បុរសជនជាតិឥណ្ឌូណេស៊ី២នាក់ដែលឆ្លងមេរោគកូវីដ-១៩មកពីប្រទេសថៃ ហើយត្រូវបានទទួលការព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប បានជាសះស្បើយហើយ 

AKP​ សៀមរាប ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០​ — បុរសជនជាតិឥណ្ឌូណេស៊ី២នាក់ ដែលបានឆ្លងមេរោគកូវីដ-១៩ មកពីប្រទេសថៃ បានជាសះស្បើយវិញហើយ បន្ទាប់ពីបានទទួលការព្យាបាលដោយយកចិត្តទុកដាក់ ពីសំណាក់ក្រុមគ្រូពេទ្យជំនាញនៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប អស់រយៈពេល២២ថ្ងៃកន្លងមក។ អ្នកទាំងពីរនេះត្រូវបានអនុញ្ញាតិឱ្យចេញពីមន្ទីរពេទ្យហើយ នារសៀលថ្ងៃអង្គារ ៧រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០។

លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប បានឱ្យដឹងថា បុរសជនជាតិឥណ្ឌូណេស៊ី២នាក់នេះ ត្រូវបានរកឃើញមានផ្ទុកវីរុសកូវីដ-១៩ កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ ដោយមន្ទីរពេទ្យមួយនៅទីក្រុងបាងកក។ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០ពួកគាត់បានធ្វើដំណើរចូលមកប្រទេសកម្ពុជា តាមច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត មុនពេលមានការបិទព្រំដែន។ នៅថ្ងៃទី២៣ ខែមីនា បុរសជនជាតិឥណ្ឌូណេស៊ីទាំង២នាក់នេះ បានមកដល់មន្ទីរពេទ្យបង្អែកខេត្តសៀមរាប ហើយត្រូវបាន​ធ្វើការពិនិត្យទៀត ឃើញថា មានមេរោគកូវីដ-១៩ និងបានឱ្យសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យនេះតែម្តង។

លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ បានបញ្ជាក់បន្ថែមដែរថា បុរសជនជាតិឥណ្ឌូណេស៊ីទាំង២នាក់នេះបានអនុញ្ញាតិឱ្យចេញពីមន្ទីរពេទ្យក៏ពិតមែន ក៏ប៉ុន្តែពួកគេត្រូវបន្តស្នាក់នៅក្នុងប្រទេសកម្ពុជា ។ ដូច្នេះហើយក្រុមគ្រូពេទ្យជំនាញបានណែនាំ ឱ្យពួកគេដាក់ខ្លួនឱ្យនៅដាច់ដោយឡែកចំនួន១៤ថ្ងៃបន្តទៀត ក្រោមការតាមដានរបស់មិត្តភ័ក្ររបស់គេជាជនជាតិឥណ្ឌូណេស៊ីដូចគ្នា ដែលកំពុងធ្វើការនៅសៀមរាប។

ដោយក្តីរំភើបកក់ក្តៅ ចំពោះការស្នាក់នៅ និងព្យាបាលនៅក្នុងប្រទេសកម្ពុជា ទាំង២នាក់នោះ បានថ្លែងនូវការកោតសរសើរចំពោះគោលនយោបាយនិងទឹកចិត្តមនុស្សធម៌របស់ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា និងអរគុណដ៏ជ្រាលជ្រៅបំផុតនៃក្រុមគ្រូពេទ្យ ដែលបានសង្គ្រោះជីវិតរបស់ពួកគេឆ្លងផុតពីគ្រោះប្រល័យដោយជំងឺកូវីដ-១៩។

សូមបញ្ជាក់ថា មន្ទីពេទ្យបង្អែកខេត្តសៀមរាប មកដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០នេះ បានរកឃើញអ្នកឆ្លងមេរោគកូវីដ-១៩ ចំនួន៧នាក់ និងបានព្យាបាលឱ្យជាសះស្បើយចំនួន ៥នាក់ហើយ៕

ដោយ ឃុត សៅ