ក្រុមហ៊ុន អលជេនើរេសិន ផ្តល់អង្ករសុខភាពមួយពាន់គីឡូក្រាម ដល់រដ្ឋបាលខេត្តសៀមរាប

AKP សៀមរាប ថ្ងៃទី​​​១០ ខែ​មេសា ឆ្នាំ២០២០ — កាលពីព្រឹកថ្ងៃសុក្រ ៣រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ ក្រុមហ៊ុន អលជេនើរេសិន បាននាំយកអំណោយជាអង្ករសុខភាព ចំនួន ១ពាន់គីឡូក្រាម យកទៅជូនដល់រដ្ឋបាលខេត្តសៀមរាប ក្នុងគោលបំណងចូលរួម ក្នុងយុទ្ធនា ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ជាមួយរាជរដ្ឋាភិបាល។ ពិធីប្រគល់ និងទទួល នោះបានធ្វើ ឡើងក្រោមវត្តមាន លោក ព្រំ សម្បត្តិ ប្រធានក្រុមហ៊ុន អលជេនើរេសិន និងលោក  ពិន ប្រាកដ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប។

នៅក្នុងពិធីនោះ លោក ព្រំ សម្បត្តិ បានលើកឡើងថា អំណោយជាអង្ករសុខភាពនេះ ជាការចូលរួមជាមួយរាជរដ្ឋាភិបាលក៏ដូចជារដ្ឋបាលខេត្តសៀមរាបផងដែរ ក្នុងការប្រយុទ្ធ ប្រឆាំងនឹងជំងឺកូវីដ១៩។ លោក ព្រំ សម្បត្តិ បានពន្យល់ថា អង្ករសុខភាពនេះគឺអាចបម្រើដល់ ផលប្រយោជន៍នៃសុខភាព ​ ហើយក៏ជួយកាត់បន្ថយនូវជាតិស្ករចំពោះបងប្អូន កើតជំងឺទឹក នោមផ្អែម និងជួយបញ្ចុះជាតិស្ករបានលឿនផងដែរ។

លោកបន្តថា អង្ករសុខភាពនេះ ជាផលិតផលនាំចូលពីប្រទេសថៃ ហើយបានធ្វើការ ត្រួតពិនិត្យ និងធ្វើតេស្ត ពីក្រសួងសុខាភិបាល និងប័ណ្ណពីក្រសួងពាណិជ្ជកម្មផងដែរ។

នាឱកាសនោះដែរ លោក ពិន ប្រាកដ បានធ្វើការថ្លែងអំណរគុណ ចំពោះទឹកចិត្ត ដ៏សប្បុរសរបស់ក្រុមហ៊ុន អលជេនើរេសិន ដែលបានចូលរួមក្នុងស្មារតី ជាមួយរាជរដ្ឋាភិបាល ក៏ដូចរដ្ឋបាលខេត្តសៀមរាប ដែលស្ថិតក្នុងគ្រាដ៏លំបាកនៃវិបត្តិកូវីដ-១៩នេះ ដោយបានបង្កើន កម្រិតលើអត្ថន័យបន្ថែមទៀត គឺខ្មែរជួយខ្មែរ។

លោកអភិបាលរងខេត្តបានបញ្ជាក់ថា ការផ្តល់អំណោយទាំងនេះ គឺស្របពេលដែល គណៈកម្មាធិការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ របស់រដ្ឋបាលខេត្ត បានរៀបចំគម្រោងចុះផ្ទាល់ ដល់សហគមន៍ ដូចនេះ អំណោយទាំងនេះ នឹងយកទៅប្រើប្រាស់ក្នុងពេលយុទ្ធនាការ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដើមី្បដល់ក្រុមការងារទាំងអស់ផងដែរ៕

ដោយ ហង្ស សៀក