រដ្ឋមន្រ្ដីក្រសួងសុខាភិបាលក្រើនរម្លឹកសារជាថ្មី ដល់ប្រជាពលរដ្ឋក្នុងឱកាសបុណ្យ​ចូលឆ្នាំខ្មែរ​ ត្រូវប្រុងប្រយ័ត្នខ្ពស់ ដើម្បីកុំឱ្យជំងឺកូវីដ-១៩ ឆ្លងចូលដល់សហគមន៍

AKP ភ្នំពេញ ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ — ឯកឧត្ដម ម៉ម ប៊ុនហេង រដ្ឋមន្រ្ដីក្រសួងសុខាភិបាលបានក្លើនរម្លឹកដល់បងប្អូនប្រជាពលរដ្ឋ​កម្ពុជាទាំងអស់ជាថ្មីម្ដងទៀត សូមឱ្យមានការប្រុងប្រយ័ត្នខ្ពស់ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិខ្មែរនេះ រាជរដ្ឋាភិបាលក៏ដូចជាក្រសួងសុខាភិបាលមានការព្រួយបារម្ភអំពី​បញ្ហា​ការឆ្លងជំងឺកូវីដ-១៩​ទៅដល់សហគមន៍ និងអាចឈានទៅការរីករាលដាលខ្ពស់ថែមទៀត ប្រសិនបើប្រជាពលរដ្ឋ​គ្រប់គ្នា​មិន​គោរព​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​វិធានការ​របស់​រាជរដ្ឋាភិបាល និង​ការណែនាំ​​របស់​ក្រសួងសុខាភិបាលនោះទេ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ នៅទីស្ដីការ​ក្រសួង​សុខាភិបាល ឯកឧត្ដម ម៉ម ប៊ុនហេង បានលើកឡើងថា បញ្ហាជំងឺកូវីដ-១៩នេះ បើ​បងប្អូនមិនបាន​ពង្រឹង និង​ប្រតិ​បត្ដិបន្ថែមទៀតឱ្យបានខ្ជាប់ខ្ជួននោះទេ យើងនឹងឈានទៅ​ឆ្លង ដល់សហគមន៍ និងការស្លាប់ជាក់ជាមិនខាន ខណៈជំងឺកូវីដ-១៩នេះ បើកាលណាជំងឺនេះ​កើត ឡើង​ច្រើន​ហួស​​ពីការ​គ្រប់គ្រងខាង​ផ្នែកវិជ្ជសាស្រ្ដយើងក៏ជួបការលំបាកផងដែរ។ ឯកឧត្ដម បានសង្កត់ធ្ងន់​ថា ប្រសិនបើ​ប្រជាពលរដ្ឋ​គ្រប់គ្នា​មិន​គោរព​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​វិធានការ​នានា របស់​រាជរដ្ឋាភិបាល និងការណែនាំ​​របស់​ក្រសួងសុខាភិបាល​ទេនោះ ជំងឺកូ​វីដ-១៩ អាច​នឹង​ឆ្លង​ជា​លក្ខណៈ​សហគមន៍ ហើយ​ប្រសិនបើកើតឡើង​បែប​នោះ​មែន បានសេចក្តីថា ការឆ្លង​ជំងឺ​​កូ​វីដ-១៩ នៅ​កម្ពុជា អាច​នឹងមាន​ចំនួន​ច្រើន ឬមាន​សភាព​ធ្ងន់ធ្ងរ។ ឯកឧត្ដមរដ្ឋមន្រ្ដី​បាន​គូសបញ្ជាក់ថា “បញ្ហាទាំងនេះ យើងត្រូវខិតខំទប់ស្កាត់កុំឱ្យមានការរីករាលដាលធំទៅក្នុង​សហ​គមន៍​របស់​យើង បើយើងធ្វើបានលើបញ្ហានេះ យើងនឹងរួចផុតពីហានិភ័យខ្ពស់ទាំងនេះ ហើយ​ក្នុងការ​ឆ្លងរីករាលដាលក្នុងសហគមន៍ និងសេចក្ដីស្លាប់នៃជំងឺកូវីដ-១៩”។

ឯកឧត្ដមរដ្ឋមន្រ្ដីបាន​កត់សម្គាល់​ផងដែរ​ថា នៅ​រៀងរាល់​ព្រឹក ថ្ងៃ​ណា​ដែល​សួង​សុខាភិ​បាល ប្រកា​សា​ថា រកឃើញ​អ្នក​ឆ្លង​ថ្មី នៃជំងឺកូវីដ-១៩ មាន​ចំនួនតិច ហើយមាន​អ្នកជា​សះ​ស្បើយច្រើនជាងនោះ សាធារណជន​ក្នុងសង្គម​ខ្មែរ ហាក់​បង្ហាញ​នូវ​ឥរិយាបថមិនសូវ​ខ្លាច ឬ មិនសូវ​ព្រួយបារម្ភ ដែល​ប្រការនេះ មិនមែនជា​ឥរិយាបថ​ត្រឹមត្រូវ​ទេ គឺ​ថែមទាំង​ជា​ឥរិយាបថ ដ៏​គ្រោះថ្នាក់​ទៀតផង។ ​ឯកឧត្ដមបានកតសម្គាល់ឃើញថា​ ការចម្លងមេរោគកូវីដ-១៩ គឺមាន​ផ្លូវដើរចំនួន​ពីរសំខាន់ ទី១ ការអនុវត្ដ និងបទបញ្ជារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងការណែ​នាំ​របស់​ក្រសួងសុខាភិបាល ដើម្បី​បង្ការ ទប់ស្កាត់ការរីករាលដាលជំងឺ​កូវីដ-១៩។ ទន្ទឹមនេះ បើបងប្អូនប្រជាពលរដ្ឋយើងបានគោរព​តាម និងអនុវត្ដន៍តាមការ​ណែ​នាំនេះ យើងនឹងរក្សាបាននូវសុភមង្គល សេចក្ដីសុខក្នុងក្រុម​គ្រួសារ​របស់យើង គ្មានការឆ្លង​ជំងឺ​កូវីដ-១៩ ក៏ដូចជាជំងឺផ្ដាសាយ ឬជំងឺផ្សេងៗទៀត។ ចំណុចមួយ​ទៀត បើប្រជាពលរដ្ឋមិន​គោរព​បទបញ្ជារបស់រាជរដ្ឋាភិបាល និងសេចក្ដីណែនាំ​របស់ក្រសួង​សុខាភិ​បាលនោះទេ នឹង​អាចមានហានិភ័យខ្ពស់ ដែលអាចឈានទៅបាត់បង់សុភមង្គល និងរាលដាល​ជំងឺទៅក្នុងខ្លួន​អ្នកជំងឺ ក្រុមគ្រួសារ ក្នុងសហគមន៍ ព្រមទាំងមានការរីករាលដាល​ជំងឺកូវីដ-១៩នេះ​កាន់​តែ​ច្រើន និងមានការហានិភ័យខ្ពស់ថែមទៀត ពិសេសគឺមានបងប្អូនប្រជាពលរដ្ឋស្លាប់ច្រើន។

ទាក់ទងនឹងការផ្លាស់ប្ដូរនូវធាតុអាកាស និងមានភ្លៀងធ្លាក់ផងដែរនោះ ឯកឧត្ដម ម៉ម ប៊ុនហេង បានថ្លែងបញ្ជាក់ដែរថា ការប្រែប្រួលធាតុ​អាកាសនេះ បានជះឥទ្ធិពលរបស់ប្រជា​ពល​រដ្ឋយើង ដែលនេះគឺជាលក្ខណៈមួយត្រូវប្រុង​ប្រយ័ត្នទាំងអស់គ្នា ជាពិសេសការប្រែប្រួល​ធាតុអាកាសនេះបានបង្កហានិភ័យ ដែលបង្ក​ជាជំងឺផ្ដាសាយ ឬជំងឺផ្សេងៗទៀត។ ឯកឧត្ដមរដ្ឋ​មន្រ្ដីបានអះអាងថា ក្រសួងសុខាភិបាល នឹងធ្វើការណែនាំដល់បងប្អូនប្រជាពលរដ្ឋឱ្យ​មាន​ការ​ប្រុងប្រយ័ត្នចំពោះអាកាសធាតុ ហើយការប្រុងប្រយ័ត្ននៃការប្រែប្រួលធាតុអាកាសនេះ ក៏ដូច​ជាការប្រុងប្រយ័ត្នជំងឺកូវីដ-១៩ ដូចគ្នាដែរ ត្រូវតែប្រុងប្រយ័ត្នខ្ពស់បន្ថែមទៀត។

យោងតាមការបញ្ជាក់របស់ក្រសួងសុខាភិបាលបានឱ្យដឹងថា នៅ​ថ្ងៃទី ១៣ ខែ មេសា ឆ្នាំ ២០២០ នេះ ក​ម្ព​ជាមិនមាន​រកឃើញ​អ្នក​ឆ្លង​ថ្មី ជំងឺ​កូ​វីដ-១៩នោះទេ ហើយក៏​មិន​មាន​អ្នកជា​សះស្បើយ​ពី​ជំងឺ​កូ​វីដ-១៩នេះដែរ គឺនៅ​រក្សា​ទិន្នន័យ​ដូច​កាលពី​ថ្ងៃទី១២ ខែ មេសា ដដែល ពោលគឺ អ្នក​ឆ្លង​ជំងឺ​កូ​វីដ-១៩ ទាំង​អ្នក​ព្យាបាល​ជាសះស្បើយ​ហើយ ​សរុប ១២២ នាក់ ក្នុងនោះអ្នកជា​សះស្បើយចំនួន៧៧ នាក់ (ស្មើនឹង ៦៣, ១១ ភាគរយ នៃ អ្នក​ឆ្លង​ទាំងអស់)។ ចំណែក អ្នក​កំពុង​សម្រាក​ព្យាបាលមានចំនួន ៤៥នាក់ (ស្ត្រី ១៨ នាក់)៕

ដោយ រិទ្ធី​