កសិករជនជាតិដើមភាគតិច អាចរកចំណូលបន្ថែមពី ១.២០០.០០០រៀល ទៅ ១.៦០០.០០០រៀល ក្នុងមួយរដូវ

AKP ព្រះវិហារ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ — ប្រជាកសិករជនជាតិដើមភាគតិច(គួយ) រស់នៅឃុំពោធិ និងឃុំប្រមេរ ស្រុកត្បែង មានជ័យ ខេត្តព្រះវិហារ បាន និងកំពុងមមាញឹកនាំគ្នាចូលព្រៃបេះផ្លែគុយព្រៃ យកមកលក់នៅ ទីផ្សារក្រុងព្រះវិហារ ដែលទទួលបានចំណូលបន្ថែមដើម្បីផ្គត់ផ្គង់ជីវភាពក្នុងគ្រួសារ។

លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម និងនេសាទខេត្តព្រះវិហារ បានឱ្យដឹងថា នៅពេលដល់រដូវផ្លែគុយទុំ បងប្អូនប្រជាកសិករជនជាតិដើមភាគតិច(គួយ) រស់នៅ ខេត្តព្រះវិហារ នាំគ្នាចូលព្រៃបេះផ្លែគុយព្រៃ យកមកលក់នៅទីផ្សារក្រុងព្រះវិហារ ដែលទទួល បានចំណូលបន្ថែមផ្គត់ផ្គង់ក្នុងគ្រួសារ ក្នុងនោះកសិករម្នាក់ៗអាច បេះផ្លែគុយបាន ប្រមាណពី២០ ទៅ២៥គីឡូក្រាមក្នុងមួយថ្ងៃ។ បច្ចុប្បន្នផ្លែគុយតម្លៃលក់ រាយនៅក្នុងផ្សារកំពង់ ប្រណាក ខេត្តព្រះវិហារ មួយគីឡូគ្រាមតម្លៃ៧០០០រៀល រីឯតម្លៃលក់ដុំវិញ មួយគីឡូក្រាមតម្លៃ៥០០០រៀល។​ ក្នុងមួយរដូវកាលនេះ កសិករបេះផ្លែគុយលក់ម្នាក់ៗអាចរក ចំណូលបានចន្លោះពី ១. ២០០ .០០០រៀល ទៅ ១. ៦០០.០០០រៀល៕

ដោយ ទិត ស្រ៊