អាជ្ញាធរជាតិអប្សរាជួសជុលកម្រាលឈើថ្មើរជើងក្នុងបរិវេណប្រាសាទអង្គរវត្ត

AKP សៀមរាប ថ្ងៃទី១៤ ​​​ខែ​មេសា ឆ្នាំ២០២០ — នៅថ្ងៃចន្ទ ៦រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ ក្រុមការងារនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ នៃអាជ្ញាធរជាតិអប្សរា បានចាប់ផ្តើមជួសជុលកម្រាលឈើថ្មើរជើងបន្ថែមទៀតនៅខាងកើតលោកតារាជ ផ្នែកខាងក្នុង។ ជាមួយគ្នានោះដែរ ក្រុមការងារក៏បានសម្អាតស្លាកសញ្ញាបេតិកភណ្ឌពិភពលោក នៅខាងមុខផ្លូវចូលច្រកខាងលិច ប្រាសាទអង្គរវត្តផងដែរ។

យោងតាមការឱ្យដឹងពីលោក ឡុង កុសល ប្រធាននាយកដ្ឋានផ្សព្វផ្សាយ និងជាអ្នកនាំពាក្យនៃអាជ្ញាធរជាតិអប្សរាថា កិច្ចការផ្លាស់ប្តូរ ឬជួសជុលកម្រាលថ្មើរជើងថ្មី និងការសម្អាតស្លាកសញ្ញានានា និងការថែទាំរុក្ខជាតិទាំងនោះ គឺជាភារកិច្ចប្រចាំថ្ងៃរបស់ក្រុមការងារអាជ្ញាធរជាតិអប្សរា ដើម្បីលើកតម្លៃរមណីយដ្ឋានអង្គរ និងធ្វើឱ្យបរិស្ថានក្នុងបរិវេណប្រាសាទអង្គរវត្ត មានសោភណភាពកាន់តែល្អប្រសើរឡើងតែប៉ុណ្ណោះ ៕

ដោយហង្ស សៀក