អភិបាលខេត្តបាត់ដំបង នាំយកអំណោយសម្តេច ស ខេង ទៅចែកជូនដល់រដ្ឋបាលក្រុង ស្រុកទាំង១៤ ដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ១៩

AKP បាត់ដំបង ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ — នៅព្រឹកថ្ងៃពុធ ៨រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានប្រគល់ម៉ាស់ចំនួន ២៤ម៉ឺនម៉ាស់ អាល់កុលចំនួន៩៦០លីត្រ សាប៊ូដុំ១ម៉ឺន៦ពាន់ដុំ និងឧបករណ៍ស្ទង់កម្តៅចំនួន៧៤ ដែលជា អំណោយរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ញ៉ែម សាខន ស ខេង ទៅចែកជូនដល់ក្រុង ស្រុក ទាំង១៤ ក្នុងខេត្ត ដើម្បី ចូលរួមក្នុងការផ្សព្វផ្សាយ បង្ការ ទប់ស្កាត់ជំងឺកូវីដ ១៩ នៅតាមមូលដ្ឋាន។

ឯកឧត្តម ងួន រតនៈ ក៏បានថ្លែងអំណរគុណចំពោះសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ញ៉ែម សាខន ស ខេង ដែលតែងតែគិតគូរយកចិត្តទុកដាក់ចំពោះរដ្ឋបាលខេត្តបាត់ដំបង ក្នុងយុទ្ធនាការផ្សព្វផ្សាយ ទប់ស្កាត់ ការរាតត្បាតជំងឺកូវីដ១៩ នៅតាមមូលដ្ឋានក្រុង ស្រុកនាពេលនេះ។

ឯកឧត្តមអភិបាលខេត្ត ក៏បានបញ្ជាក់ទៀតថា កន្លងមកសម្តេចសម្តេច ក្រឡាហោម បានយកចិត្តទុកខ្ពស់អំពីយុទ្ធនាការផ្សព្វផ្សាយ ការទប់ស្កាត់ ការរីករាលដាល ជំងឺកូវីដ១៩ សម្តេចបានផ្តល់ជាអំណោយមានដូចជា អង្ករ និងសាប៊ូជាដើម ហើយសម្តេចក៏បាន អញ្ជើញចុះសួរសុខបងប្អូនកងកម្លាំងនៅតាមបន្ទាត់ព្រំកម្ពុជា-ថៃផងដែរ៕

ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង)