សាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះ ឧបត្ថម្ភសម្ភារ ថវិកា និងស្បៀងអាហារ ដល់អនុសាខាទាំង៦ សម្រាប់ចែកជូនប្រជាពលរដ្ឋងាយរងគ្រោះ

AKP ក្រចេះ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ — គណៈកម្មាធិការសាខាកាកបាតក្រហមកម្ពុជាខេត្តក្រចេះ នៅក្នុងសប្ដាហ៍នេះ បាន ឧបត្ថម្ភសម្ភារ ថវិកា និងស្បៀងអាហារ ដល់អនុសាខាទាំង៦ក្រុង ស្រុក សម្រាប់ចែកជូន បន្តដល់ប្រជាពលរដ្ឋងាយរងគ្រោះចំនួន៧៦០គ្រួសារ ក្នុងនោះ ក្រុងក្រចេះចំនួន១១០ គ្រួសារ ស្រុកចិត្របុរីចំនួន១៤០គ្រួសារ ស្រុកស្នួលចំនួន១១០គ្រួសារ ស្រុកព្រែកប្រសព្វចំនួន ១២០ គ្រួសារ ស្រុកឆ្លូងចំនួន១៣០គ្រួសារ និងស្រុកសំបូរចំនួន១៥០គ្រួសារ ដែលមួយ គ្រួសារៗត្រូវ ទទួលបានអង្ករ ២៥គីឡូក្រាម ទឹកត្រី និងទឹកស៊ីអ៊ីវ ១យួរ និងថវិកាចំនួន ២ម៉ឺនរៀល។ 

ឯកឧត្ដម ធុន គ្រី សមាជិកក្រុមប្រឹក្សាខេត្ត និងជាអនុប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះបានឱ្យដឹងថា ការផ្តល់ជូននូវសម្ភារ ថវិកា និងស្បៀង អាហារដល់អនុសាខាកាកបាទក្រហមកម្ពុជា ក្រុង ស្រុកទាំង៦នោះ គឺ ដើម្បីក្រុមការងារនៃ អនុសាខាទាំងអស់ផ្តល់ជូនបន្តដល់ប្រជាពលរដ្ឋងាយរងគ្រោះ ខណៈក្នុងអន្តរកាលនេះមាន ការរីករាលដាលជំងឺកូវីដ១៩ ដែលមិនអាចចែកជូនពួកគាត់ដោយការប្រមូលផ្តុំបាន។

ឯកឧត្ដម ធុន គ្រី បានបញ្ជាក់ថា អំណោយដែលមានជាសម្ភារ ថវិកា និងស្បៀង អាហារទាំងនេះ បានមកពីការកៀរគរ និងការចូលរួមរបស់សប្បុរសជនដែលជាការ រួមចំណែកក្នុងសកម្មភាពនានា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ និងដើម្បីជួយរម្លែកការ លំបាកខ្វះខាតរបស់ប្រជាពលរដ្ឋផង និងអ្នកដែលចុះបំពេញបេសសកម្មការពារទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ផង៕

ដោយ ជួន សុជាតិ