ប្រជាពលរដ្ឋខ្មែរនៅខេត្តសៀមរាបដែលត្រឡប់មកពីប្រទេសថៃ ត្រូវបានអាជ្ញាធរខេត្តយកចិត្តទុកដាក់ក្នុងការតាមដានពិនិត្យសុខភាព 

AKP ខេត្តសៀមរាប ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០ — ប្រជាពលរដ្ឋខ្មែរនៅខេត្តសៀមរាបដែលត្រឡប់មកពីប្រទេសថៃ ប្រមាណជាង៤០នាក់កាលពីល្ងាចថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ ត្រូវបានអាជ្ញាធរខេត្តសៀមរាបដឹកពីព្រំដែន មកកាន់ខេត្តសៀមរាប ដោយបានឱ្យស្នាក់នៅបណ្តោះអាសន្ន នៅក្នុងអគារសាលាបឋមសិក្សាអនុវត្តគរុកោសល្យខេត្តសៀមរាប ដើម្បីតាមដាន ពិនិត្យសុខភាព ពីសំណាក់ក្រុមគ្រូពេទ្យជំនាញនៃមន្ទីរសុខាភិបាលខេត្ត និងស្តាប់ការណែនាំពីការដាក់ខ្លួនឱ្យនៅដាច់ឡែករយៈពេល១៤ថ្ងៃ ឱ្យប្រកាន់ខ្ជាប់នូវវិធានអនាម័យ និងការ​សម្លាប់មេរោគជាប្រចាំ។

លោក វេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប បានឱ្យដឹងថា ជន​ដែលធ្វើដំណើរមកពីប្រទេសថៃទាំងនេះ បើសិនពិនិត្យឃើញមានករណីរោគសញ្ញាសង្ស័​យ មន្ត្រីជំនាញនឹងនាំគាត់ទៅយកសំណាក ដើម្បីពិនិត្យរកមេរោគកូវីដ-១៩ ប៉ុន្តែក្នុងករណីគ្មា​ន​​រោគសញ្ញាសង្ស័យអ្នកទាំងនោះ នឹងត្រូវដឹកជញ្ជូនទៅរក្សានៅដាច់ដោយឡែករយៈពេល១៤​ថ្ងៃនៅទីតាំងដែលបានរៀបចំនៅតាមមូលដ្ឋានក្រុង ស្រុក ឃុំ សង្កាត់ ដោយមិនទាន់អនុ​ញ្ញា​តឱ្យទៅលំនៅឋាននៅឡើយ។

លោក វេជ្ជបណ្ឌិត ក្រុស សារ៉ាត់ បានសំណូមពរសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តឱ្យបានត្រឹមត្រូវ និងខ្ជាប់ខ្ជួន តាមគោលការណ៍របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩ ដើម្បីសុវត្ថិភាពខ្លួនឯង គ្រួសារ សហគមន៍ និងសង្គមជាតិយើងទាំងអស់គ្នា។

ឯកឧត្តម ទៀ សីហា  អភិបាលនៃគណៈអភិបាលខេត្តសៀមរាបបានជំរុញដល់មន្ត្រីសុខា​ភិបា​លនិងសមត្ថកិច្ចពាក់ព័ន្ឋ យកចិត្តទុកដាក់ពិនិត្យតាមដានសុខភាពពួកគាត់ឱ្យបានម៉​ត់ច​ត់​ និងមិនត្រូវអនុញ្ញាតឱ្យចេញក្រៅនោះទេ បើគ្មានការអនុញ្ញាតពីមន្ត្រីចត្តាឡីស័កប្រចាំការ​នៅ​​ទីនោះ។ឯកឧត្តមអភិបាលខេត្តក៏បានជម្រាបជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមានបំណ​ងចង់មកកាន់ខេត្តសៀមរាបឱ្យបានជ្រាបដែរថា ដើម្បីចូលរួមទប់ស្កាត់នូវការរីករាលដាលនៃជំងឺកូវីដ-១៩ (COVID-19) និងអនុវត្តតាមបទបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជា   ឯកឧត្តមសំណូមពរឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់អាចត្រលប់ទៅបំពេញការងាររៀងខ្លួននៅកន្លែងធ្វើការវិញ នឹងមិនមានការកាត់ប្រាក់បៀវត្សនោះទេ ព្រោះការឈប់ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ ត្រូវបានរាជរដ្ឋាភិបាលសម្រេចលើកពេល។ ក្នុងករណីបងប្អូននៅតែចង់ចូលក្នុងខេត្តសៀមរាប អាចនឹងត្រូវដាក់ឱ្យនៅដាច់ដោយឡែក ធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ(នៅមណ្ឌលចត្តាឡីស័កដែលអាជ្ញាធរបានកំណត់)ជាមុនសិន៕

ឃុត សៅ សៀមរាប