សមាគមផ្គត់ផ្គង់សម្ភារបរិក្ខារពន្លត់អគ្គិភ័យរបស់ចិន បានផ្តល់ម៉ូតូ ០៥គ្រឿងដល់រដ្ឋបាលខេត្តព្រះសីហនុ

AKP ព្រះសីហនុ ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ — នាព្រឹកថ្ងៃចន្ទ ៦រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ លោកស្រី  Chanapha TANGJITSANGTI ប្រធានសមាគមផ្គត់ផ្គង់សម្ភារបរិក្ខារ ពន្លត់អគ្គិភ័យនៃប្រទេសចិន បានផ្តល់ម៉ូតូចំនួន ០៥គ្រឿងដល់រដ្ឋបាលខេត្តព្រះសីហនុ។

លោកស្រី Chanapha TANGJITSANGTI បានមានប្រសាសន៍ថា ដោយអគ្គិភ័យនៅ កម្ពុជាមានច្រើន ហើយខ្វះខាតសម្ភារបម្រើឱ្យការពន្លត់អគ្គិភ័យ ទើបលោកស្រីបាន សុំទៅក្រសួងមហាផ្ទៃបង្កើតសមាគមផ្គត់ផ្គង់បរិក្ខារពន្លត់អគ្គិភ័យមានសាខាពីរ គឺនៅភ្នំពេញ និងនៅខេត្តព្រះសីហនុ ដើម្បីជួយសម្រួលការខ្វះចន្លោះនៃការប្រើប្រាស់ប្រព័ន្ធពន្លត់ អគ្គិភ័យនេះ ស្របពេលដែលខេត្តព្រះសីហនុការអភិវឌ្ឍរីកចម្រើនមានដូចជា សណ្ឋាគារ កាស៊ីណូ និងអគារខ្ពស់ៗជាច្រើនទៀត។

ក្នុងឱកាសនោះលោកស្រីក៏បានសុំការសហការ គាំទ្រពីរដ្ឋបាលខេត្តព្រះសីហនុ ហើយនៅពេលនេះ ក៏បាននាំយកមកនូវម៉ូតូប៉ូលិសបំពាក់ ដោយស៊ីរ៉ែនចំនួន០៥គ្រឿង ឧបត្ថម្ភដល់រដ្ឋបាលខេត្ត ដើម្បីប្រើប្រាស់តាមតម្រូវការ ប្រសិនបើមានខ្វះខាតបរិក្ខារផ្សេងៗ ទាក់ទងមកសមាគមដោយផ្ទាល់។

លោកស្រីបន្តថា នៅពេលវីរូស Covid-19 ត្រូវបញ្ចប់សុំអញ្ជើញឯកឧត្តមអភិបាលខេត្ត ទៅទស្សនកិច្ចរោងចក្រផ្គត់ផ្គង់បរិក្ខារពន្លត់អគ្គិភ័យនៅប្រទេសចិន និងសន្យាផ្តល់ម៉ូតូ បាញ់ថ្នាំកម្ចាត់មេរោគចំនួន ០៥គ្រឿងបន្ថែមទៀត ដល់រដ្ឋបាលខេត្តនៅពេលខាងមុខ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ សូមស្វាគមន៍សមាគមផ្គត់ផ្គង់សម្ភារ បរិក្ខារពន្លត់អគ្គិភ័យ ដែលសមាគមមានគោលបំណង២គឺ៖ ទី១.សមាគមធ្វើសកម្ម ភាពក្នុងគោលដៅពន្លត់អគ្គិភ័យ និងទី២.សុំការផ្តល់ការគាំទ្រលើកទឹកចិត្តធ្វើការងារ ពន្លត់អគ្គភ័យ ស្របតាមច្បាប់ព្រះរាជាណាចក្រកម្ពុជា ហើយនៅពេលវេលាសមស្រប និងដឹកនាំ គណៈប្រតិភូទៅធ្វើទស្សនកិច្ចនៃវឌ្ឍនភាពរីកចម្រើននៅរោងចក្រផ្គត់ផ្គង់សម្ភារ បរិក្ខារពន្លត់អគ្គិភ័យនៅប្រទេសចិន នឹងទៅពិនិត្យឧបករណ៍នៅក្នុងសមាគមនាពេលឆាប់ៗ ខាងមុខ ប្រសិនបើមានលទ្ធភាពរដ្ឋបាលខេត្តព្រះសីហនុចង់បានម៉ូតូពន្លត់អគ្គិភ័យដាក់ តាមឃុំ សង្កាត់ ក្នុងមួយឃុំ សង្កាត់ ០១គ្រឿង ដើម្បីយើងធ្វើអន្តរាគមន៍បានទាន់ពេលវេលា មុនពេលឡានទឹកមកដល់។ ម្យ៉ាងទៀតខេត្តព្រះសីហនុ មានសក្តានុពល ហេដ្ឋារចនាសម្ព័ន្ធកំពុងសាងសង់ថ្មីជាគំរូដល់ខេត្តដទៃ, មានជនជាតិចិនមកប្រកបរបរក ស៊ីច្រើន, រដ្ឋបាលខេត្តមានថាមពលក្នុងការទាញយកអ្នកវិនិយោគដែលជាតម្រូវការ នៃការអភិវឌ្ឍនាពេលបច្ចុប្បន្ន ៕

ដោយ ងូ សុមុនី