សម្តេចប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតទីម័រឡេស្តេចូលជូនសារតាំង

AKP ភ្នំពេញ ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ — សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បាន អនុញ្ញាតឱ្យ ឯកឧត្តម Ermenegildo “Kupa” Lopes ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញ សមត្ថភាព នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូល ជូនសារតាំង នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០។

ក្នុងព្រះបរមនាមព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហា ក្សត្រនៃព្រះរាជាណាចក្រកម្ពុ ជា និងក្នុងនាមព្រឹទ្ធសភា រដ្ឋ សភា និងរាជរដ្ឋាភិបាលកម្ពុជា សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានសម្តែងនូវការស្វាគម ន៍ដ៏កក់ក្តៅ ចំពោះឯកឧត្តម Ermenegildo “Kupa” Lopes ដែលត្រូវបានឯកឧត្តមប្រធានាធិបតីនៃសាធារណរដ្ឋ ប្រជាធិបតេយ្យទីម័រឡេស្តេ តែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ប្រចាំព្រះរា ជាណាចក្រកម្ពុជា។

នៅក្នុងឱកាសនោះដែរ ឯកឧត្តម  Ermenegildo “Kupa” Lopes បានថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចប្រមុខរដ្ឋស្តីទី ដែលបានចំណាយពេល វេលាដ៏មានតម្លៃ អនុញ្ញាតឱ្យឯក ឧត្តមបានចូលជូនសារតាំង និងសម្តែងការគួរសមនាពេល នេះ។ ឆ្លៀតឱកាសនោះ ឯកឧត្តមឯកអគ្គរដ្ឋទូតបានពាំនាំនូវការសួរសុខទុក្ខពីសំណាក់ ឯកឧត្តមប្រធានាធិបតី និងថ្នាក់ដឹកនាំកំពូលនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ  ជូនចំពោះសម្តេចប្រមុខរដ្ឋស្តីទី និងថ្នាក់ដឹកនាំកំពូលនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានសម្តែងនូវសេចក្តីរីករាយចំពោះទំនាក់ ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងរដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ។ ឯកឧត្តមបាន វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព និងការរីក ចម្រើនរបស់ព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមក៏បានថ្លែង អំណរគុណចំពោះព្រះរាជា ណាចក្រកម្ពុជា ដែលបានផ្តល់ការគាំទ្រ ឱ្យសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ បានក្លាយជាសមាជិកអាស៊ាននាពេលខាងមុខ។

សម្តេចប្រមុខរដ្ឋស្តីទី បានវាយតម្លៃខ្ពស់ចំពោះចំណង មិត្តភាព និងកិច្ច សហប្រតិបត្តិការរវាងប្រទេស និងប្រជាជនទាំងពីរកន្លងទៅ។ សម្តេចមានជំនឿជឿជាក់ថា ឯកឧត្តមឯកអគ្គរដ្ឋទូតនឹងខិតខំពង្រឹង ពង្រីកនូវចំណង មិត្តភាព កិច្ចសហប្រតិបត្តិការ និងកិច្ចខិត ខំជំរុញឱ្យមានការផ្លាស់ប្តូរផ្នែកពាណិជ្ជកម្ម សេដ្ឋកិច្ច វិនិយោគ និងទេសចរណ៍ ឱ្យកាន់តែទូលំទូលាយ ដើម្បីជាគុណប្រយោជន៍សម្រាប់ប្រទេស និងប្រជាជនទាំងពីរ។

សម្តេច ប្រមុខរដ្ឋស្តីទី បានសម្តែងនូវសេចក្តីរីករាយដោយបានមើលឃើញ អំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរមានការរីក ចម្រើនជាបន្តបន្ទាប់។ ទំនាក់ទំនងល្អនេះ ស្តែងឡើងតាមរយៈការផ្លាស់ប្តូរទស្សនកិច្ច មន្រ្តីជាន់ ខ្ពស់នៃរដ្ឋាភិបាលប្រទេសទាំងពីរ និងបានគាំទ្រគ្នាទៅវិញទៅមកនៅក្នុង ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការលើឆាកអន្តរជាតិ ជាពិសេសនៅក្នុងក្របខ័ណ្ឌ អង្គការសហប្រជាជាតិ។

សម្តេចប្រមុខរដ្ឋស្តីទីបានបញ្ជាក់ថា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ក្រសួង ស្ថា ប័នជាតិនៃព្រះរាជាណាចក្រកម្ពុជា ត្រៀមខ្លួនជានិច្ចដើម្បីធ្វើកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ ជាមួយនឹងឯកឧត្តមឯកអគ្គរដ្ឋទូត ក៏ដូចជាស្ថានទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យ ទីម័រឡេស្តេប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីលើកកម្ពស់ទំនាក់ទំនង និងផល ប្រយោជន៍ដ៏ធំធេងសម្រាប់ប្រជាជន និងប្រទេសទាំងពីរ។

តាមរយៈឯកឧត្តមឯកអគ្គរដ្ឋទូត សម្តេចប្រមុខរដ្ឋស្តីទីបានផ្តាំផ្ញើនូវព្រះរាជបណ្តាំ សួរសុខទុក្ខដោយសេចក្តីគោរព និងសេចក្តីនឹករលឹកពីព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ និងថ្នាក់ដឹកនាំកំពូលជាតិ នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះឯកឧត្តមប្រធានាធិបតី និងថ្នាក់ដឹកនាំកំពូលគ្រប់ លំដាប់ថ្នាក់ នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ៕

ដោយ ប៉ាល់ សុង