អភិបាលខេត្តសៀមរាប ចុះត្រួតពិនិត្យកម្លាំងចម្រុះប្រចាំការគោលដៅព្រំប្រទល់ខេត្ត សៀមរាប និងខេត្តឧត្ដរមានជ័យ ក្នុងភូមិសាស្រ្តស្រុកស្រីស្នំ

AKP សៀមរាប ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ — ឯកឧត្ដម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បាន ចុះត្រួតពិនិត្យកម្លាំងចម្រុះដែលកំពុងនៅប្រចាំការលើគោលដៅព្រំប្រទល់ខេត្តសៀមរាប និង ខេត្តឧត្ដរមានជ័យ ក្នុងភូមិសាស្រ្តស្រុកស្រីស្នំ និងបានជួបសំណេះសំណាលជាមួយប្រជា ពលរដ្ឋដែលទើបត្រឡប់មកពីប្រទេសថៃ នៅស្រុកស្រីស្នំ ដែលកំពុងស្នាក់នៅដាច់ដោយ ឡែកក្នុងរយៈពេល ១៤ថ្ងៃ នៅក្នុងសាលាបឋមសិក្សាប្រីយ ឃុំប្រីយ ស្រុកស្រីស្នំ ខេត្តសៀម រាប ដើម្បីត្រួតពិនិត្យចំពោះជំងឺកូវីដ-១៩។ ការចុះពិនិត្យរបស់ឯកឧត្ដមអភិបាលខេត្ដនេះ ក៏ មានការចូលរួមអមដំណើរដោយលោក លោកស្រី ជាអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានា ក្នុងខេត្ត ក្រុមយុវជននៃ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប និង​ក្រុមយុវជន ស្ម័គ្រចិត្តគាំទ្ររាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០។

ក្នុងឱកាសចុះត្រួតពិនិត្យកម្លាំងចម្រុះប្រចាំការគោលដៅព្រំប្រទល់ខេត្តសៀមរាប និង ខេត្តឧត្ដរមានជ័យ ឯកឧត្ដម ទៀ សីហា អភិបាលខេត្តសៀមរាប បានសម្ដែងនូវការកោតសរ​សើរចំពោះកងកម្លាំងចម្រុះដែលកំពុងប្រចាំការនៅគោលដៅនេះ ដែលបានយកអស់កម្លាំង​កាយចិត្តបំពេញភារកិច្ច តាមតួនាទីរបស់ខ្លួនដោយស្មារតីទទួលខុសត្រូវខ្ពស់។ ជាពិសេស​ការ​អនុវត្តនូវបទបញ្ជាលេខ០២ របស់រាជរដ្ឋភិបាលកម្ពុជា បានយ៉ាងខ្ជាប់ខ្ជួន ប្រកបដោយ​ប្រសិទ្ធ​ភាព សំដៅរួមចំណែកក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ខណៈដែលបច្ចុប្បន្ននេះ កំពុងកើតមានឡើងនៅលើសកលលោក បណ្ដាលឱ្យស្លាប់មនុស្សរាប់ម៉ឺននាក់។ ឯកឧត្ដម អភិបាលខេត្ដបានណែនាំ និងផ្ដាំផ្ញើដល់កងកម្លាំងចម្រុះដែលកំពុងប្រចាំការគោលដៅ ព្រំ​ប្រទល់​ខេត្តសៀមរាប និងអាជ្ញាធរស្រុកស្រីស្នំ ត្រូវបង្កើនស្មារតីការយកចិត្តទុកដាក់បន្តទៀត តាមបទបញ្ជាលេខ០២ របស់រាជរដ្ឋភិបាលកម្ពុជា ឱ្យបានម៉ឺងម៉ាត់បំផុត។ ជាមួយគ្នានេះ ដើម្បីជាការ​លើកទឹកចិត្ត ឯកឧត្ដម ទៀ សីហា បានជូនថវិកាមួយចំនួនដល់កងកម្លាំងចម្រុះ​ប្រចាំការគោលដៅព្រំប្រទល់ខេត្តសៀមរាបនិងខេត្តឧត្ដរមានជ័យ ក្នុងភូមិសាស្រ្តស្រុកស្រីស្នំ សម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃ ។

បន្ទាប់មកឯកឧត្ដម ទៀ សីហា អភិបាលខេត្តសៀមរាប និងប្រតិភូអមដំណើរ បាន​ចុះ​ជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលទើបត្រឡប់មកពីប្រទេសថៃ នៅស្រុកស្រីស្នំ ចំនួន១៧នាក់ ដែលកំពុងស្នាក់នៅដាច់ដោយឡែកក្នុងរយៈពេល១៤ថ្ងៃ នៅសាលាបឋម​សិក្សានិងអនុវិទ្យាល័យប្រីយ៍ ក្នុងឃុំប្រីយ៍ ព្រមទាំងបានសម្ដែងនូវការអរគុណចំពោះបងប្អូន​ប្រជាពលរដ្ឋដែលទើបត្រឡប់មកពីប្រទេសថៃ ដែលមានទីលំនៅក្នុងស្រុកស្រីស្នំនេះ ដែល​បានស្ម័គ្រចិត្តស្នាក់នៅដាច់ដោយឡែកក្នុងរយៈពេល ១៤ ថ្ងៃ ដើម្បីតាមដាន និងត្រួតពិនិត្យ​ករណីជំងឺកូវីដ-១៩ តាមការអំពាវនាវរបស់រាជរដ្ឋាភិបាល. ឯកឧត្ដមបានបន្ដថា ទង្វើនេះជា​សក្ខីភាព​មួយរបស់បងប្អូន ដែលបញ្ជាក់ថាបានចូលរួមចំណែកមួយយ៉ាងសំខាន់បំផុត​ជាមួយ​រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

ឯកឧត្ដម ទៀ សីហា ក៏បានផ្ដាំផ្ញើដល់បងប្អូនទាំងអស់ សូមស្ដាប់តាមការណែនាំរបស់​មន្ត្រី​សុខាភិបាល ព្រោះថា ប្រសិនបើយើងគ្មានជំងឺ ក្រុមគ្រួសារយើង និងសហគមន៍យើង ក៏មិនមានជំងឺដែរ។ ដូច្នេះស្ថិតក្នុងដំណាក់កាលនៃសកលលោកកំពុងកើតមានជំងឺកូវីដ-១៩​នេះ សូមបងប្អូនទាំងអស់ត្រូវចេះអំពីវិធីការពារការឆ្លងជំងឺកូវីដ-១៩ ដូចជា លាងដៃឱ្យបាន​ញឹកញាប់ជាមួយសាប៊ូ នឹងទឹកស្អាត ឬទឹកអាល់កុលលាងដៃ ខ្ទប់មាត់ និងច្រមុះ នៅពេលក្អក ឬកណ្ដាស់ ដោយកន្សែង ក្រមា ក្រដាស ឬដោយកែងដៃ ចៀសវាងប៉ះពាល់ជិតស្និទ្ធ​ជាមួយ​អ្នកដែលមានគ្រុនក្ដៅ និងក្អក ឬផ្ដាសាយ។ លើសពីនេះទៀត ហាមប៉ះពាល់ភ្នែក ច្រមុះ ឬមាត់  ត្រូវចម្អិនសាច់ ឬស៊ុតឱ្យបានឆ្អិនល្អ និងចៀសវាងប៉ះពាល់ជាមួយសត្វព្រៃរស់ឬកន្លែង​ ចិញ្ចឹមសត្វ ដោយគ្មានពាក់សម្ភារការពារខ្លួន៕

ដោយ ឃុត សៅ