ប្រធានមន្ទីរកសិកម្មខេត្តសៀមរាបអះអាងថា ការផ្គត់ផ្គង់បន្លែ ត្រី​ សាច់ ដល់ប្រជាពលរដ្ឋ ក្នុងខេត្ត នៅដំណាក់កាលនៃការឆ្លងមេរោគកូវីដ-១៩ នេះ គឺអាចទ្រទ្រង់បាន

AKP សៀមរាប ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ — លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប នៅក្នុងឱកាសចុះទៅពិនិត្យ និងជំរុញការងារសង្វាក់ផលិតកម្មសត្វ  និងការដាំដុះរបស់ កសិករតាមសហគមន៍ នៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប កាលពីរសៀលថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ បានមានប្រសាសន៍ថា បច្ចុប្បន្ននេះ ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាថ្នាក់ ដឹកនាំ ក្រសួងកសិកម្មកំពុងផ្តោតការយកចិត្តទុកដាក់ខ្ពស់ ចំពោះវិស័យកសិកម្ម ជាពិសេសគិតគូរ ដល់ជីវភាពបងប្អូនពលករចំណាកស្រុក មកពីប្រទេសជិតខាងឱ្យងាកមកចូលរួមការងារ កសិកម្ម ដើម្បីរួមចំណែកកាត់បន្ថយនូវភាពខ្វះខាត និងការលំបាកក្នុងគ្រួសារ ដោយបង្កើន ប្រាក់ចំណូលតាមរយៈការចិញ្ចឹមសត្វ និងការដាំបន្លែផ្សេងៗ។

លោក ទា គឹមសុទ្ធ បញ្ជាក់ថា ដោយសារបញ្ហាជំងឺកូវីដ-១៩កំពុងរាតត្បាតជាសកល ហើយយើងមិនអាចប៉ាន់ស្មានថា វានឹងសាបរលាបនៅពេលណានោះទេ ហើយបងប្អូន ក៏មិនអាចចេញធ្វើដំណើរឬប្រកបមុខរបរនៅទីណាបាននោះឡើយ ហេតុនេះមានតែការ ចិញ្ចឹមសត្វ និងដាំដំណាំតាមលំនៅឋានទេ ដែលអាចជួយផ្គត់ផ្គង់ជីវភាពគ្នាទៅវិញទៅ មកបានមួយរយៈដែរ។ ការចិញ្ចឹមមាន់មានលក្ខណៈងាយស្រួល ជាងការចិញ្ចឹមជ្រូក និងសត្វដទៃទៀត ដោយមិនចំណាយថវិកាច្រើន និងទទួលបានផលលឿន។

លោក ទា គឹមសុទ្ធ បាន​អះអាងថា រហូតមកដល់ថ្ងៃនេះ  ការផ្គត់ផ្គង់ បន្លែ ត្រី​ សាច់ ដល់ប្រជាពលរដ្ឋក្នុងខេត្តសៀមរាប នៅដំណាក់កាលនៃការឆ្លងមេរោគកូវីដ-១៩នេះ គឺអាចទ្រទ្រង់បាន មិនទាន់មានបញ្ហានោះទេ។ លោកថា បើតាមការប៉ាន់ស្មាន សម្រាប់ស្បៀងអាហារត្រៀមទុក គិតចាប់ខែមេសា ដល់ ខែមិថុនា ឆ្នាំ២០២០ មានដូចជា៖ ១- បរិមាណស្រូវ សរុបចំនួន១៧៧ ៤០៥តោន ក្នុងនោះស្តុកតាមគ្រួសារកសិករចំនួន១៦៦ ៤៤៧តោន និងស្តុកតាមបណ្តារោងម៉ាស៊ីនចំនួន១០៩៥៨តោន។ នេះជាផលស្តុកក្រៅពី ស្បៀងបម្រុងសម្រាប់កសិករម្នាក់ៗ ដូច្នេះចំពោះស្រូវ-អង្ករ ពុំមានបញ្ហាចោទនោះទេ។ ២- លទ្ធភាពនៃការផលិតបន្លែទូទាំងខេត្តអាចទទួលបាន ៦៥០០តោន ទៅ៧៥០០តោន បើធៀប នឹងតម្រូវការប្រមាណ ៨៥០០តោន ទៅ ៩៥០០តោន ដូច្នេះអាចការខ្វះក្នុងកម្រិតមួយ ដែលយើងអាច ជំរុញការធ្វើផលិតបន្លែឱ្យមានការឆ្លើយ តបបាន។ ៣- ផលិតផលសាច់ ទូទាំងខេត្ត ការចិញ្ចឹមសត្វជាលក្ខណៈគ្រួសារ និងកសិដ្ឋានគឺមានលទ្ធភាពអាចផលិតបាន ចំនួន២៣៦៨៥តោន លើសតម្រូវការពី  ៥០០០តោនទៅ៥៣០០តោនក្នុងរយៈពេល១២ខែ ដូច្នេះផ្នែកផលិតសាច់អាចធានាការផ្គត់ផ្គង់ បានពុំមានការចោទទេ។ ៤-ផលនេសាទត្រី ធម្មជាតិ និងវារីវប្បកម្មនៅត្រីមាសទី១ ឆ្នាំ២០២០នេះ ទទួលបានពី៧៥០០តោន ទៅ ៨០០០តោន អាចចូលរួមចំណែកក្នុងការផ្គត់ផ្គង់បានមួយចំនួនធំសម្រាប់ម្ហូបអាហារ របស់ប្រជាពលរដ្ឋក្នុងខេត្ត៕

ដោយ ឃុត សៅ