អ្នកជំងឺ COVID-19 នៅប្រទេសអ៊ីរ៉ង់ ១១៧នាក់បានបាត់បង់ជីវិតបន្ថែមទៀត

វិទ្យុជាតិកម្ពុជា៖ លោក ឈុន លាង (១៣ មេសា ២០២០)


ប្រទេសអ៊ីរ៉ង់បានរាយការណ៍ថា មានអ្នកជំងឺ COVID-19 ចំនួន ១១៧នាក់បានបាត់បង់ជីវិតបន្ថែមទៀត នាំឲ្យចំនួនអ្នកស្លាប់សរុបទូទាំងប្រទេសកើនឡើងដល់ ៤,៤៧៤នាក់។នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia។
ទីភ្នាក់ងារព័ត៌មាន IRNA របស់អ៊ីរ៉ង់បានបញ្ជាក់ថា គេបានជីករណ្តៅសម្រាប់សាកសពចំនួនមួយម៉ឺនរណ្តៅនៅទីបញ្ចុះសព Behesht-e Zahra នៅភាគខាងត្បូងរដ្ឋធានីតេហេរ៉ង់សម្រាប់ត្រៀមដោះស្រាយជាមួយនឹងការស្លាប់ដោយជំងឺ COVID-19។
លោក Kianoush Jahanpour អ្នកនាំពាក្យក្រសួងសុខាភិបាលអ៊ីរ៉ង់បានឲ្យដឹងថា ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះមានអ្នកឆ្លងថ្មីនៃជំងឺរាតត្បាតសកលនេះ១,៦៥៧ករណីបន្ថែមទៀត នាំឲ្យអ្នកឆ្លងសរុបទូទាំងប្រទេសកើនឡើងដល់ ៧១,៦៨៦នាក់។ មន្រ្តី
អ្នកនាំពាក្យរូបនេះបានបញ្ជាក់ទៀតថា គិតមកទល់ពេលនេះអ្នកជំងឺដែលបានជាសះស្បើយទាំងស្រុងពីជំងឺ COVID-19 បានកើនដល់ ៤៣,៨៩៤នាក់ហើយ ខណៈមាន ៣,៩៣០នាក់ កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។
សូមបញ្ជាក់ថា ប្រទេសអ៊ីរ៉ង់បានប្រកាសពីករណីឆ្លងដំបូងនៃជំងឺ COVID-19 នៅថ្ងៃទី ១៩ ខែកុម្ភះហើយរហូតមកដល់ពេលនេះបានក្លាយជាប្រទេសដែលរងគ្រោះខ្លាំងជាងគេនៅតំបន់មជ្ឈឹមបូព៌ា៕
ប្រភព៖ សារព័ត៌មាន Channel News Asia