ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល ចុះសួរសុខទុក្ខកងកម្លាំងត្រួតពិនិត្យលើការធ្វើដំណើរ ដើម្បីបង្ការ និងទប់ស្កាត់ការរាតត្បាត នៃជំងឺកូវីដ-១៩

AKP កណ្តាល ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ — ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល នៅព្រឹកថ្ងៃចន្ទ ៦រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ បានដឹកនាំឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត មន្ទីរពាក់ព័ន្ធ ចុះពិនិត្យ និងសួរសុខទុក្ខដល់អាជ្ញាធរ និងកងកម្លាំងដែលកំពុងធ្វើសកម្មភាពត្រួតពិនិត្យលើការធ្វើដំណើរបស់ប្រជាពលរដ្ឋ នៅត្រង់ចំណុចព្រំប្រទល់រវាងស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល  និង ខេត្តតាកែវ, ស្រុកអង្គស្នួល ខេត្តកណ្ដាល និង ខេត្តកំពង់ស្ពឺ ដើម្បីផ្សព្វផ្សាយ និង អនុវត្តន៍តាមបទបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដាក់កំហិតលើការធ្វើដំណើរក្នុងប្រទេសរបស់ប្រជាពលរដ្ឋ ក្នុងបង្ការ និងទប់ស្កាត់ការរាតត្បាត នៃជំងឺកូវីដ-១៩ ។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ បានមានប្រសាសន៍ថា ដោយសារការព្រួយបារម្ភពីការរីករាលដាល នៃជំងឺកូវីដ-១៩ ទើបថ្មីៗនេះប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចេញបទបញ្ជាលេខ ០២ បប ចុះថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ និងលិខិត ៣៩ សសរ ស្តីពីការកែសម្រួលបទបញ្ជាលេខ ០២ ប.ប ចុះថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ ស្តីពីការដាក់កំហិតលើការធ្វើដំណើរក្នុងប្រទេស ក្នុងគោលដៅបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ និងបានចេញសេចក្តីប្រកាសឱ្យផ្អាកពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ហើយមន្ត្រីរាជការ ព្រមទាំងវិស័យឯកជនមិនអនុញ្ញាតឱ្យឈប់សម្រាកនោះទេ។ ក្នុងន័យនេះ ឯកឧត្តម បានក្រើនរម្លឹកដល់អាជ្ញាធរ និងកងកម្លាំងទាំងអស់ ត្រូវផ្សព្វផ្សាយ និងពន្យល់ដល់ប្រជាពលរដ្ឋឱ្យចូលរួមសហការ និងមានការយោគយល់ អធ្យាស្រ័យចំពោះវិធានការយ៉ាងម៉ឺងម៉ាត់នេះ ដើម្បីរួមគ្នាបង្ការ និងទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ នេះ និងបានលើកទឹកចិត្តដល់អាជ្ញាធរ និងកងកម្លាំងទាំងអស់ត្រូវខិខំ អនុវត្តន៍ឱ្យបានម៉ឺងម៉ាត់ ប្រកប ដោយប្រសិទ្ធភាពខ្ពស់ នូវរាល់បទបញ្ជារបស់រាជរដ្ឋាភិបាល។

ឯកឧត្តមក៏បានជំរុញដល់អជ្ញាធរ និងកងកម្លាំងគ្រប់លំដាប់ថ្នាក់ ត្រូវបន្តគ្រប់គ្រងពលករដែលទើបត្រឡប់មកពីក្រៅប្រទេសឱ្យបានច្បាស់លាស់ ។ ត្រូវអប់រំណែនាំ និងតាមដានសុខភាពរបស់ពួកគាត់ឱ្យបានជាប្រចាំ ហើយត្រូវបន្តយុទ្ធនាការចុះផ្សព្វផ្សាយនៅតាមមូល   ដ្ឋាន ឱ្យបានកាន់តែផុលផុសអំពីវិធានការ ការពារប្រយុទ្ធប្រឆាំងនឹងជំងឺកូវី-១៩។ នៅក្នុងដំណើរការចុះពិនិត្យ និងសួរសុខទុក្ខដល់អាជ្ញាធរ និងកងកម្លាំងនេះ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បានឧបត្ថម្ភដល់គោលដៅស្រុកកណ្តាលស្ទឹង នូវជែលលាងដៃ ១០ដប ម៉ាស់ ៦ប្រអប់ និងថវិកា ១.៩០០ដុល្លារអាម៉េរិក និងគោលដៅស្រុកអង្គស្នួល ជែលលាងដៃ ១០ដប ម៉ាស់ ៦ប្រអប់​ និងថវិកា ១.៨០០ដុល្លារអាម៉េរិក ផងដែរ ៕

ដោយ ណយ​នឿន (ប្រភពៈរដ្ឋបាលខេត្តកណ្តាល)