អភិបាលខេត្តបន្ទាយមានជ័យរម្លឹកដល់ក្រុមគ្រូពេទ្យ អាជ្ញាធរពាក់ព័ន្ធ បន្តប្រយុទ្ធប្រឆាំងជំងឺ កូវីដ-១៩

AKP បន្ទាយមានជ័យ ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ — អភិបាលខេត្តបន្ទាយមានជ័យឯកឧត្តម អ៊ុំ រាត្រី បានក្រើនរម្លឹកដល់ក្រុមគ្រូពេទ្យ និង​បុគ្គលិក​ពេទ្យ​របស់​យើង​ទាំងអស់​នៅ​ទូទាំង​ខេត្ត ឱ្យបង្កើនការយកចិត្តទុកដាក់ថែមទៀត ​​ដើម្បី​រួមចំណែក​ធ្វើ​ឱ្យ​កិច្ចការ​បង្ការ ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ-​១៩​​​​​​នេះ​ ដោយ​នាំមក​នូវ​សុខុមាលភាព និង​ការពារ​បាន​នូវ​អាយុជីវិត​របស់​ប្រជាពលរដ្ឋ​ជាសំខាន់​បំផុត​នោះ។

ការថ្លែងជំរុញបែបនេះក្នុងឱកាសឯកឧត្តម អ៊ុំ រាត្រី រួមនឹងក្រុមការងារ បានចុះជួបសំ ណេះសំណាលសួរសុខទុក្ខ និងផ្តល់ជូនថវិកាដល់ក្រុមគ្រូពេទ្យ​​តាមមណ្ឌលសុខភាព ប៉ុស្តិ៍ សុខភាពនិងមន្ទីរពេទ្យបង្អែក និងកងកម្លាំងប្រដាប់អាវុធដែលកំពុងបំពេញការងារនៅជួរមុខ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅក្នុងស្រុកថ្មពួក, ស្រុកស្វាយចេក, ស្រុកអូរជ្រៅ និងក្រុង ប៉ោយប៉ែត កាលពីរសៀលថ្ងៃអង្គារ ៧រោច ខែចេត្រ ឆ្នាំជូត ឯកស័ក ព.ស.២៥៦៣ ត្រូវនឹង ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០។

ក្នុងឱកាសនោះអភិបាលខេត្តបន្ទាយមានជ័យ បានកោតសរសើរដល់ក្រុមគ្រូពេទ្យ បុគ្គលិកពេទ្យ រួមទាំងអាជ្ញាធរពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធទាំងអស់ដែលបាននិងកំពុង​ បានរួម​ចំណែក​យ៉ាងសកម្ម​​ ក្នុងការ​បំពេញ​បេស​ក​កម្មប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ពិសេស ក្រុម​ប្រចាំការជួរមុខ​តាម​គោលដៅ​នានា ដើម្បី​ពិនិត្យ និង​តាមដាន​សុខភាព​ប្រជាពលរដ្ឋ និង​បងប្អូន​ពលករ កម្មករមកពី​ក្រៅ​ប្រ​ទស និង​ក្រៅ​ខេត្ត ដែល​ធ្វើដំណើរ​ត្រឡប់មក​ស្រុកកំណើត ​ក្នុង​ខេត្ត​បន្ទាយមានជ័យ និង​ត្រូវ​បានដាក់​ឱ្យ​នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក មណ្ឌល​ត្រួតពិនិត្យ​សុខ ភាព និង​ដាក់​ឱ្យ​នៅ​ដាច់ដោយឡែក​នៅតាម​ផ្ទះ​រៀងៗ​ខ្លួន ដែល​ការលះបង់​ទាំងនេះ គឺជា​វីរ ភាព​មួយ​គួរ​ឱ្យ​កោតសរសើរ និង​ស្ងប់​ស្ងែ​ង ។ ​ឯកឧត្ដម​អភិបាលខេត្ត សង្ឃឹមថា គ្រូពេទ្យ និង​បុគ្គលិក​ពេទ្យ​របស់​យើង​ទាំងអស់​នៅ​ទូទាំង​ខេត្ត នឹង​នៅតែ​បន្ត​ចូលរួម​ក្នុង​បេសកកម្ម​ដ៏​ប្រពៃ​នេះ ដើម្បី​រួមចំណែក​ធ្វើ​ឱ្យ​កិច្ចការ​បង្ការទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ-​១៩​​​​​​នេះ​ ដោយ​នាំមក​នូវ​សុខុមាលភាព និង​ការពារ​បាន​នូវ​អាយុជីវិត​របស់​ប្រជាពលរដ្ឋ​ជាសំខាន់​បំផុត​។

ជាមួយនោះឯកឧត្តម អ៊ុំ រាត្រី បាននាំយកថវិកាដែលបានមកពីការចូលរួមឧបត្ថម្ភរបស់ សប្បុរសជននានាប្រមាណជាង ១៣លានរៀល ផ្តល់ជូនដល់មន្ទីរពេទ្យបង្អែកស្រុកប្រតិបត្តិ មណ្ឌលសុខភាព ប៉ុស្តិ៍សុខភាព និងអង្គភាពពាក់ព័ន្ធដែលកំពុងចូលរួមបំពេញការងារនៅជួរ មុខប្រ​យុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩នេះផងដែរ៕

ដោយ ឈុន សារ៉ាត