ខ្មែរ ប៊ែវើរីជីស ទិញរថយន្តពន្លត់អគ្គិភ័យថ្មី ដើម្បីជួយ​ពន្លត់​ភ្លើង​ឆេះ​​ជូន​សាធារណជន​​ដោយ​​ឥតគិតថ្លៃ

AKP ភ្នំពេញ ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ — ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ទិញរថយន្ត​ពន្លត់​អគ្គិភ័យថ្មីតម្លៃជិត ​១៩០.០០០ដុល្លារ  (មួយរយកៅសិបពាន់)ដុល្លារសហរដ្ឋអាមេរិក ​បំពាក់​​​ដោយ​ម៉ាស៊ីន​​ និងបរិក្ខារ​​​​ពន្លត់​​អគ្គិភ័យ​ដ៏​ទំនើប​ ដើ​ម្បី​ចូលរួម​ជួយ​ពន្លត់អគ្គិភ័យនានា​ជូនសាធារណជន​​ឱ្យ​​កាន់​តែ​មាន​​ប្រសិទ្ធភាព​ ហើយ​​សេវាកម្ម​​នេះបម្រើជូនដោយ​​​ឥត​គិត​ថ្លៃ។​

រថយន្ត​ដ៏​ថ្មី​សន្លាង​នេះ ​ត្រូវ​បាន​បញ្ជា​ទិញ​ពី​​ក្រុមហ៊ុន​កូរ៉េ​ Everdigm កាលពី​ចុង​ឆ្នាំ​២០១៩​នេះ ដែលបំពាក់​​ដោយប្រព័ន្ធ​បញ្ជាទឹក​ដ៏ទំនើបងាយស្រួលប្រើបាស់គ្រប់ស្ថានភាព កម្លាំង​​បាញ់​ទឹកខ្លាំង​​​​ ព្រម​​ទាំង​ផ្ទុក​សម្ភារៈ​ពន្លត់​អគ្គិភ័យសំខាន់ៗ​គ្រប់ប្រភេទ​ គ្រប់គ្រាន់ សម្រាប់ប្រតិបត្តិការ​​​ឯករាជ្យ​ដោយ​ខ្លួន​ឯង​​ និង​​បម្រុង​សម្រាប់​គាំទ្រ​ដល់​រថយន្ត​​ពន្លត់​​អគ្គិភ័យ​​ដទៃ​​ទៀត​ ពេល​​ត្រូវ​​ធ្វើ​​ប្រតិបត្តិការ​​ពន្លត់​​អគ្គិភ័យ​​រួម​​គ្នា៕

ដោយ គង់ សិរីរ័ត្ន