កម្មករ កម្មការិនី ដែលធ្វើការងារក្នុងរោងចក្រ នៅខេត្តព្រៃវែង បន្តធ្វើការធម្មតា តាមសេចក្តី​ប្រកាសរបស់រាជរដ្ឋាភិបាល

AKP ព្រៃវែង ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ — ដោយអនុវត្តន៍តាមការណែនាំ និងសេចក្តីប្រកាសរបស់រាជរដ្ឋាភិបាលក៏ដូចជាការចូលរួមទប់​ស្កាត់​​ការរីករាលដាលជំងឺកូវីដ-១៩នោះ កម្មករ កម្មការិនីរោងចក្រនៅក្នុងខេត្តព្រៃវែងទាំងអស់​បានចូលធ្វើការជាធម្មតា ដោយមិនមានការឈប់សម្រាកនោះទេក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃ​ណីជាតិខ្មែរ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០នេះ។ នេះបើយោងតាមមន្ទីរ​ព័ត៌​មានខេត្ដព្រៃវែង។

កម្មការិនី ឡូន ស្រីនាង ដែលជាប្រធានក្រុម នៃរោងចក្រ ថប់ ស៊ី លី វើ លីមិតធិត បាន​ឱ្យដឹងថា កម្មករ កម្មការិនីទាំងអស់ នឹងសហការចូលរួមជាមួយការប្រកាសរបស់រាជ​រដ្ឋាភិ​បាល និងក្រសួងសុខាភិបាលដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ​ដោយបន្ដ ធ្វើ​ការ​ធម្មតា បើទោះបីជាថ្ងៃចូលឆ្នាំខ្មែរក៏ដោយ។ កញ្ញាបានបន្ដថា ទោះបីជាចូលឆ្នាំខ្មែរនេះ​មានតែម្ដងក៏ពិតមែន ប៉ុន្តែបើយើងឆ្លងជំងឺកូវីដ-១៩នេះ យើងនឹងខាតបង់នូវប្រាក់ចំណូល ខាតបង់ពេលវេលា ហើយការសម្រេចចិត្តរបស់កម្មករ កម្មការិនីទាំងអស់នេះ គឺដើម្បីបញ្ចៀស​ខ្លួនរបស់ពួកគាត់ពីការជូបជុំ ដោយយើងមិនដឹងថានរណាម្នាក់ផ្ទុកនូវជំងឺកូវីដ-១៩ នោះទេ។ កម្មការិនីរូបនេះបានបន្ថែមថា ដូច្នេះ ដើម្បីកុំឱ្យមានការឆ្លងជំងឺកូវីដ-១៩ មកដល់ខ្លួនគាត់ ក្រុមគ្រួសាររបស់គាត់ និងនៅក្នុងសហគមន៍របស់គាត់ គឺកម្មករ កម្មការិនីទាំងអស់សម្រេច​ចិត្តនៅធ្វើការជាធម្មតាក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មីនេះ។

ជាមួយគ្នានេះ កម្មការិនី ឡូន ស្រីនាង បានអះអាងថា ចំពោះបងប្អូនកម្មករ កម្មការិនី នៅតាម​រោង​ចក្រនីមួយៗក្នុងខេត្តព្រៃវែង គឺបានអនុវត្តន៍យ៉ាងត្រឹមត្រូវតាមការណែនាំរបស់​ក្រសួងសុខាភិបាលដោយមានការបាញ់ វាស់កម្តៅ លាងដៃជាមួយនឹងទឹកអាល់កុលជាប្រចាំ មុនចូលធ្វើការងារ។

លោក ណុប សាវ៉ាត ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តព្រៃវែង បាន​កោតសរសើរចំពោះសកម្មភាព និងការយល់ដឹងរបស់កម្មករ កម្មការិនីទាំងអស់ ដែល​បាន​អនុវត្តន៍តាមសេចក្តីប្រកាសរបស់រាជរដ្ឋាភិបាល ដោយនៅតែខិតខំបំពេញការងារ ដែលជា​ប្រភព​ប្រាក់ចំណូលសម្រាប់ចិញ្ចឹមជីវភាពរបស់គាត់។ លោកបានបញ្ជាក់ថា សកម្មភាពធ្វើ​ការងារជាធម្មតារបស់បងប្អូនកម្មករ កម្មការិនីក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មីនេះ ក៏ជាការកាត់​បន្ថយ​ការជួប​ជុំគ្នាក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដើម្បីកុំឱ្យមានការឆ្លងរីករាល​ដាល​ជំងឺ​កូវីដ-១៩ ពីមនុស្សម្នាក់ទៅម្នាក់ ពីគ្រួសារមួយទៅគ្រួសារមួយទៀត ជាពិសេសដើម្បី​ឱ្យប្រទេស​កម្ពុជា​យើងចៀសផុតពីជំងឺដ៏កាចសាហាវមួយនេះ។

លោកប្រធានមន្ទីរក៏បានបញ្ជាក់បន្ថែមថា នៅក្នុងខេត្តព្រៃវែងគឺមានរោងចក្រធំៗចំនួន ៣ ដែលមានកម្មករ កម្មការិនីចំនួន ២,៦៥០នាក់៕

ដោយ រិទ្ធី