មជ្ឈមណ្ឌលហ្វឹកហ្វឺនកីឡាទទួលបានសម្ភារៈកម្ចាត់មេរោគកូវីដ-១៩ ចំនួន១០ឈុត

AKP ភ្នំពេញ ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ — មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាទទួលបានសម្ភារៈកម្ចាត់មេរោគកូវីដ-១៩ ចំនួន១០ឈុត ដែលទទួលបានការឧបត្ថម្ភពីម្ចាស់ភោជនីយដ្ឋានទសវត្សរ៍ទី៦០ កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០។

លោក ប៉ុន សុខ ​ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡានៃក្រសួងអប់រំ យុវជន និង​កីឡាគូសបញ្ជាក់ថា សម្ភារៈ ដែលទទួលបាននេះ មានដូចជាម៉ាស៊ីនបាញ់ថ្នាំធំ-តូច១០គ្រឿង អាកុល ថ្នាំ និងអាវការពារ ដែលសម្ភារៈទាំងអស់នេះទទួលបានការឧបត្ថមពីម្ចាស់​ភោជនីយ​ដ្ឋានទសវត្សរ៍ទី៦០។ ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាបន្ថែមថា នៅក្នុងការឧបត្ថម្ភនេះ យើងបានបែងចែកទៅតាមគោលដៅខុទ្ធកាល័យរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា, អគ្គនាយ​កដ្ឋានកីឡា អង្គភាព៣ផ្សេងទៀតដូចជាវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា, នាយក​ដ្ឋានអប់រំកាយ និងកីឡា និងនាយកដ្ឋាន អប់រំកាយ និងកីឡាសិស្សនិស្សិត ហើយនៅសល់​គឺមជ្ឈ​មណ្ឌលជាតិហ្វឹកហ្វឺនកីឡារក្សាទុកសម្រាប់ការប្រើប្រាស់បាញ់សម្លាប់មេរោគ នៅពហុ​កី​ឡដ្ឋានជាតិអូឡាំពិក និងនៅពហុកីឡដ្ឋានជាតិមរត៌កតេជោ៕

ដោយ ហេង ណាលីន