ស.ស.ស.ក អំពាវនាវដល់​អ្នកសារព័ត៌​មាន និងអ្នកនិយមប្រើប្រាស់ប​ណ្តាញសង្គម​បន្តចូល​រួម​​ផ្ស​ព្វផ្សាយក្នុងការបង្ការ ការពារទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩​ប្រកបដោយវិជ្ជាជីវៈ

AKP ភ្នំពេញ ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០– សហភាពសហព័ន្ធអ្នកសារព័ត៌មាន​កម្ពុ​ជា ហៅកាត់ថា ស.ស.ស.ក បានធ្វើការអំពាវនាវ៦ចំណុច​ដល់អ្នកសារព័ត៌​មាន និងអ្នកនិ​យម​ប្រើ​ប្រាស់បណ្តាញ​សង្គ​ម​មេត្តាបន្តចូលរួមផ្សព្វ​ផ្សាយបង្កើនការយល់ដឹងរ​បស់សាធារ​ណជ​ន​ក្នុ​ង​​ការ បង្ការ ការពារ ទប់ស្កាត់ ការឆ្លង ជំងឺកូវីដ-១៩ប្រកបដោយវិជ្ជាជីវៈ។

ក្នុងសេចក្តីអំពាវនាវទាំង៦ចំណុច​របស់សហភាពសហព័ន្ធអ្ន​កសារព័ត៌​មា​នកម្ពុជា​ចុះ​ថ្ងៃ​​​ទី១០ ខែមេសា ឆ្នាំ២០២០​នោះរួមមាន៖ ទី១. សូមប្រើប្រា​ស់ សេរីភាព​សម្តែងម​តិ និងសេរី​ភាពសារព័ត៌មាន ក្រោមស្មារតីរួមចំណែកអប់រំការយល់ដឹងសុខភាពសាធារណៈ និងលើកកម្ពស់ «សិទ្ធិរស់រានមានជីវិត» ជាអាទិភាពបំផុត។

ដរាបណាអាយុជីវិតត្រូវបានថែរក្សាការពារល្អប្រសើរនោះទើបមនុស្សគ្រប់ៗរូប មានឱកាសបន្តអនុវត្តសិទ្ធិជាមូលដ្ឋានដទៃទៀត រួមទាំងសិទ្ធិសេរីភាពសារព័ត៌មាននិងសិទ្ធិបញ្ចេញមតិផងដែរ។ ទី២. សូមបន្តចូលរួមជួយផ្សព្វផ្សាយនូវព័ត៌មាន និង សារអប់រំសុខភាពរបស់ក្រសួងសុខាភិបាល ដែលមានសារប្រយោជន៍បម្រើដល់ការយល់ដឹងរបស់សាធារណជន ក្នុងការបង្ការការពារទប់ស្កាត់ការឆ្លងជំងឺនេះ។ ទី៣. សូមអំពាវនាវបន្តប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ ព្រមទាំងចូលរួមគោរព ការណែនាំនានារបស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩។ ពលរដ្ឋ គ្រប់ៗរូប នៃប្រជាជាតិនីមួយៗ ក្នុងនោះរួមទាំងអ្នកសារព័ត៌មានផង ដែលគោរពអនុវត្តតាមគោលការណ៍នានាក្នុងដំណាក់កាលនេះ ដើម្បីធានាការពារដល់អាយុជីវិតមនុស្សជាតិ គឺមិនមែនជាការបាត់នូវឯករាជ្យវិជ្ជាជីវៈនោះទេ។ ការបាត់បង់ដ៏ធំបំផុតដែលគួរយកចិត្តទុកដាក់ខ្ពស់ នោះគឺសុខភាពនិងអាយុជីវិតទៅវិញទេ ហើយដែលទាំងអស់គ្នាគប្បីបន្តចូលរួមខាងសីលធម៌ និងជាកាតព្វកិច្ចក្នុងបុព្វហេតុការពារអាយុជីវិតមនុស្សជាតិ។ទី៤. សូមក្រើនរម្លឹកដល់អ្នកសារព័ត៌មានទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នជាប់ជាប្រចាំ លើសុវត្ថិភាពផ្ទាល់ខ្លួន ជាពិសេសនៅក្នុងពេលចុះបំពេញការងារ ជៀសវាងចូលយកព័ត៌មាននៅកន្លែងមានជំងឺឆ្លង ដោយគ្មានការអនុញ្ញាត និងឬមិនបានការពារខ្លួនឱ្យបានត្រឹមត្រូវតាមការណែនាំក្បួនពីវេជ្ជសាស្ត្រ ព្រមទាំងត្រូវជៀសវាងការផ្សាយលាតត្រដាងអត្តសញ្ញាណអ្នកជំងឺ ដែលជាការរំលោភបំពានសិទ្ធិឯកជនរបស់បុគ្គល។ ទី៥. សូមទាញការចាប់អារម្មណ៍ថា មានសកម្មជននយោបាយជ្រុលនិយមបានកំពុងព្យាយាមធ្វើសកម្មភាពញុះញុង តាមរយៈការផ្ញើសារជាសំឡេងនិងជាអក្សរ ដល់បងប្អូនកម្មករ-កម្មការីនីនិងប្រជាជនខ្លះ មិនឱ្យស្តាប់តាម ការ​ណែនាំក៏ដូចជា វិធានការនានារបស់អាជ្ញា​ធរ ក្នុងចេតនា​អុជអាល បង្កើតកល​យុគសង្គ​ម​ហើ​យបង្ករឱ្យមានគ្រោះថ្នាក់ដល់សុខភាពប្រជាជន ដោយគ្មានការទទួលខុសត្រូវ។

អាស្រ័យហេតុនេះ សូមអ្នកសារព័ត៌មាន និង អ្នកនិយម​បណ្តាញ​សង្គម គប្បីមានការ​ថ្លឹងថ្លែង ប្រុងប្រយ័ត្ន ហើយរួមចំណែកបំផ្លាញចោលឧបាយកលទាំងនេះ ដើម្បីកា​រពារ​អាយុ​ជីវិត ប្រជាជន។ ទី៦. សូមជៀសវាងការដកស្រង់សម្តី ដោយការកាត់កងសម្តីយកទៅប្រើប្រាស់ក្នុងសំណេរ ឬការអត្ថាធិប្បាយណាមួយដែលផ្ទុយស្រឡះពីគោលគំនិតរបស់ប្រភពព័ត៌មាន។ បែបនេះគឺជាទង្វើមួលបង្កាច់ប្រភព និងជាការភូតកុហកបំភ័ន្តសាធារណជន។

ជាមួយគ្នានេះ សូមជៀសវាងការផ្សាយព័ត៌មាន និងការបញ្ចេញមតិ ដែលមានចេតនា ញុះញុង បញ្ឆេះកំហឹង បង្កើតកលយុគ ក្នុងស្ថានភាពដែលប្រទេសជាតិ កំពុងត្រូវការរួមគ្នាទប់ស្កាត់កា​ររីករាលដាលកូវីដ-១៩​។ នៅគ្រប់បណ្តាប្រទេ​សនីតិរដ្ឋ ការផ្សព្វផ្សាយដែល​បង្ក​ប់​ខ្លឹ​ម​សារ និងចេតនាបញ្ឆេះកំហឹង ឈានទៅបង្កើតកលយុគសង្គម គឺប្រឈមការផ្ទន្តាទោសដោយច្បាប់ ដែលអ្នកសារព័ត៌មាន និងអ្នកនិយមប្រើប្រាស់បណ្តាញសង្គម តោងមានការយល់ដឹងនិងរលឹកដឹងជាប្រចាំ។

សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ក៏សូមកោតសរសើរដល់អ្នកសារព័ត៌មានទាំងអស់ ដែលប្រកាន់គោលការណ៍វិជ្ជាជីវៈខ្ពស់ ព្រមទាំងសូមយកឱកាសនេះថ្លែងអំណរគុណនិងចូលរួមផ្តល់កម្លាំងចិត្តដល់គ្រូពេទ្យជួរមុខ ដែលបានលះបង់កម្លាំងកាយចិត្ត ក្នុងការសង្គ្រោះព្យាបាលជូនប្រជាជនឱ្យបានជាសះស្បើយជាបន្តបន្ទាប់ រួចផុតពីការយាយីដល់អាយុជីវិតពីជំងឺឆ្លងដ៏កាចសាហាវនេះ។ ទោះបីជាយ៉ាងណាក៏ដោយ សុវត្ថិភាពសុខភាពនិងអាយុជីវិតដែលរក្សាបានមកដល់ពេលនេះ ចាំបាច់ត្រូវបន្តការចូលរួមថែរក្សាពីគ្រប់ផ្នែក៕

ដោយ ប៉ាល់ សុង