ឯកឧត្តម គួច ចំរើន នាំយកអំណោយសង្គ្រោះចែកជូនប្រជាពលរដ្ឋទីទ័លក្រ និងចាស់ជរា ចំនួន១៨គ្រួសារ នៅស្រុកកំពង់សិលា

AKP ព្រះសីហនុ ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ — នាព្រឹកថ្ងៃពុធ ៨រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ ឯកឧត្ដម គួច ចំរើន ប្រធានសាខាកាកបាទក្រហមខេត្តព្រះសីហនុ ដឹកនាំសមា ជិក​សាខា និងយុវជនកាកបាទក្រហមខេត្ត នាំយកអំណោយរបស់សាខាកាកបាទក្រហម ខេត្តព្រះសីហនុ ជូនដល់ប្រជាពលរដ្ឋទីទ័លក្រ និងចាស់ជរាចំនួន ១៨គ្រួសារ នៅឃុំចំការ ហ្លួង ស្រុកកំពង់សិលា ខេត្តព្រះសីហនុ។

ឯកឧត្តម គួច ចំរើន ប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ មាន ប្រសាសន៍ថា ដោយសារតែជំងឺ Covid-19 កំពុងរីករាលដាលពេញពិភពលោក ហើយកម្ពុជា យើងក៏កំពុងធ្វើយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 កុំឱ្យរាលដាលឆ្លងក្នុងសហគមន៍ មូលដ្ឋាន ដូច្នេះបងប្អូនប្រជាពលរដ្ឋត្រូវរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 ទាំងអស់គ្នា ត្រូវធ្វើការលាងសម្អាតដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ ទឹកស្អាត ជែល អាល់កុល ពិសេសត្រូវធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីចៀសផុតពីជំងឺ Covid-19 ក្នុងសហគមន៍របស់យើង។

ឯកឧត្តម គួច ចំរើន ក៏បានពាំនាំនូវការសាកសួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិតតែងតែគិតគូរពីសុខ ទុក្ខរបស់បងប្អូនប្រជាពលរដ្ឋកម្ពុជា នៅទូទាំងប្រទេស គឺធ្វើយ៉ាងណាជួយប្រជាពលរដ្ឋ របស់យើងបានទាន់ពេលវេលា ដោយមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ខ្វះខាតស្បៀងអាហារ ស្លាប់នោះទេ។ ព្រមទាំងបានធ្វើការផ្តាំផ្ញើដល់អនុសាខាកាកបាទសាសាក្រហមនៅតាមក្រុង ស្រុក ត្រូវបន្តយកចិត្តទុក្ខដាក់ចុះពិនិត្យទៅដល់ខ្នងផ្ទះប្រជាពលរដ្ឋ ដើម្បីយើងមានវិធានការ ឆ្លើយតបបានទាន់ពេលវេលា។

អំណោយដែលសាខាកាកបាទក្រហមខេត្តព្រះសីហនុ ចែកជូនប្រជាពលរដ្ឋទីទ័លក្រ និងចាស់ជរាទាំង១៨គ្រួសារ នៅឃុំចំការហ្លួង ស្រុកកំពង់សិលា ខេត្តព្រះសីហនុ ដោយក្នុង១ គ្រួសារៗទទួលបាន អង្ករ ២៥គីឡូក្រាម, ម៉ាស់ ២ប្រអប់, ទឹកអាល់កុលសម្លាប់មេរោគ ១ដប, ជែលលាងដៃ ១ដប, ទឹកបរិសុទ្ធ ១កេស, ទឹកក្រូច ១កេស, ត្រីខ ១យួរ, មី ១កេស, អាវយឺត៥ និងថវិកា ៥០,០០០រៀល៕

ដោយ ងូ សុមុនី