ការឆ្លង​ជំងឺកូវីដ-១៩។ ព្រះតេជគុណ បានមានថេរដីកាបន្តថា “ព្រះសង្ឃក្នុងវត្តមិនមានការភ័យ​ខ្លាច​នោះទេ ព្រោះទាំ​ង​ព្រះសង្ឃ ទាំងពុទ្ធ​បរិស័ទសុទ្ធសឹងតែយល់​ដឹងពីវិធានការអនាម័យ និងមិន​អ​នុ​ញ្ញា​ត​ឱ្យ​​​ជួបជុំគ្នា​ច្រើ​ន​ក្នុ​ងការប្រ​គេ​ន​​ទេយ្យ​ទា​ន​ដល់​ព្រះសង្ឃ។ ជាងនេះទៅទៀត ពុទ្ធ​បរិ​ស័​ទក៏បាន​ត្រឡ​ប់​ទៅ​ផ្ទះ​វិញភ្លាមៗ មិន​ផ្តុំ​គ្នា​លេ​​ង​ល្បែងប្រជាប្រិយល្មើសនឹងការណែនាំរ​បស់​អា​ជ្ញា​ធ​រ​នោះ​ឡើយ”។

បើតាមការកត់សម្គាល់របស់ព្រះតេជគុណ ជីវសុទ្ធោ ហៀង ពេក បានឱ្យដឹងថា ប្រជា​ពុទ្ធបរិស័​ទ​បា​ន​យ​ល់​​ដឹងព័ត៌មានច្រើនពីការរាតត្បាតជំងឺកូវីដ-១៩​ តាមការផ្សព្វផ្សាយរបស់​អាជ្ញាធរមូលដ្ឋាន ​និ​ង​តា​ម​ប្រ​​ព័​ន្ធ​ផ្ស​ព្វផ្សាយនានា​ដែលជាហេតុធ្វើឱ្យមានការងាយស្រួល​ក្នុង​កា​រស​ហ​កា​រ​គ្នា​លើ​វិ​ធា​នការអ​នា​ម័​យ​ដើម្បីការពារជំងឺឆ្លងដ៏កាចសាហាវដែល​ពិភពលោក​កំពុងភ័យខ្លាច។

ឯកឧត្តម សេង សុមុនី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធម្មការ និ​ងសា​ស​នា​បា​​ន​ប្រា​ប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជាAKPឱ្យដឹងថា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី​ប្រពៃណី ជាតិ​​ខ្មែរ​ក្នុងឆ្នាំនេះនៅតែឃើញមាន​ពុ​ទ្ធ​​​បរិស័ទបានទៅ​វ​ត្តជាលក្ខណៈគ្រួសារ ហើយក៏មិន​ទាន់​មានព័ត៌​មានថា វត្តណាមួយខ្វះចង្ហាន់នោះ​ដែ​រ​។ ឯកឧត្តមក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋ​ទាំង​អស់​នៅ​ពេល​​ទៅ​ធ្វើ​បុ​ណ្យ​ទា​ន ​​ត្រូ​វ​មា​នស្មារតីប្រុងប្រយ័ត្នខ្ពស់ដោយអនុវត្តន៍​តាមការ​ណែនាំរបស់​​ក្រសួង​សុខាភិបាល ក្នុងការរក្សាគម្លាតសុវត្ថិភាព ដើ​ម្បី​ចៀស​វាងការឆ្លងជំងឺ​ផ្សេងៗ​ និងបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ តាម​រយៈ​ការក្អក ឬកណ្តាស់នោះ៕

ដោយ គង់ សិរីរ័ត្ន និង អ៊ុន រិទ្ធី