ប្រទេសថៃរកឃើញអ្នកឆ្លងថ្មីនៃជំងឺ COVID-19 ២៩ករណី និងបាត់បង់ជីវិត ៣នាក់ទៀត

វិទ្យុជាតិកម្ពុជា៖ លោក ឈុន លាង


ប្រទេសថៃបានរាយការណ៍ថា បានរកឃើញអ្នកផ្ទុកថ្មីនៃជំងឺ COVID-19 ចំនួន២៩ករណី និងស្លាប់ចំនួន ៣នាក់បន្ថែមទៀតនៅថ្ងៃព្រហស្បតិ៍នេះ នាំឲ្យចំនួនអ្នកឆ្លងសរុបនៅទូទាំងប្រទេសកើនឡើងដល់ ២,៦៧២ ករណី និង អ្នកស្លាប់កើនដល់ ៤៦ នាក់។នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃ ព្រហស្បតិ៍ ទី ១៦ ខែ មេសា ឆ្នាំ ២០២០។
លោក Taweesin Wisanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លង COVID-19 របស់រដ្ឋាភិបាលថៃបានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងថ្មីខាងលើ មាន១៤ករណីជាប់ពាក់ព័ន្ធទៅនឹងករណីឆ្លងមុនៗ ហើយមាន៥នាក់ជាករណីថ្មីសុទ្ធសាធ ខណៈអ្នកឆ្លង១០នាក់ផ្សេងទៀតកំពុងស្ថិតក្នុងការស៊ើបអង្កេតនូវមូលហេតុដែលពួកគេបានឆ្លង។
សូមបញ្ជាក់ថា ចាប់តាំងពីមានករណីឆ្លងជំងឺ COVID-19 កាលពីខែមករារហូតមកទល់នឹងពេលនេះ ប្រទេសថៃមានករណីឆ្លងទូទាំងប្រទេស ២,៦៧២ ករណី ស្លាប់ ៤៦ នាក់ និងអ្នកដែលបានជាសះស្បើយទាំងស្រុងចំនួន ១,៥៩៣នាក់៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មាន Reuters