ក្រុមជម្រើសជាតិកម្ពុជាប្រគល់សម្ភារប្រយុទ្ធប្រឆាំងកូវីដ-១៩ ជូនដល់មន្ទីពេទ្យបង្អែក ស្រុករមាសហែក ខេត្តស្វាយរៀង

AKP ភ្នំពេញ ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ — យោងតាមផេកផ្លូវការសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានបញ្ជាក់ឱ្យដឹងថា ក្រុមកីឡាករ​បាល់​ទាត់ជម្រើសជាតិកម្ពុជាបានចូលរួមជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាដោយបាននាំយកអំណោយជាសម្ភារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ទៅប្រគល់ជូនដល់មន្ទីពេទ្យបង្អែក ស្រុក រមាសហែក ខេត្តស្វាយរៀង កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០។

សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបង្ហាញថា សម្ភារជាច្រើនមុខ ដែលក្រុមកីឡាករ ជម្រើសជាតិកម្ពុជា និងក្រុមយុវជនសហភាពសហព័ន្ធយុវជនកម្ពុជា ដែលនាំយកទៅចែក ជូននេះ គឺជាបរិក្ខាពេទ្យមួយចំនួនដូចជា ម៉ាស់ អាល់កុល សាប៊ូ របាំងការពារមុខ ស្រោមដៃ ដើម្បីយកទៅឧបត្ថមជូនមន្ទីពេទ្យបង្អែក ស្រុករមាសហែក ខេត្តស្វាយរៀង ព្រមទាំងបានធ្វើ​សកម្មភាពផ្សព្វផ្សាយអំពីការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ សហព័ន្ធកីឡាបាល់ទាត់​កម្ពុជា​បានលើកឡើងដែរថា ទោះក្នុងស្ថានភាពណាក៏ដោយ ក៏ខ្មែរយើងរួមសុខរួមទុក្ខជាមួយគ្នា ដោយក្នុងស្មារតីនេះកីឡាករជម្រើសជាតិកម្ពុជាកំពុងផ្សព្វផ្សាយសារណែនាំរបស់ក្រសួងសុខាភិបាលជូនប្រជាពលរដ្ឋ អំពីវិធានការនានា ក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺផ្លូវ​ដង្ហើម​កូវីដ-១៩ ដែលកំពុងរីក រាលដាលនៅលើពិភពលោក រួមទាំងកម្ពុជាផងដែរ៕

ដោយ ហេង ណាលីន