អភិបាលខណ្ឌបឹងកេងកង ណែនាំប្រជាពលរដ្ឋឱ្យថែទាំសុខភាព ដើម្បីកុំឱ្យឆ្លងជំងឺកូវីដ-១៩

AKP ភ្នំពេញ ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ — លោក ធឹម សំអាន អភិបាលខណ្ឌបឹងកេងកង បានដឹកនាំគណៈអភិបាល មន្ដ្រីក្រោម ឱវាទ  និងកងកម្លាំងសណ្ដាប់ធ្នាប់ ចុះធ្វើការផ្សព្វផ្សាយ ពីវិធីបង្ការ នៃការឆ្លង រីករាលដាល នៃជំងឺកូវីដ១៩នៅតាមដងផ្លូវនានា ក្នុងមូលដ្ឋានខណ្ឌបឹងកេងកង រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០នេះ។

​លោក ធឹម សំអាន  បានធ្វើការអំពាវនាវ និង ណែនាំទៅដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងខណ្ឌទាំងអស់ សូមយកចិត្តទុកដាក់ខ្ពស់ ក្នុងការមើលថែទាំសុខភាពឱ្យបាន ល្អប្រសើរ និងស្ដាប់តាមការណែនាំរបស់ក្រសួង សុខាភិបាល និងមានការជឿជាក់មក លើរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្ការទប់ស្កាត់ នៃការរីករាលដាលជាសកលនៃវីរុសប្រភេទថ្មី (កូវីដ១៩)។

ជាមួយគ្នានេះដែរ លោកក៏បានធ្វើការក្រើនរម្លឹកជាថ្មីដល់បងប្អូនប្រជាជនឱ្យមានការ ប្រុងប្រយ័ត្នខ្ពស់ជានិច្ច និងការពារខ្លួនឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួង សុខាភិបាល ដើម្បីខ្លួនឯង គ្រួសារ និងសង្គមជាតិយើងទាំងមូល ដោយចៀសផុត ពីជំងឺកូវីដ១៩មួយនេះ៕

ដោយសួស  សំរិត