មូលនិធិ Visa ផ្តល់ថវិកាចំនួន ២១០លានដុល្លារ ដើម្បីទ្រទ្រង់អាជីវកម្មខ្នាតតូច និង ខ្នាតមីក្រូ ព្រមទាំងជំនួយបន្ទាន់ទប់ទល់នឹងជម្ងឺ COVID-19

AKP ភ្នំពេញ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ — ទទឹមនឹងការយកចិត្តទុកដាក់រយៈពេលវែងទៅលើសេដ្ឋកិច្ចរបស់ស្ត្រី និងការអភិវឌ្ឍសេដ្ឋកិច្ច ព្រមទាំងដើម្បីដោះស្រាយតម្រូវការជាបន្ទាន់ពីសហគមន៍មូលដ្ឋាន បន្ទាប់ពីការរីករាលដាលនៃជំងឺ COVID-19 មូលនិធិ Visa នៅថ្ងៃនេះបានប្រកាសពីសេចក្តីសម្រេចលើកម្មវត្ថុចំនួនពីរ ដែលមានទឹកប្រាក់សរុប ២១០លានដុល្លារ ដើម្បីទ្រទ្រង់អាជីវកម្មខ្នាតតូច និង ខ្នាតមីក្រូ។ កម្មវត្ថុទីមួយ ដែលមានទឹកប្រាក់ចំនួន ១០លានដុល្លារ ត្រូវបានដាក់សម្រាប់ការផ្តល់ជំនួយបន្ទាន់ ដើម្បីគាំទ្រដល់អង្គការសប្បុរសធម៌នានានៅសមរភូមិមុខដែលឆ្លើយតបទៅនឹងជំងឺ COVID-19 ដូចជាការផ្តល់ជំនួយសុខភាពសាធារណៈ និងជំនួយស្បៀងអាហារនៅក្នុងតំបន់ភូមិសាស្ត្រនីមួយៗនៃតំបន់ចំនួន ៥ ដែល ក្រុមហ៊ុន Visa ប្រតិបត្តិការ រួមមាន អាមេរិកខាងជើង អាមេរិកឡាទីន និង ការ៉ាប៊ីន អឺរ៉ុប អាស៊ីប៉ាស៊ីហ្វិច និងអឺរ៉ុបកណ្តាល មជ្ឈឹមបូព៌ា និងអាហ្វ្រិក។

លោក Al Kelly នាយកប្រតិបត្តិ និងជាប្រធានក្រុមហ៊ុន Visa បានមានប្រសាសន៍ថា៖“ស្របពេលជំងឺ COVID-19 បន្តរាតត្បាត បណ្តាសហគមន៍កំពុងរងផលប៉ះពាល់ហើយត្រូវការការគាំទ្រជាបន្ទាន់ពីយើង។ ក្នុងនាមជាក្រុមហ៊ុនសកលមួយដែលប្រតិបត្តិការអាជីវកម្មបែបក្នុងស្រុក យើងទទួលស្គាល់នូវតម្រូវការនេះ។ យើងក៏បានត្រៀមចិត្តរួចជាស្រេចចំពោះដំណើរការងើបឡើងវិញដែលត្រូវការរយៈពេលវែង ហើយយើងនឹងបន្តរិះរកវិធីដែលអាចពន្លឿនសកម្មភាពនៃសេដ្ឋកិច្ចស្របតាមបេសកកម្មរបស់យើងដើម្បីជួយដល់ការីកចម្រើនរបស់បុគ្គល អាជីវកម្ម និងសេដ្ឋកិច្ច។»

កម្មវត្ថុទីពីរ គឺការអនុម័តនូវទឹកប្រាក់ចំនួន ២០០លានដុល្លារ ជាយុទ្ធសាស្ត្រក្នុងរយៈពេល ៥ ឆ្នាំដើម្បីគាំទ្រអាជីវកម្មខ្នាតតូច និងខ្នាតមីក្រូនៅជុំវិញពិភពលោក ដោយផ្តោតលើការគាំទ្រដល់ការអភិវឌ្ឍន៍ផ្នែកសេដ្ឋកិច្ចរបស់ស្រ្តី។ សកម្មភាពនេះ គឺបានពង្រីកការគាំទ្ររយៈពេលវែងរបស់មូលនិធិ Visaសម្រាប់អាជីវកម្មខ្នាតតូច និងខ្នាតមីក្រូទូទាំងពិភពលោក។ ថវិកាដែលទទួលបានពីមូលនិធិ Visaនឹងផ្តល់ដើមទុនដល់អង្គការក្រៅរដ្ឋាភិបាល និងដៃគូវិនិយោគដែលគាំទ្រអាជីវកម្មខ្នាតតូច និងខ្នាតមីក្រូ។

យោងតាមធនាគារអភិវឌ្ឍន៍អាស៊ីបានបង្ហាញថានៅកម្ពុជា ៧០ភាគរយ នៃស្ត្រីដែលមានការងារធ្វើ ស្ថិតនៅក្នុងស្ថានភាពការងារងាយរងគ្រោះ ឬមិនមានស្ថេរភាព ហើយខណៈដែល ៦៥ភាគរយ នៃអាជីវកម្មទាំងអស់ត្រូវបានគ្រប់គ្រងដោយស្ត្រី ជាមធ្យមអាជីវកម្មទាំងនោះតូចជាងអាជីវកម្មរបស់បុរស។ បច្ចុប្បន្ន កិច្ចការងារបណ្តុះបណ្តាលចំណេះដឹងផ្នែកហិរញ្ញវត្ថុ របស់មូលនិធិ Visa នៅក្នុងប្រទេសកម្ពុជាសហការជាមួយធនាគារជាតិនៃកម្ពុជា និងក្រសួងកិច្ចការនារី គឺស្វែងរកការផ្តល់អំណាចដល់ស្ត្រីតាមរយៈការបណ្តុះបណ្តាលអាជីវកម្ម និងសហគ្រិនភាព។

អ្នកស្រី ជុំ ម៉ូនីកា នាយិកាគ្រប់គ្រងក្រុមហ៊ុន Visa ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា៖“ បណ្តាសហគ្រាសមីក្រូ ខ្នាតតូច និងមធ្យម គឺជាផ្នែកមួយដ៏ធំនៃសេដ្ឋកិច្ចកម្ពុជាដែលផ្តល់ការងារ ក៏ដូចជាផ្តល់ឱកាសដល់ប្រជាពលរដ្ឋជាច្រើន ជាពិសេសទៅលើស្ត្រី។ នៅក្នុងគ្រាលំបាកនេះក្រុមហ៊ុន Visa យើងរីករាយដែលបានចូលរួម ដើម្បីជួយដល់ប្រតិបត្ដិការទាំងនេះ ដែលវាជាផ្នែកដ៏សំខាន់មួយរបស់សហគមន៍នៅទូទាំងប្រទេសដើម្បីអាចបន្តធ្វើអ្វីដែលពួកគេអាចធ្វើបានទាំងពេលបច្ចុប្បន្ននិងបន្ទាប់ពីរោគរាតត្បាតត្រូវបានគ្រប់គ្រងទាំងស្រុង។”

អាជីវកម្មខ្នាតតូច និង ខ្នាតមីក្រូ គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចពិភពលោក ដែលមានច្រើនជាង ៩០ភាគរយ នៃអាជីវកម្មទូទាំងពិភពលោក និងរួមចំណែកពី ៥០ ទៅ ៦០ ភាគរយនៃការងារសកល។ ឥណទានប្រចាំឆ្នាំដែលមានទឹកប្រាក់ចំនួន ៣០០ពាន់លានដុល្លារ ត្រូវបានផ្តល់សម្រាប់កម្ចីអាជីវកម្មខ្នាតតូច និងខ្នាតមីក្រូដែលជាកម្មសិទ្ធិរបស់ស្ត្រី ហើយត្រូវបានគេរំពឹងថានឹងមានការកើនឡើងដោយសារតែវិបត្តិសេដ្ឋកិច្ចថ្មីៗដែលកំពុងរងសម្ពាធដោយសារតែ COVID-19 ។

លោក Al Kelly មានប្រសាសន៍បន្ថែមទៀតថា៖« ឥឡូវនេះជាពេលដែលយើងត្រូវតែពន្លឿនការគាំទ្រដល់អាជីវកម្មខ្នាតតូចនៅជួរមុខដែលជាចលករជម្រុញកំណើនសេដ្ឋកិច្ចជាងពេលណាៗទាំងអស់”។ លោកបន្តទៀតថា “ដោយសារតែម្ចាស់អាជីវកម្មខ្នាតតូច និងខ្នាតមីក្រូ ជាស្ត្រី វានឹងមានឥទិ្ធពលខ្លាំងដល់ការអភិវឌ្ឍន៍ផ្នែកសេដ្ឋកិច្ចរបស់ស្ត្រី ដែលយើងជឿជាក់ថាជាវិធីមួយក្នុងចំណោមវិធីសំខាន់បំផុតដើម្បីសម្រេចបាននូវសមភាពយេនឌ័រ កាត់បន្ថយភាពក្រីក្រ និងជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ច។»

តាមរយៈកម្មវិធីទ្រទ្រង់អាជីវកម្មខ្នាតតូច និងខ្នាតមីក្រូដែលមានទឹកប្រាក់ចំនួន ២០០លានដុល្លារ មូលនិធិ Visa នឹងផ្តល់ជំនួយ៦០លានដុល្លារដល់អង្គការក្រៅរដ្ឋាភិបាល ដែលបានផ្តល់ការគាំទ្រដល់ម្ចាស់អាជីវកម្មខ្នាតតូច និងខ្នាតមីក្រូ ជាស្ត្រីនៅគ្រប់តំបន់ដែល ក្រុមហ៊ុន Visa ធ្វើប្រតិបត្តិការ។ មូលនិធិ Visa ក៏នឹងត្រៀមថវិកា ១៤០លានដុល្លារជាមួយដៃគូវិនិយោគ ដែលបង្កើតផលចំណេញផ្នែកសង្គម និងហិរញ្ញវត្ថុវិជ្ជមានសម្រាប់អាជីវកម្មខ្នាតតូច និងខ្នាតមីក្រូផងដែរ។

លោក Graham Macmillan ប្រធានមូលនិធិ Visa បានមានប្រសាសន៍ថា៖« ទឹកប្រាក់ ២០០ លានដុល្លារនៅក្នុងធនធានហិរញ្ញវត្ថុថ្មីបង្ហាញពីការប្តេជ្ញាចិត្តបន្តគាំទ្រអាជីវកម្មខ្នាតតូច និង ខ្នាតមីក្រូដោយ ផ្តោតលើការរីកចម្រើនផ្នែកសេដ្ឋកិច្ចរបស់ស្ត្រីនៅទូទាំងពិភពលោក” ។ នៅពេលស្ត្រីលូតលាស់ សហគមន៍ក៏នឹងរីកលូតលាស់។ យើងយល់ដឹងអំពីបញ្ហានេះច្រើនជាងពេលណាៗទាំងអស់ នៅពេលដែលសេដ្ឋកិច្ចពិភពលោកព្យាយាមស្តារ និងកសាងឡើងវិញ»។

មូលនិធិ Visa ស្វែងរកការគាំទ្រដល់សេដ្ឋកិច្ចបញ្ចូលគ្នា ដែលបុគ្គល អាជីវក និងសហគមន៍អាចរីកចម្រើនបាន។ តាមរយៈការផ្តល់ជំនួយ និងការវិនិយោគ មូលនិធិ ផ្តល់អាទិភាពដល់កំណើននៃអាជីវកម្មខ្នាតតូច និងខ្នាតមីក្រូ ដែលផ្តល់អត្ថប្រយោជន៍ដល់ស្ត្រី។ មូលនិធិនេះក៏គាំទ្រផងដែរនូវតម្រូវការសហគមន៍និងការឆ្លើយតបនឹងគ្រោះមហន្តរាយនៅពេលមានវិបត្តិ។ មូលនិធិ Visa ត្រូវបានចុះឈ្មោះនៅសហរដ្ឋអាមេរិកក្នុងនាមជាអង្គភាពប្រភេទ 501(c)3 ។

Visa គឺជាក្រុមហ៊ុននាំមុខគេក្នុងបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមរយៈឌីជីថល។ បេសកកម្មរបស់យើងគឺផ្សាភ្ជាប់ពិភពលោកទាំងមូលតាមរយៈការតភ្ជាប់បណ្តាញទូទាត់ប្រាក់ប្រកបដោយភាពច្នៃប្រឌិតថ្មី អាចទុកចិត្តបាន និងមានសុវត្ថិភាពបំផុត ជាមួយអ្នកប្រើប្រាស់ អាជីវករ និងជួយឲ្យសេដ្ឋកិច្ចមានការរីកចម្រើន។ បណ្តាញទំនើបឈានមុខគេបំផុតមួយរបស់ពិភពលោកគឺ VisaNet របស់យើង ផ្តល់ការទូទាត់ដែលអាចទុកចិត្តបាននិងមានសុវត្ថិភាពនៅទូទាំងពិភពលោក នឹងមានលទ្ធភាពគ្រប់គ្រងប្រតិបត្តិការជាង ៦៥,០០០ប្រតិបត្តិការក្នុងមួយវិនាទី។ ក្រុមហ៊ុនផ្តោតការយកចិត្តទុកដាក់ឥតឈប់ឈរលើការច្នៃប្រឌិត ដែលនេះជាកត្តាជម្រុញដល់ភាពរីកចម្រើនយ៉ាងឆាប់រហ័សនៃការធ្វើពាណិជ្ជកម្មដែលបានផ្សារភ្ជាប់ទៅនឹងឧបករណ៍អេទ្បិចត្រូនិចណាក៏បាន និងជាកម្លាំងមួយនៅពីក្រោយការកសាងនូវក្តីសុបិន្តរបស់អនាគត cashless សម្រាប់មនុស្សគ្រប់គ្នានៅគ្រប់ទីកន្លែង។ នៅពេលដែលពិភពលោកផ្លាស់ប្តូរពី analog ទៅឌីជីថល Visa ក៏កំពុងតែពង្រឹងលើស្លាកសញ្ញា ផលិតផល បុគ្គលិក និង បណ្តាញរបស់ខ្លួនរួចជាស្រេចដើម្បីចូលរួមជាមួយនឹងការផ្លាស់ប្តូរពាណិជ្ជកម្មនាថ្ងៃអនាគត។

ដោយ ផែន រតនៈ