បណ្តាប្រទេសអ៊ឺរ៉ុបគាំទ្រ អង្គការសុខភាពពិភពលោកបន្ទាប់ពីលោកត្រាំបញ្ឈប់ការផ្តល់មូលនិធិ

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ស៊ិនហួរ (១៦.០៤.២០)

អ៊ឺរ៉ុប៖ ការសម្រេចចិត្តរបស់ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំក្នុងការបញ្ឈប់ការផ្តល់មូលនិធិដល់​​អង្គការ​សុខភាពពិភពលោក (WHO)បានធ្វើឱ្យមានការរិះគន់ពីបណ្តាប្រទេសនៅអ៊ឺរ៉ុបកាលពីថ្ងៃពុធនេះហើយក៏មាន​ការអំពាវនាវ​ឲ្យរួមគ្នាដើម្បីសាមគ្គីភាពក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ១៩។

កាលពីព្រឹកថ្ងៃអង្គារលោកត្រាំបានប្រកាសថាលោកបានណែនាំរដ្ឋការរបស់លោកឲ្យបញ្ឈប់ការផ្តល់មូលនិធិដល់អង្គការសុខភាពពិភពលោក (WHO) ដែលលោកបានចោទប្រកាន់ពីបទធ្វើការមិនបានត្រឹមត្រូវ​និងលាក់​ព័ត៌មាន​នៃការរីករាលដាលរបស់វីរុស។

ទោះជាយ៉ាងណាសហភាពអឺរ៉ុបនិងបណ្តាប្រទេសនៅអឺរ៉ុបផ្សេងៗបានសម្តែងការគាំទ្រនិងការប្តេជ្ញាចិត្តចំពោះអង្គការសុខភាពពិភពលោក ដែលទទួលខុសត្រូវចំពោះសុខភាពសាធារណៈជាសកល។