រដ្ឋមន្រ្ដីក្រសួងព័ត៌មានចាប់អារម្មណ៍ចំពោះការទិញ លក់តាមប្រព័ន្ធអនឡាញ និងសេវាដឹក​ជញ្ជូនដល់ផ្ទះ ព្រោះជួយបង្កើនប្រាក់ចំណូលដល់អ្នករត់ម៉ូតូឌុប និងយុវជន

AKP ភ្នំពេញ ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ — ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មានបានបង្ហាញការចាប់អារម្មណ៍ចំពោះការទិញ លក់តាមប្រព័ន្ធអនឡាញ ដែលជារបស់របរប្រើបា្រស់ និងហាងលក់អាហារ ដឹកជញ្ជូនដល់ផ្ទះ មានភាពសម្មភាពច្រើនជាងគេ ពីព្រោះសេវានេះ បានជួយឱ្យអ្នករត់ម៉ូតូឌុប និងយុវជន អាច​ឆ្លៀតឱកាស ស្វែងរកប្រាក់ចំណូលប្រចាំថ្ងៃ ក្នុងពេលដែលបណ្តាប្រទេសក្នុងពិភពលោក ក៏​ដូច​ជាប្រទេសកម្ពុជា កំពុងជួបបញ្ហា នៃជំងឺកូវីដ-១៩។

ថ្លែងក្នុងកិច្ចប្រជុំពិសេសប្រចាំសប្តាហ៍របស់ថ្នាក់ដឹកនាំក្រសួងព័ត៌មាន នាព្រឹកថ្ងៃ​ទី​១៣ ខែមេសា ឆ្នាំ២០២០​ នៅទីស្ដីការក្រសួងព័ត៌មានឯកឧត្តម ខៀវ កាញារីទ្ធ បានមាន​ប្រសាសន៍​ថា ការកើនឡើងនេះគឺជាការសម្របខ្លួន នៃសេវាចាស់ និងសេវាថ្មី ការលក់តាម​អនឡាញ ការដឹកជញ្ជូនដល់ផ្ទះ ដែលជាការវិវត្ដ និងការសម្របរបស់សហគ្រិន នៅក្នុង​សភាព​ការណ៍ នៃយុគសម័យថ្មី ក្នុងសម័យកូរូណា ឬជំងឺកូវីដ-១៩។

ជាមួយគ្នានេះ ឯកឧត្ដមរដ្ឋមន្រ្ដីបានបញ្ជាក់ថា សម្រាប់ពិធីបុណ្យចូលឆ្នាំខ្មែរ ដែលប្រ​ព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា  ឆ្នាំ២០២០នេះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា សម្រេចលើកទៅពេលក្រោយ ក្នុងពេលវេលាមួយសមស្រប សម្រាប់ការឈប់ សម្រាករបស់​មន្រ្តីរាជការ កម្មករ និយោជិត។ ដូច្នេះមន្រ្តីរាជការធ្វើការធម្មតា ហើយកម្មករ តាមបណ្តា​រោងចក្រប្រមាណ៩៥ភាគរយ នៅទូទាំងប្រទស បាននិងកំពុងធ្វើការងារដដែល។ ឯកឧត្ដម​រដ្ឋមន្រ្តី​បានថ្លែងការកោតសរសើរដល់ក្រុមការងារទូរទស្សន៍ជាតិកម្ពុជា ដែលបានចុះទៅធ្វើ​ការថតផ្សាយផ្ទាល់ពីតាមបណ្តាខេត្ត និងតាមព្រំប្រទល់រាជធានីភ្នំពេញ ពីសកម្មភាពការងារ​របស់​អាជ្ញាធរដែនដី ក្នុងកិច្ចខិតខំប្រឹងប្រែង ទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ពិសេសពិនិត្យតាមដានពីការវិលត្រឡប់មកវិញរបស់បងប្អូនពលករខ្មែរ មកពីក្រៅប្រទេស ​ចូលក្នុងតំបន់មូលដ្ឋានរបស់ខ្លួនវិញ។ ឯកឧត្ដមក៏បានជំរុញឱ្យក្រុមការងារព័ត៌​មានរបស់វិទ្យុ​ជាតិ ទូរទស្សន៍ជាតិកម្ពុជា និងទីភ្នាក់ ងារសារព័ត៌មានកម្ពុជា AKP  ត្រូវខិតខំស្វះស្វែងរកព័ត៌​មាន អ្វីថ្មីៗមកផ្សាយ ក្នុងពេលដែល​មានការបិទផ្លូវ ហើយប្រជាពលរដ្ឋមិនសូវដើរចេញ​មកក្រៅ ដោយសារការខ្លាចឆ្លងជំងឺកូវីដ-១៩ ហើយនៅសម្រាកតែក្នុងផ្ទះ៕

ដោយ រិទ្ធី រូបថត៖ ខឹម សុវណ្ណារ៉ា