បទយកការណ៍៖ គ្រប់សាសនា គ្រប់និន្នាការ កំពុងតែយកចិត្តទុកដាក់នឹងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩

AKP ភ្នំពេញ ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ —  « ខ្មែរជួយខ្មែរ » ជាពាក្យមួយឃ្លាដ៏មានអត្ថន័យ ក្នុងនោះសកម្មភាពមនុស្សធម៌ជាច្រើន​ បានកើតឡើងនៅក្នុងស្រទាប់មហាជន សិស្ស និស្សិត មន្ត្រីរាជការ កម្មករ កម្មការិនី នៅក្នុងសង្គមកម្ពុជា សូម្បីតែស្ថាប័នសាសនានានាក៏កំពុងតែយកចិត្តទុកដាក់នៅក្នុងការប្រយុទ្ធប្រឆាំងនឹងបញ្ហារីករាលដាលនៃមេរោគកូវីដ១៩ (Covid-19) នេះដែរ​។

កាលពីពេលថ្មីៗនេះ ព្រះភិក្ខុ ព្រះនាម ហ៊ុយ ម៉េងទៀង គង់នៅវត្តមហាមន្ត្រី បានមានថេរដីការថា៖ «ពេលសង្គមមានជួបបញ្ហា (វិបត្តិកូវីដ១៩) មនុស្សគ្រប់រូបក្នុងសង្គមគឺមានតួនាទីចាំបាច់រួមគ្នាដោះស្រាយបញ្ហា មិនមែនរួមគ្នាបង្កើតបញ្ហា និងអង្គុយពោលស្តីឱ្យរួចខ្លួននោះទេ»។

ព្រះភិក្ខុអង្គ បានថេរដីការបន្តថា សកម្មភាពមនុស្សធម៌ទាំងនេះ ជាចលនាមួយក្នុងការជួយគ្នាទៅវិញទៅមក​ដោយមិនបែងចែកវណ្ណៈ ពណ៌សម្បុរ ឋានៈនោះទេ។ ការធ្វើសកម្មភាពមនុស្សធម៌នេះ ជាការចូលរួមចែករំលែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយប្រជាពលរដ្ឋដើម្បីជៀសផុតពីការរីករាលដាលនៃជំងឺរលាកផ្លូវដង្ហើមថ្មី​ ដែលបណ្តាលមកពីមេរោគឬវីរុសកូវី​ដ១៩ ។

ព្រះភិក្ខុមួយព្រះអង្គទៀត ព្រះនាម រឿម ណាម បានមានថេរដីការថា៖ «ការចែករំលែកគ្នាក្នុងគ្រាលំបាកនេះ ជាការមួយប្រសើរណាស់ ជាពិសេសបានចូលរួមបន្ធូរបន្ថយការលំបាករបស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ១៩ ក្នុងសហគមន៍កម្ពុជា»។

ព្រះភិក្ខុ រឿម ណាម បានបន្ថែមថា សម្ភារបរិក្ខាចាំបាច់មួយចំនួន ដូចជា អាល់កុល និងម៉ាស​ជាងមួយម៉ឺន ត្រូវបានបែងចែក សម្រាប់ជួយប្រជាពលរដ្ឋដែលខ្វះខាតលទ្ធភាពទិញ ក៏ដូចជាជួយក្នុងការរក្សាសុវត្ថិភាព អនាម័យ និងការចូលរួមជួយផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យយល់ដឹងពី ការរក្សាអនាម័យ និងការទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ១៩ ក្នុងប្រទេសកម្ពុជា។

ដោយឡែក កាលពីកន្លងទៅថ្មីៗនេះ គ្រួ​សារជាង៥០គ្រួសារ​នៅភូមិស្លែងដីដុះ ឃុំព្រែកតាទែន ស្រុកពញា​ឮ​ ខេត្តកណ្តាល បានទទួលអំណោយពីព្រះសហគមន៍កាតូលិកមណ្ឌលសកម្មភ្នំពេញខាងជើងផងដែរ។

ព្រះសហគមន៍កាតូលិក គឺតែងតែបានយកចិត្តទុកដាក់លើកម្មវិធីមនុស្សធម៌នានា ដោយតាំងពីដើម​រៀងមក គឺតែងតែសហការជាមួយនឹងព្រះសង្ឃ និងសហគមន៍អ្នកកាន់ជំនឿផ្សេងៗទៀតធ្វើសកម្មភាព មនុស្សធម៌នានា ជាបន្តបន្ទាប់​។​

លោកបូជាចារ្យ រឿង ឆ័ត្រសិរី  ប្រធានមណ្ឌលសកម្មភាពភ្នំពេញខាងជើង នៃព្រះសហគមន៍កាតូលិកនៅ កម្ពុជា បាន​មាន​ប្រសាសន៍​ថា កម្មវិធីចែករំលែកនេះជាការជួយសម្រាលទុក្ខបងប្អូនប្រជាពលរដ្ឋក្រីក្រទាំងអស់។

លោកបូជាចារ្យបាន​ថ្លែងបន្តថា៖ «ដោយសារមើលឃើញជីវភាពខ្វះខាតរបស់បងប្អូន ដែលមានមុខរបរស៊ីឈ្នួល ដើរលក់តាមផ្លូវ ឬធ្វើការតាមរោងចក្រ ក្នុងសភាពការណ៍ដែលកំពុងមានមេរោគកូវីដ១៩រាលដាល ព្រះសហគមន៍បានប្រមូលវិភាគទានពីបងប្អូនសប្បុរសជននៅ​រាជ​ធានី​ភ្នំពេញ ដើម្បីជួយដល់បងប្អូនក្រីក្រទាំង៥១គ្រួសារនៅតំបន់នេះ»។

ស្របពេលនេះដែរ ប្រធានគម្រោងរបស់សមាគមសហគមន៍កាតូលិកកម្ពុជា (CCCA) លោកវេជ្ជបណ្ឌិត ជួង សាវឿន តំណាងអភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ ក៏បាននាំយកម៉ាស សាប៊ូលាងដៃ​ និងផ្ទាំងផ្សព្វផ្សាយព័ត័មាន ផ្តល់ជូនដល់​មន្ទីរពេទ្យរាជធានី និងខេត្តមួយចំនួនកាលពីពេលថ្មីៗ​កន្លង​មក​នេះដែរ។ ​

បន្ទាប់ពី​ទទួល​បាន​នូវ​សម្ភារសម្រាប់​ប្រើ​ប្រាស់​នៅក្នុង​មន្ទីរ​ពេទ្យ​រួច​ហើយ មន្ទីរ​ពេទ្យបង្អែកខេត្តព្រះសីហនុ បាន​សម្តែង​នូវ​ការ​ថ្លែង​អំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ព្រះសហគមន៍កាតូលិកនៅកម្ពុជា ។

ទាំងនេះគឺជាសកម្មភាពមនុស្សធម៌របស់ស្ថាប័នសាសនានៅកម្ពុជា ដោយឡែកនៅក្នុងជួរថ្នាក់ដឹកនាំ ប្រទេស និងស្ថាប័នរដ្ឋឯណោះវិញ ក៏កំពុងតែផុលផុសនៅក្នុងការបរិច្ចាកប្រាក់បៀវត្សរ៍ប្រចាំខែ ទៅតាមធន​ធាន និង​លទ្ធភាព ជាបន្តបន្ទាប់ ដោយខ្លះជាប្រាក់ខែពេញ ខ្លះដោយចំណែកណាមួយតាមរយៈពេលនៃការស្ម័គ្រចិត្ត ។

គិតមកដល់ត្រឹមថ្ងៃទី១៥ ខែមេសា ឆ្នាំ​២០២០​នេះ កម្ពុជាបានរកឃើញករណីវិជ្ជមានមេរោគកូវីដ១៩ សរុបចំនួន ១២២ករណី  ក្នុងនោះមាន ខ្មែរ ៥១នាក់ បារាំង ​៤០នាក់ ម៉ាឡេស៊ី ១៣នាក់ អង់គ្លេស​ ៥នាក់ ចិន ៣នាក់ វៀតណាម ​៣​នាក់ អាមេរិក ២នាក់ ឥណ្ឌូនេស៊ី ២នាក់ កាណាដា ២នាក់ និង បែលហ្សិក ម្នាក់ ។ ក្នុងចំណោមករណីសរុបទាំងអស់ អ្នកជំងឺ៩៦នាក់ត្រូវបានព្យាបាលជាសះស្បើយ និងត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ ។

ដោយ ផល​ សុផានិត