NOCC លើកទឹកចិត្តឱ្យកីឡាករ កីឡាការិនីជម្រើសជាតិទាំងអស់ហ្វឹកហាត់៣ម៉ោងក្នុង១ថ្ងៃ

AKP ភ្នំពេញ ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ — ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានថ្លែងថា ក្នុង​ពេល សម្រាកសកម្ម ក្នុងពេលវិបត្តិកូវីដ-១៩នេះ ដោយឯកឧត្តមបានអំពាវនាវឱ្យសហព័ន្ធ​កីឡាជាតិ​ទាំងអស់រៀបចំផែនការហ្វឹកហាត់របស់កីឡាករ កីឡាការិនីជម្រើសជាតិឱ្យ​បន្តការ​ហ្វឹកហាត់​នៅតាមផ្ទះ ឬការប្រមូលផ្តុំទ្រង់ទ្រាយតូច ដែលមានគ្នាពី២ទៅ៣នាក់ ដែលមាន​សុវត្ថិភាព គប្បីត្រូវលើកទឹកចិត្តពួកគាត់ឱ្យហ្វឹកហាត់រយៈពេល ៣ម៉ោង ក្នុង១ថ្ងៃៗ។ ឯកឧត្តម​បានបញ្ជាក់​ថា កីឡាជំនាញកម្រិតខ្ពស់នេះមិនអាចបោះចោលការហ្វឹកហាត់ទាំងស្រុង​បាន​ឡើយ បើមិនដូច្នេះទេនឹងធ្លាក់ចុះយ៉ាងខ្លាំងនូវគុណភាពបច្ចេកទេស ដោយកម្ពុជាកំពុង​សម្រួច​គោលដៅឆ្ពោះទៅស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។ ឯកឧត្ដមបានលើកឡើងថា ក្នុង​ស្ថានភាពវិបត្តិជំងឺកូវីដ-១៩នេះប្រទេសណាក៏ប៉ះពាល់លើផ្នែកបច្ចេកទេសដូចគ្នាដែរ សម្រាប់​ ស៊ីហ្គេម ឆ្នាំ២០២៣ ប៉ុន្តែម្ចាស់ផ្ទះកម្ពុជាកំពុងប្រែក្លាយវិបត្តិនេះឱ្យទៅជាការរៀបចំខ្លួនឱ្យ​បាន​រឹងមាំ ហើយត្រូវចាប់ផ្តើមចេញដំណើរដោយភាពស្វាហាប់។

ឯកឧត្ដមអគ្គលេខាធិការបានបន្ដថា ស្ថា​នភាពជាក់ស្តែងយើងរងផលប៉ះពាល់ ដោយ​មិនត្រឹងតែកម្ពុជាទេ គឺប៉ះពាល់ដល់ការហ្វឹកហាត់ត្រៀមរបស់បណ្តាប្រទេសអាស៊ាន ដែល​គ្រោង​នឹងចូលរួមប្រជែងមេដាយនៅកម្ពុជា នាពេលនោះ ក៏ទទួលរងផលប៉ះពាល់​វិបត្តិជំងឺ​នេះដូចគ្នា រហូតដល់ប្រទេសខ្លះបានដាក់ប្រទេសខ្លួនក្នុងភាពអាសន្ន ដោយបិទការហ្វិតហាត់ ការប្រកួតទាំងអស់។

ឯកឧត្ដមបានបន្ថែមថា ក្នុងស្ថានភាពនេះ គឺកីឡាករ កីឡាការិនីជម្រើស​ជាតិទាំងអស់​ត្រូវបានឈប់សម្រាក ប៉ុន្តែគឺជាការសម្រាកសកម្ម ដែលនៅមានការហ្វឹកហាត់ នៅតាមផ្ទះ ដែល​គោលដៅស៊ីហ្គេម ២០២៣ ត្រូវតែធ្វើ ហើយត្រូវឈរនៅលើស្មារតីធ្វើដោយការទទួល​ខុស​ត្រូវ និងធ្វើឱ្យជោគជ័យ៕

ដោយ ហេង ណាលីន