ក្រសួងធនធានទឹក៖ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២១ ខែមេសាខាងមុខ កម្ពុជានឹងចុះត្រជាក់ និង​មានភ្លៀងធ្លាក់ពីតិចទៅច្រើន ព្រមទាំងបាតុភូតផ្គរ រន្ទៈ និងខ្យល់កន្ត្រាក់

AKP ភ្នំពេញ ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ — តាមការតាមដានអាកាសធាតុជាបន្ដបន្ទាប់មក ក្រសួងធនធានទឹក និងឧតុនិយមបាន​ព្យាករណ៍ថា កម្ពុជានឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅច្រើនរាយប៉ាយនៅតំបន់​មួយចំនួន​រួមទាំងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២១ ខែមេ សា ឆ្នាំ២០២០។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹកនិងឧតុនិយម។

ក្នុងសេចក្តីជូនដំណឹងបានបញ្ជាក់ថា តាមរយៈការតាមដានស្ថានភាពអាកាសធាតុជា​បន្តបន្ទាប់ សង្កេតឃើញថាជ្រលងសម្ពាធខ្ពស់រំកិលអូសបន្លាយមកលើខ្ពស់រាបឦសាន ខណៈ​ជ្រលងសម្ពាធទាប បន្តគ្រប់ដណ្តប់មកលើតំបន់វាលទំនាបកណ្តាល​និងតំបន់មាត់​សមុទ្រ ដែលស្ថានភាពបែបនេះធ្វើឱ្យធាតុអាកាសមានលក្ខណៈតាមបណ្ដាខេត្ត​នៅតំបន់​វាលទំនាបកណ្ដាលមានសីតុណ្ហភាពអប្បបរមាពី ២៤ ដល់២៧ អង្សាសេ និងនៅថ្ងៃទី១៥ ដល់១៨ ខែមេសា និងសីតុណ្ហភាពអតិបរមាមាន ៣២ ដល់ ៣៦ អង្សាសេ។ ទន្ទឹមនេះ ចាប់ពីថ្ងៃទី១៩ ដល់ ២១ ខែមេសា​ សីតុណ្ហភាព អតិបរមា មានពី៣៤ ដល់៣៨អង្សាសេ។ ចាប់ពីថ្ងៃទី ១៥ ដល់ ១៨​ខែមេសា មានភ្លៀងធ្លាក់រាយប៉ាយនៅក្នុង​កម្រិតពីតិចទៅច្រើន​និងបន្ទាប់ពីនោះភ្លៀងនឹងធ្លាក់ថមថយ។ ចំណែកឯបណ្តាខេត្តនៅតំបន់ខ្ពស់​រាបឦសានមាន​សីតុណ្ហភាពអប្បរមាពី២៣ ដល់២៥អង្សាសេ និង សីតុណ្ហភាពអតិបរមាមានពី៣២​ដល់៣៥​អង្សាសេ។ ជាមួយគ្នានេះ ផ្នែកមួយចំនួន នឹងអាចមានភ្លៀងធ្លាក់ពីខ្សោយទៅមធ្យម។

ក្រៅពីនេះ ចំពោះបណ្តាខេត្តនៅតំបន់មាត់សមុទ្រ​មានដីតុណ្ហភាពអប្បរមាពី២៥​ដល់​២៧អង្សាសេ និងសីតុណ្ហភាពអតិប្បរមាពី៣២ ដល់៣៤អង្សាសេ។​ចាប់ពីថ្ងៃទី១៥​ដល់១៧​ខែមេសា ឆ្នាំ២០២០ ផ្នែកមួយចំនួននឹអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅច្រើន នឹងបន្ទាប់​ពីនោះភ្លៀងធ្លាក់ថមថយ។

ក្រសួងធនធានទឹកក៏សូមអំពាវនាវដល់សាធារណជនមានការប្រុងប្រយ័ត្នចំពោះបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ដែលនឹងអាចកើតមាន​ពិសេសនោះនៅផ្នែកខ្លះ​នៃតំបន់វាល​ទំនាបកណ្តាល នឹងតំបន់ជួរភ្នំដងរែក ចាប់ពីថ្ងៃទី១៥ ដល់១៧ ខែមេសា ឆ្នាំ២០២០នេះ៕

ដោយ ប៊ុនរិទ្ធ