កាកបាទក្រហមកម្ពុជាសាខាខេត្តសៀមរាប អំពាវនាវឱ្យប្រជាពលរដ្ឋក្នុងសហគមន៍ មានការ​អត់ធ្មត់​ចូលរួមទាំងអស់គ្នា ប្រយុទ្ធប្រឆាំងការឆ្លងរាលដាលនៃវីរុសកូវីដ-១៩

AKP សៀមរាប ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០ — លោកជំទាវ ទាងអេង-ទៀសីហា អនុប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តសៀម រាបបាន​លើកឡើងថា ការអប់រំស្តីពីការបង្កាទប់ស្កាត់ ការឆ្លងរីករាលដាលនៃវីរុសកូវីដ-១៩ ពីមនុស្ស​ម្នាក់​​ទៅមនុស្សម្នាក់ ពីមនុស្សម្នាក់ចូលទៅកាន់គ្រួសាររបស់ខ្លួន និងពីគ្រួសារមួយរីកសាយ​ភាយទៅក្នុងសហគមន៍ បានក្លាយជាប្រធានបទយ៉ាងសំខាន់បំផុត ត្រូវបានដាក់បញ្ជូលទៅ​ក្នុង​បេសកកម្មមនុស្សធម៌ នៃចលនាកាកបាទក្រហមកម្ពុជាសាខាខេត្តសៀមរាប។ ការលើក​ឡើងរបស់លោកជំទាវនេះ ​ ក្នុងឱកាសដឹកនាំក្រុមការងារនាំយកម៉ាស់ និងអាល់កុល ចែកជូន​សួរសុខទុក្ខគ្រូពេទ្យតាមមណ្ឌលសុខភាពទាំង៥ ប្រគេនចង្ហាន់បិណ្ឌបាត្រចំពោះព្រះ​សង្ឃ​ចំនួន​២វត្តដែលកំពុងជួបការខ្វះខាតក្នុងស្ថានភាពនៃវិបត្តិកូវីដ-១៩ បច្ចុប្បន្នរួមទាំងបាន​នាំ​យកអំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ចែកជូនប្រជាពលរដ្ឋរង​គ្រោះ​ដោយខ្យល់កន្ទ្រាក់ចំនួន៣៧គ្រួសារនៅឃុំតាសៀម និងឃុំកន្ទួត ស្រុកស្វាយលើ ខេត្ត​សៀមរាប កាលពីថ្ងៃទី១១ ខែមេសាឆ្នាំ២០២០។

លោកជំទាវ ទាងអេង-ទៀសីហា បានសុំការយោគយល់ពីសំណាក់បងប្អូន​ប្រជាពល​រដ្ឋ សូមមេត្តាចូលរួមអនុវត្តន៍ទាំងអស់គ្នាឱ្យមានប្រសិទ្ធភាព លើការណែនាំរបស់​ក្រសួង​សុខាភិបាលស្តីអំពីវិធីការពារខ្លួន ពិសេសនោះគឺការអនុវត្តតាមវិធានការរបស់រាជ​រដ្ឋាភិបាល​​កម្ពុជា ដែលសុំឱ្យប្រជាពលរដ្ឋមេត្តាអត់ធ្មត់ ចៀសវាងការធ្វើដំណើរ និងការជួបជុំដែល​មិនចាំបាច់ ក្នុងគោលដៅការការ ការឆ្លងមេរោគកូវីដ-១៩។ លោកជំទាវបញ្ជាក់ថា ការផ្អាក​មិនឱ្យមានការប្រារព្ធពិធីចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំនេះ គឺស្ថិតក្នុងហេតុផលតែម្យ៉ាងគត់ គឺការ​បង្ការចំពោះហានិភ័យនៃការចម្លងវីរុសកូវីដ-១៩ទៅក្នុងសហគមន៍។ លោកជំទាវអនុប្រធាន​សាខាបានពន្យល់បន្ថែមថា  ពិធីចូលឆ្នាំចិននាឆ្នាំកន្លងទៅ គឺជាមេរៀនយ៉ាងជូរចត់របស់​ប្រទេសចិន ដែលបានបង្កឱ្យមានការផ្ទុះឡើងនៃជំងឺផ្លូវដង្ហើមថ្មីកូវីដ-១៩យ៉ាងធ្ងន់ធ្ងរ និងបាន​សម្លាប់មនុស្សរាប់ម៉ឺននាក់។ ​សោកនាដកម្មទាំងនោះ គឺជាមេរៀនសម្រាប់ពិភពលោក ព្រោះ​តែមិនបានប្រយ័ត្នចំពោះការធ្វើដំណើរ ដែលជាមូលហេតុនៃការចម្លង។ ដោយឡែកសម្រាប់​កម្ពុជា សម្តេចតេជោ ហ៊ុន សែន បានត្រៀមខ្លួនរួចជាស្រេច ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុស​កូវីដ-១៩ គ្រប់គ្រងការរីករាលដាលនៃវីរុសនេះ ការពារអាយុជីវិតប្រជាពលរដ្ឋកម្ពុជា ក្រោមការដាក់​ចេញនូវវិធានការនិងបទបញ្ជាដ៏មានប្រសិទ្ធភាពជាបន្តបន្ទាប់៕

ដោយ ឃុត សៅ