អ្នកនាំពាក្យព្រឹទ្ធសភាលើកឡើងថា សង្គមស៊ីវិលព្រួយ​បារម្ភ​ជ្រុ​ល​ពេកលើការបង្កើត​ច្បាប់ស្តីពី ការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន

AKP ភ្នំពេញ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ — ឯកឧត្តម ម៉ម ប៊ុននាង ប្រធាន​គ​ណៈ​ក​ម្ម​កា​រ​អង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ និងជាអ្នកនាំពាក្យនៃព្រឹទ្ធសភាបាន​មា​ន​ប្រ​សាសន៍ថា សង្គមស៊ីវិលព្រួយ​បារម្ភ​ជ្រុ​ល​ពេកលើការបង្កើត​ច្បាប់ស្តីពី ការគ្រប់គ្រងប្រទេ​ស​ជា​តិ​ស្ថិ​តក្នុងភាពអាសន្ន ខណៈច្បាប់នេះត្រូវបាន​គណៈកម្មាធិការអចិន្ត្រៃ​យ៍ព្រឹទ្ធស​ភាបា​នកំ​ណ​ត់​យកថ្ងៃសុក្រទី១៧ខែមេសាឆ្នាំ២០២០ដើម្បី​ប្រ​ជុំ​វិ​សា​ម​ញ្ញ​ព្រឹ​ទ្ធ​ស​ភានីតិកាលទី៤ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់នេះ។

ក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាននៅព្រឹកថ្ងៃទី១៦ខែមេសាឆ្នាំ២០២០បន្ទាប់ពីកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ឯកឧត្តម ម៉ម ប៊ុននាង អ្នកនាំពាក្យព្រឹទ្ធសភាបា​ន​មានប្រសាសន៍ថា ​ច្បាប់ស្តីពីការគ្រប់គ្រងប្រទេ​ស​ជា​តិ​ស្ថិ​តក្នុងភាពអាសន្ននេះស្រ​បទៅនឹង​ក​តិ​កា​ស​ញ្ញា​​អន្តរជាតិដោយអង្គនីតិបញ្ញាតិកម្ពុជា ពិនិត្យយ៉ាងល្អិតល្អន់រួចហើយ។​ច្បាប់នេះ​ចៀ​​​ស​​វា​ងឱ្យបាននូវការ​រើ​ស​អើ​ង ​ប្រ​កា​ន់​ពូ​ជ​សា​សន៍ និងជនជាតិភាគតិចជាដើម។

​​ឯកឧត្តម អ្នកនាំពាក្យព្រឹទ្ធសភា បានមានប្រសាសន៍ថា« ការព្រួយបារម្ភរបស់សង្គ​ម​ស៊ី​វិ​ល​នឹ​ង ជាការព្រួយបារម្ភវាជ្រុលពេកហើយ ​វាមិ​ន​​អា​​ច​ឈានទៅដល់ណឹងទេ គឺខ្ញុំបា​ន​ជ​ម្រា​ប់​មិ​​ញ​ហើ​យថា រដ្ឋសភា និងព្រឹទ្ធសភា ប្រ​ជុំ​រៀង​រា​​ល់​​ថ្ងៃ​ដើម្បីតាម​ដា​ននូ​វ​កា​រ​អ​នុ​វ​ត្ត​ច្បា​ប់​រ​ប​ស់​ប្រ​​មុ​ខ​រា​ជរដ្ឋាភិបាល នេះហើយដែលថា មិ​ន​​អា​​ចរំលោភបានទេ មិន​អា​ច​ជិះ​សេះ​លែ​ង​ដៃ​បា​ន​ទេ​ ដូច​គាត់យល់ឃើញ គាត់សង្ស័យ គាត់ភ័យ គាត់ព្រួយបារម្ភ អ៊ីចឹងបានថា អ្វីដែ​ល​ប្រ​មុ​ខ​រា​ជ​រ​ដ្ឋា​ភិបាល លោកចាំបាច់ត្រូវតែធ្វើគឺ ការពារ ការរីករាលដាលនៃជំងឺ ហើ​យ​មិ​ន​មែ​ន​តែ​ប្រ​ទេ​ស​ក​ម្ពុជាណាធ្វើ ប្រទេស​លើ​សា​ក​ល​លោ​កគេធ្វើច្រើនហើយ អញ្ចឹងម៉េចមិនទៅនិយាយផង ពេ​ល​​ប្រ​កាសភាពអាសន្នហើយ​វា​បា​ត់​សិ​ទ្ធិព​លរដ្ឋមួយចំនួនហើយ មិន​មែន​នៅ​សិ​ទ្ធិ​ពេ​ញ​លេ​ញ​ទេ​ ​ដូចការឃុំខ្លួននៅតាមផ្ទះ ​បិទផ្សារផ្សោអី ឬកន្លែងលក់ដូរផ្សេងៗ។ល។»។

សេចក្តីព្រាងច្បាប់​ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពមានអាសន្ន មាន​ចំ​នួ​ន​១​២​​មាត្រា៥ជំពូក​ត្រូវបានគណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា បានបើកកិច្ចប្រជុំ ក្រោមអធិប​តី​ភា​​ព​​​ដ៏ខ្ពង់​ខ្ពស់​របស់ឯកឧត្តម ស៊ឹម កា ប្រធានស្តីទីព្រឹទ្ធសភាកំណត់យកថ្ងៃសុក្រ ទី១៧ ខែមេ​សា​ ​ឆ្នាំ២០២០ វេលាម៉ោង០៨:០០នាទីព្រឹក ដើម្បីប្រជុំវិសាមញ្ញព្រឹទ្ធសភានីតិកាលទី៤៕

ដោយ គង់ សិរីរ័ត្ន