បទវិចារណកថា៖ ឆ្នាំនេះយើងឆ្លងឆ្នាំទាំងក្តីព្រួយបារម្ភ ប៉ុន្តែសូមកុំបាត់ស្នាមញញឹម និងក្តីសង្ឃឹម ហើយចូលរួមអនុវត្តវិធានសុវត្ថិភាព!

AKP ភ្នំពេញ ថ្ងៃទី១៣ ខែមេសា ឆ្នាំ​២០២០ — ដូចដែលបានគ្រោងទុកតាមគន្លង នៃប្រពៃណី និងជំនឿរបស់ប្រជាពលរដ្ឋខ្មែរ ឱកាសដ៏មហានក្ខត្តឫក្សថ្លៃថ្លា​ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ដែលមានទេពធីតាព្រះនាម គោរាគទេវី នឹងចូលមកដល់នៅថ្ងៃទី​១៣ ខែមេសា ឆ្នាំ​២០២០ វេលាម៉ោង២០:៤៨ នាទីយប់ តាមការគ្រោងទុក បើទោះបីជាឆ្នាំនេះប្រជាជនកម្ពុជា និងពិភពលោកកំពុងតែភ័យព្រួយបារម្ភនឹងការរីករាលដាល នៃជំងឺរលាកផ្លូវដង្ហើម ដែលបង្កដោយវីរុសកូរ៉ូណាប្រភេទថ្មី ដែលយើងទាំងអស់គ្នាស្គាល់ថា កូវីដ១៩ (COVID-19) ក្តី។

ជាការពិត មកដល់ពេលនេះ ប្រជាពលរដ្ឋកម្ពុជា​កំពុងតែស្ថិតនៅក្នុងដំណាក់កាលមួយ ដែលកំពុងតែ​ប្រឈមមុខនឹងការព្រួយបារម្ភជាមួយនឹងពិភពលោក អំពីការរីករាលដាលនៃមេរោគកូវីដ១៩ ដែលជាមេរោគសាហាវ និងងាយឆ្លងបំផុតមួយនៅក្នុងប្រវត្តិសាស្រ្តមនុស្សជាតិ ។

គិតចាប់តាំងពីវាបានបង្ហាញវត្តមាននៅលើពិភពលោកកាលពីអំឡុងចុងខែធ្នូ ឆ្នាំ​២០១៩ រហូតមកដល់ពេលនេះ មេរោគដ៏កាចសាហាវនេះ បានឆ្លងរីករាលដាលពីប្រទេសចិនរហូតដល់ទូទាំងពិភពលោក នៅក្នុងនោះក៏មានកម្ពុជាផងដែរ ។

យោងតាមអង្គការសុខភាពពិភពលោក​បានឱ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ មេរោគនេះបានរីករាលដាលរហូតដល់ទៅប្រមាណ ១,៨៥ ​លានករណី និងបានសម្លាប់មនុស្ស ប្រមាណជា ១១៤.០០០ នាក់ ហើយចំពោះប្រទេសកម្ពុជា បើតាមការប្រកាសរបស់ក្រសួងសុខាភិបាលកម្ពុជាដែលចេញផ្សាយព្រឹកមិញនេះ បានឱ្យដឹងថា ករណីឆ្លងសរុបមានចំនួន ១២២​ករណីហើយ ដោយនៅក្នុងនោះមកលើពលរដ្ឋកម្ពុជាចំនួន ៥១ ករណី បារាំង ៤០ ករណី ម៉ាឡេស៊ី ១៣ ករណី អង់គ្លេស ៥ ករណី ចិន ៣ ករណី វៀតណាម ៣ ករណី អាមេរិក ២ ករណី ឥណ្ឌូនេស៊ី ២ ករណី កាណាដា ២ ករណី និង បែលហ្សិក ១ ករណី ។

រហូតមកដល់ពេលនេះ នៅកម្ពុជាយើងពិតជាមិនទាន់មានអ្នកឆ្លងណាម្នាក់មានគ្រោះថ្នាក់ដល់ជីវិតនៅឡើយទេ ដោយនៅក្នុងចំណោមអ្នកដែលឆ្លងទាំងអស់គឺយើងបានព្យាបាលសះស្បើយចំនួន ៧៧ ករណីហើយ ប៉ុន្តែក្តីបារម្ភអំពីការឆ្លងរីករាលដាលខ្លាំងគឺជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសនៅក្នុងអំឡុងពេលចូលឆ្នាំថ្មីប្រពៃណីជាតិនេះ ដូច្នេះហើយបានជារាជរដ្ឋាភិបាលបានដាក់បម្រាមនៃការធ្វើដំណើរ ដោយមិនអនុញ្ញាតឱ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ខេត្តគ្នាបានទេ លើកលែងតែ រាជធានីភ្នំពេញនិងខេត្តកណ្តាល ដើម្បីបង្ការការឆ្លងរីករាលដាល នៃមេរោគកូវីដ១៩ ពោលគឺដើម្បីប្រយោជន៍ និងការការពារសុខភាពសាធារណ និង​សុខភាពរបស់យើងទាំងអស់គ្នា ។

តាមបទពិសោធន៍ចាប់តាំងពីការស្តារប្រទេសឡើងវិញ ក្រោយការដួលរលំ នៃរបបប្រល័យពូជសាសន៍ខ្មែរក្រហមមកដល់ពេលនេះ យើងអាចចាត់ទុកថានេះគឺជាលើកទីមួយហើយដែលរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសដាក់ការរិតត្បិតទៅលើសិទ្ធិសេរីភាព នៃការធ្វើដំណើររបស់ប្រជាពលរដ្ឋបែបនេះ ។

នៅក្នុងសម័យសង្គ្រាមស៊ីវិល អាជ្ញាធរបានដាក់កម្រិតសិទ្ធិសេរីភាពនៃការធ្វើដំណើរមែន ប៉ុន្តែមិនមែនទូទាំងប្រទេស និងគ្រប់ពេលវេលាបែបនេះទេ ពោលគឺពេលយប់តែប៉ុណ្ណោះ ប៉ុន្តែពេលនេះ ហានិភ័យនៃការឆ្លងរីករាលដាលជាសហគមន៍ នៃមេរោគកូវីដ ១៩ គឺពិតជាធំមែនទែន ដូច្នេះសូមយោគយល់ និងនាំគ្នាគោរព ។

នៅក្នុងសង្គមកម្ពុជា ចំណងញាតិសណ្តាន និងគ្រួសារ នៅតែជាចំណងមួយដ៏ស្និតរមួត ដែលខុសប្លែកពីនៅបញ្ចឹមប្រទេស។ តាមទម្លាប់នៅពេលថ្ងៃសម្រាក រឺបុណ្យទាន ជាពិសេសគឺបុណ្យចូលឆ្នាំថ្មី ក៏ដូចជាបុណ្យភ្ជុំបិណ្ឌ​ ប្រជាពលរដ្ឋខ្មែរតែងតែនាំគ្នាស្តាត់ទៅជួបជុំឪពុកម្តាយ បងប្អូន និងញាតិមិត្តនៅតាមភូមិកំណើតរៀងៗខ្លួន ទោះបីជាម្នាក់ៗធ្វើការនៅឆ្ងាយពីផ្ទះប៉ុណ្ណាក៏ដោយ ក៏ប៉ុន្តែការរក្សាចំណងសង្គមដ៏ស្អឹតរមួតបែបនេះ ត្រូវបានអ្នកជំនាញខាងសុខភាពព្រួយបារម្ភអំពីការឆ្លងរីករាលដាលនៃមេរោគកូវីដ១៩ ដូច្នេះហើយបានជារាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការរិតត្បិតនៅក្នុងការធ្វើដំណើរបែបនេះ ដើម្បីព្យាយាមកាត់បន្ថយហានិភ័យ នៃការឆ្លងរីករាលដាលនៃមេរោគ គឺខ្លាចវាផ្ទុះឡើងនៅក្នុងកម្រិតជាសហគមន៍ ដូចដែលកំពុងតែរីករាលត្បាតខ្លាំងនៅអាមេរិក និងអឺរ៉ុប ។​

នៅបណ្តាប្រទេសនៅក្នុងតំបន់អាស៊ីអគ្នេយ៍ ដែលមានអាកាសធាតុក្តៅហើយសើម ដែលពីដំបូងឡើយគេគិតថា មានប្រយោជន៍ច្រើននៅក្នុងការទប់ស្កាត់ការឆ្លងនៃមេរោគនេះ គឺលែងមានប្រសិទ្ធិភាពហើយ ខណៈដែលសញ្ញានៃការផ្ទុះជាសហគមន៍ គឺកំពុងតែកើតមាន ជាពិសេសនៅក្នុងប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី ដែលយើងឃើញថា ករណីខ្លះនៃការរកឃើញអ្នកឆ្លងនៅកម្ពុជាក៏ត្រូវបាននាំចូលមកពី​ប្រទេសនេះផងដែរ ។​

នៅកម្ពុជា ក្រៅពីការឆ្លងដែលរកឃើញភាគច្រើនជាករណីនាំចូលដោយជនបរទេស និងពលរដ្ឋដែលទៅចម្លងមកពីបរទេស ក៏មានការឆ្លងជាលក្ខណៈគ្រួសារ និងអ្នកជិតស្និតខ្លះហើយ តែការឆ្លងជាសហគមន៍ បើទោះជាមិនទាន់មានក្តី ក៏នៅតែជាក្តីបារម្ភខ្លាំង ដូច្នេះហើយបានជារាជរដ្ឋាភិបាលយកចិត្តទុកដាក់មែនទែននៅក្នុងកិច្ចការបង្ការ និងទប់ស្កាត់ករណីឆ្លងនេះ ។​

សូមយោគយល់ និងចូលរួមអនុវត្តឱ្យបានទាំងអស់គ្នា ហើយការចូលរួមនេះវាមិនមែនជាប្រយោជន៍របស់រាជរដ្ឋាភិបាលនោះទេ តែវាជារបស់យើងទាំងអស់គ្នា ដូច្នេះសូមយកចិត្តទុកដាក់អនុវត្តនូវវិធានសុវត្ថិភាពនៅក្នុងអំឡុងពេលនៃការររីករាលដាលនៃមេរោគកូវីដ១៩ នេះ ពោលគឺវិធានអនាម័យ ជាលក្ខណៈផ្ទាល់ខ្លួន គ្រួសារ និងសហគមន៍ ហើយរក្សាឱ្យបាននូវគន្លាតសុវត្ថិភាព ហាមខាកស្តោះនៅតាមទីសាធារណៈ នៅក្នុងករណីក្អក ឬ កណ្តាស់ ត្រូវយកកែងដៃ រឺក្រមា រឺកន្សែងខ្ទប់ សូមកុំជួបជុំណាមួយឱ្យសោះ​ ហើយសម្រាប់អ្នកដែលមកពីខាងក្រៅ សូមអនុវត្តឱ្យបាននូវវិធានការដាក់ខ្លួនឯងឱ្យនៅដាច់ដោយឡែករយៈពេល ១៤ ថ្ងៃជាកំហិត ។

សរុបមកវិញ នៅក្នុងនាមអគ្គនាយកនាយកដ្ឋានទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) និងក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងឱកាសដ៏មហានក្ខត្តឫក្សថ្លៃថ្លាប្រកបដោយក្តីសោមន្សរីករាយ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ដែលនឹងចូលមកដល់នាយប់ថ្ងៃទី១៣ ខែមេសា​ នេះ សូមទេពធីតាឆ្នាំថ្មី ព្រះនាម គោរាគទេវី ជួយថែរក្សាមិត្តអ្នកអាន និងប្រជាពលរដ្ឋកម្ពុជាគ្រប់ស្រទាប់វណ្ណៈ ឱ្យហែលឆ្លងផុតគ្រោះនៃការរីករាលដាលមេរោគកូវីដ១៩ ប្រកបដោយការទទួលខុសត្រូវ ដើម្បីបន្តដំណើរនាវាកម្ពុជា ឆ្ពោះទៅកាន់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម​ បន្ថែមពីលើសមិទ្ធិផលធំៗដែលយើងសម្រេចបាន កាលពីឆ្នាំចាស់កន្លងមក ។  ​

ដោយ ហេង បញ្ញា