អភិបាលស្រុកបន្ទាយស្រី ខេត្ដសៀមរាប កំពុងរៀបចំគម្រោងធ្វើស្រែសមូហភាព ដើម្បី​ផ្ដល់​ប្រយោជន៍រួមដល់ប្រជាពលរដ្ឋ ខណៈជំងឺកូវីដ-១៩កើតមាននៅក្នុងប្រទេស

AKP សៀមរាប ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ — អភិបាលស្រុកបន្ទាយស្រី ខេត្ដសៀមរាប បានកំពុងសាកល្បងធ្វើស្រែសមូហភាពលើផ្ទៃ៤០​ហិកតា​ដើម្បីផ្ដល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋរួម ខណៈពេលប្រទេសជាតិកំពុងមានជំងឺ​កូវីដ-១៩។ នេះបើយោងតាមការសរសេរនៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់​លោក ឃឹម ហ្វីណង់ ​អភិបាល​ស្រុក​​បន្ទាយស្រី ខេត្តសៀមរាប។

លោក ឃឹម ហ្វីណង់ បានបញ្ជាក់ថា “រដ្ឋបាលស្រុកកំពុងសាកល្បងរៀបចំ​គម្រោង​ធ្វើ​ស្រែដើម្បីប្រយោជន៍រួមមួយ នៅលើផ្ទៃដីស្រែជិត៤០ហិកតា នៅក្នុងឃុំព្រះដាក់ ក្នុងគោល​បំណងគៀរគរធនធានរួម ដើម្បីផលិតជាអង្កររួម ទុកចែកជូនដល់ប្រជាពលរដ្ឋទីទ័លក្រ​ខ្លាំងនៅក្នុងស្រុក”។ លោកបានលើកឡើងថា​ក្នុងកាលៈទេសៈដែលការរីករាលដាលនៃ​មេរោគកូវីដ-១៩ កំពុងតែបង្កឱ្យមានហានិភ័យទៅដល់សេដ្ឋកិច្ចគ្រួសារ និងជីវភាពប្រចាំថ្ងៃ​របស់បងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុក ហើយជម្រើសល្អបំផុតមួយគឺការធានាឱ្យមាន​សុវត្ថិ​ភាព​​ស្បៀងអាហារ ជាពិសេសសម្រាប់ប្រជាពលរដ្ឋក្រីក្រ ជនពិការ និងចាស់ជរា ដែល​ងាយ​រងផលប៉ះពាល់ និងតម្រូវឱ្យមានការយកចិត្តទុកដាក់ខ្ពស់។ លោកអភិបាលស្រុកបានបន្ដថា ការធ្វើស្រែសមូហភាពនេះមានប្រជាជនទាំង៣៩គ្រួសារ មកពីភូមិអូរទទឹង និងភូមិថ្នល់ទទឹង បានយល់ព្រមជាគោលការណ៍ ផ្តល់ដីស្រែជិត៤០ហិកតារបស់ពួកគាត់រហូតដល់ដំណាច់​ឆ្នាំ២០២០ ជូនរដ្ឋបាលស្រុក ដើម្បីដំណើរការសាកល្បងគម្រោងមួយនេះ។

លោកបានអះអាងថា បើមិនមានអ្វីប្រែប្រួលទេ ៣ខែទៀតយើងនឹងអាចទទួលបាន​ផលពី«ស្រូវស្រាលដើមរដូវ»ជុំទី១ ដើម្បីចែកជូនទៅម្ចាស់ស្រែវិញផង(ក្នុងចំនួនប្រហាក់​ប្រហែល​នឹង​​ធ្វើដោយខ្លួនឯង) និងសល់ប៉ុន្មានទុកចែកជូនប្រជាពលរដ្ឋគោលដៅផង មុននឹង​សម្រេចបន្តជុំទី២ទៀត ប្រសិនបើកាលៈទេសៈអំណោយផល។ លោកអភិបាលលើកឡើង​ទៀតថា ការធ្វើស្រែសមូហភាពនេះ នឹងប្រើប្រាស់ធនធានដែលមានស្រាប់ បូករួមនឹងការ​គៀរគរ​បន្ថែមពីសប្បុរសជន តាមរយៈការខ្ចីស្រែពីអ្នកស្រុកដែលស្ថិតនៅជិតប្រភពទឹកស្រាប់ ធ្វើស្រូវស្រាលដើមរដូវដោយប្រើប្រាស់ពូជថ្មី១០០ថ្ងៃ និងទទួលបានការឧបត្ថម្ភ ពូជស្រូវ ជី ម៉ាស៊ីនគ្រឿងចក្រ ប្រេង និងកម្លាំងស្ម័គ្រចិត្តជួយស្ទូងនិងច្រូត។ លោកបានបន្ថែមថា រួមធ្វើ រួមចំណាយ រួមប្រមូលផល រួមសុខរួមទុក្ខ ក្នុងគ្រាលំបាក ដោយមិនទុកឱ្យនរណាម្នាក់នៅក្នុង​ស្រុកដាច់ពោះឡើយ។

លោក ឃឹម ហ្វីណង់ បានបញ្ជាក់បន្ថែមថា គម្រោងនេះស្ថិតនៅក្នុងកម្រិតសាក​ល្បង នៅឡើយ ហើយ សង្ឃឹមថាលទ្ធផលជាក់ស្តែងនឹងបានជាគំរូយកទៅអនុវត្តន៍បន្ត ក្នុងវិសាល ភាពធំជាងនេះ និងនៅកន្លែងផ្សេងទៀតនៅក្នុងស្រុក ដើម្បីផ្តល់ផលប្រយោជន៍រួមរឹតតែ​ច្រើន៕

ដោយ ប៊ុនរិទ្ធ