ក្រសួងសុខាភិបាល អំពាវនាវជាថ្មីដល់ប្រជាពលរដ្ឋទាំងអស់ កុំធ្វើដំណើរជាបណ្តោះអាសន្ន នៅក្នុងកាលៈទេសៈនេះ

AKP ភ្នំពេញ ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០ — ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈលិខិតចុះថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០ បានអំពាវនាវ និងក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ កុំធ្វើដំណើរចល័តជាបណ្តោះអាសន្ននៅក្នុងកាលៈទេសៈនេះ ដោយត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានអនាម័យ គម្លាតសុវត្ថិភាពនៅទីកន្លែងដែលមានមនុស្សច្រើន ការលាងដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ ទឹកស្អាត អាល់កុល ឬជែលលាងដៃ និងការប្រើប្រាស់ម៉ាស់ការពារជាដើម។

ក្រសួងសុខាភិបាល បានបញ្ជាក់នៅក្នុងលិខិតផងដែរថា “សូមអំពាវនាវ និងក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមប្រកាន់យកការផ្លាស់ប្តូរឥរិយាបទ ឬទម្លាប់របស់ខ្លួនជាចាំបាច់នៅក្នុងដំណាក់កាលដែលវីរុសកូវីដ១៩ ត្រូវបានរកឃើញក្នុងចំណោមជនបរទេសជាបន្តបន្ទាប់នោះ និងការដាក់ឱ្យនៅដាច់ដោយឡែកចំនួន១៤ថ្ងៃ សម្រាប់បងប្អូនចំណាកស្រុកដែលបានវិលត្រលប់មកមាតុប្រទេសវិញ ដើម្បីចៀសផុតពីការចម្លងកូវីដ១៩ ដោយអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការនានា ដែលដាក់ចេញដោយរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល និងអាជ្ញាធរពាក់ព័ន្ធ។”

គួររំលឹកផងដែរថា នៅព្រឹកនេះក្រសួងសុខាភិបាលក៏បានប្រកាសអំពី ករណីឆ្លងចំនួន០២ ករណីបន្ថែមទៀត ហើយបានព្យាបាលជាសះស្បើយចំនួន០២ករណីផងដែរ។

ចំពោះករណីថ្មីចំនួនពីរនោះ គឺត្រូវបានរកឃើញទៅលើអ្នកទេសចរជនជាតិវៀតណាមអាយុ២៤ឆ្នាំនៅរាជធានីភ្នំពេញ និងប្តីរបស់គាត់ជាជនជាតិកាណាដាអាយុ៥០ឆ្នាំ ហើយពួកគេត្រូវបានចាត់ចែងបញ្ជូនទៅមណ្ឌលសុខភាពចាក់អង្រែក្រោម ដើម្បីតាមដានសុខភាព និងព្យាបាល។

ចំណែកឯករណីដែលបានព្យាបាលជាសះស្បើយវិញ គឺជនជាតិម៉ាឡេស៊ី ចំនួន២នាក់ អាយុ៣៤ និង ៥៨ឆ្នាំ នៅខេត្តកំពង់ចាម។

កម្ពុជាមានករណីកូវីដ១៩សរុប ចំនួន១២២នាក់ ព្យាបាលជាសះស្បើយ ចំនួន៧៧នាក់ និងកំពុងព្យាបាល៤៥នាក់។ បើទោះជាពុំទាន់មានសញ្ញាណាមួយនៃការឆ្លងរាលដាលនៅក្នុងសហគមន៍ក៏ដោយ ក៏លទ្ធភាពអាចនឹងមាន ហេតុដូច្នេះហើយសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវអនុវត្តនូវវិធានអនាម័យជាប់ជានិច្ច។

ដោយ ផែន  រតន: